32.7 C
Phnom Penh

មន្ត្រី​បក្ស​ប្រឆាំង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​រឿង​លោក កឹម សុខា និង​មូលដ្ឋាន​ទ័ព​រាម​ដើម្បី​ស្នើសុំ​បញ្ចុះ​ពន្ធ​ពី​អាមេរិក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះស្រាយ​វិបត្តិ​នយោបាយ​ដែល​កំពុង​ជាប់​គាំង​ជុំវិញ​ការ​ឃុំ​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​ការ​សង្ស័យ​ពី​វត្តមាន​កងទ័ព​ចិន នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម សម្រាប់​ត្រៀម​ចរចា​ស្នើសុំ​ការ​អនុគ្រោះ​បញ្ចុះ​ពន្ធ​ពី​សហរដ្ឋ​អាមេរិក។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ីង សុខសាន្ត បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃទី​៧ ខែ​មេសា ថា ប្រសិនបើ​អាមេរិក​បើក​ភ្លើង​ខៀវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ចរចា​ជុំវិញ​ការ​ដំឡើង​ពន្ធ ៤៩% ដែល​អាមេរិក​បាន​កំណត់​កាលពី​ពេល​ថ្មីៗ​នេះ មិនមែន​ត្រឹមតែ​ជា​ការ​ចរចា​រឿង​ពាណិជ្ជកម្ម​តែ​មួយ​នោះ​ទេ ក្នុង​នោះ​ក៏​ទាក់ទង​នឹង​ការ​លើកឡើង​អំពី​ទំនាក់ទំនង​របស់​កម្ពុជា​ជាមួយ​អាមេរិក រួម​ទាំង​លទ្ធិប្រជាធិបតេយ្យ​ដែល​ជា​គោលការណ៍​សកល​របស់​អាមេរិក​ផង​ដែរ។

លោក ហ៊ីង សុខសាន្ត លើកឡើង​ថា ចំពោះ​ទំនាក់ទំនង​ជាមួយ​កម្ពុជា​ដែល​អាមេរិក​តែង​បារម្ភ​កន្លង​មក​នោះ គឺ​មូលដ្ឋាន​ជើងទឹក​រាម ដែល​ពួកគេ​សង្ស័យ​ពី​ការ​លាក់​កងទ័ព​ជើងទឹក​ចិន​កន្លង​មក ដូច្នេះ​កម្ពុជា​គួរតែ​បើក​ឱ្យ​មន្ត្រី​ជាន់ខ្ពស់​របស់​អាមេរិក​ចូល​ទៅ​ទស្សនកិច្ច និង​ត្រួតពិនិត្យ​មូលដ្ឋាន​ជើងទឹក​របស់​ខ្លួន​ដែល​រង​នូវ​ការ​សង្ស័យ​កន្លង​មក​នោះ ដើម្បី​បញ្ចប់​នូវ​មន្ទិល​របស់​អាមេរិក​ទៅ​ថ្ងៃ​មុខ។

ចំណែក​ករណី​លោក កឹម សុខា ក៏​រដ្ឋាភិបាល​ត្រូវតែ​ដោះស្រាយ​ដែរ ព្រោះ​អាមេរិក​ធ្លាប់​បាន​ប្រាប់​រដ្ឋាភិបាល​កម្ពុជា​ម្តង​រួច​មក​ហើយ​ថា បើ​បញ្ហា​របស់​លោក កឹម សុខា ត្រូវ​បាន​ដោះស្រាយ កម្ពុជា​នឹង​ទទួល​បាន​ផល​ប្រយោជន៍​ពី​អាមេរិក​កាន់តែ​ច្រើន។

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​ព្រមាន​ថា បើ​រដ្ឋាភិបាល​មិន​អាច​រក​ដំណោះស្រាយ​ឱ្យ​អាមេរិក​បញ្ចុះ​ពន្ធ​លើ​មុខទំនិញ​របស់​ខ្លួន​បាន​ទេ កម្ពុជា​នឹង​ប្រឈម​វិបត្តិ​គ្រប់​បែប​យ៉ាង​រហូត​ឈាន​ដល់​វិបត្តិ​សង្គម​ទាំងមូល​តែម្តង។

ក្រោយពី​រង​នូវ​ការ​ជាប់​ពន្ធ​ដ៏​សម្បើម​នេះ លោក ហ៊ុន ម៉ាណែត បាន​អះអាង​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​ថា កម្ពុជា​បាន​ត្រៀម​រៀបចំ​ក្រុម​ការងារ​ជំហាន​២ រួច​ហើយ ដែល​ដឹកនាំ​ដោយ​អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក ស៊ុន ចាន់ថុល និង​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម អ្នកស្រី ចម និម្មល ដើម្បី​ចរចា​ជាមួយ​អាមេរិក​ភ្លាមៗ ប្រសិនបើ​ពួកគេ​បើក​ភ្លើង​ខៀវ។

ជុំវិញ​បញ្ហា​នេះ នាយក​រតនាគារ​ជាតិ​អាមេរិក លោក ស្កត់ បេះសិន (Scott Bessent) បាន​ប្រាប់​សារព័ត៌មាន Fox News នៅ​ថ្ងៃទី​៨ មេសា នេះ​ថា ការ​ចរចា​រឿង​បញ្ចុះ​ពន្ធ អាច​ត្រូវ​ធ្វើ​បណ្ដើរៗ​រហូត​ដល់​ខែ​មិថុនា ក្នុង​នោះ ប្រទេស​ប្រហែល ៧០ បាន​ស្នើសុំ​អាមេរិក​ចរចា​រឿង​ពន្ធគយ​នេះ ខណៈ​ប្រទេស​ជប៉ុន នឹង​ក្លាយ​ជា​ប្រទេស​អាទិភាព​ដំបូង​គេ​បង្អស់។

ចំណែក​ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​ពាណិជ្ជកម្ម​របស់​ប្រធានាធិបតី​អាមេរិក គឺ​លោក Peter Navarro ក៏​បាន​បញ្ជាក់​ជំហរ​របស់​លោក ដូណាល់ ត្រាំ នៅ​ថ្ងៃទី​៨ មេសា នេះ​ដែរ​ថា អាមេរិក​នឹង​មិន​ទម្លាក់​ពន្ធ​ឱ្យ​ប្រទេស​វៀតណាម ទេ ព្រោះ​ប្រទេស​វៀតណាម បាន​លួច​កេងប្រវ័ញ្ច ដោយ​បន្លំ​យក​ផលិតផល​ចិន ដាក់​យីហោ​វៀតណាម នាំ​មក​អាមេរិក៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស