រដ្ឋាភិបាលកម្ពុជា អះអាងថា ក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី កម្ពុជា-អាមេរិក នឹងចូលរួមកិច្ចប្រជុំនៅរដ្ឋធានីវ៉ាស៊ីនតោន សម្រាប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដើម្បីឈានទៅរកការស្នើសុំបញ្ចុះពន្ធគយ ៤៩% របស់អាមេរិកលើកម្ពុជា នៅពាក់កណ្តាលខែឧសភា នេះ។
អង្គភាពអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២ ខែឧសភា នេះថា អនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អ្នកស្រី ចម និម្មល បានជួបប្រជុំជាមួយអនុប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក អ្នកស្រី ហ្សារ៉ា អែលឺមែន (Sarah Ellerman) នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃសុក្រ សប្ដាហ៍នេះ។
ប្រភពដដែលបញ្ជាក់ថា កិច្ចប្រជុំនេះផ្ដោតសំខាន់លើវឌ្ឍនភាពការងារ និងការត្រៀមសម្រាប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទៅវិញទៅមក ឬពាណិជ្ជកម្មបដិការរវាងកម្ពុជា និងអាមេរិក ដែលនឹងប្រព្រឹត្តទៅដោយការផ្សាយផ្ទាល់រយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី១៤ និងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
កាលពីថ្ងៃទី២ ខែមេសា អាមេរិកបានកំណត់ពន្ធគយ ៤៩% (Reciprocal Tariff ៤៩%) លើទំនិញកម្ពុជាដែលនាំចូលទៅទីផ្សាររបស់ខ្លួន បន្ទាប់ពីអាមេរិករងនូវឱនភាពពាណិជ្ជកម្មជាមួយប្រទេសកម្ពុជារហូតដល់ ៩៧% ជាច្រើនឆ្នាំកន្លងមកនោះ។
ក្រោយការកំណត់ពន្ធរបស់អាមេរិកបាន ២ថ្ងៃ លោក ហ៊ុន ម៉ាណែត ក៏បានដាក់លិខិតជូនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សុំការចរចាផងដែរ ក្នុងនោះ រដ្ឋាភិបាលកម្ពុជាក៏បានសម្រេចបញ្ចុះពន្ធគយលើទំនិញអាមេរិកចំនួន ១៩វិស័យថែមទៀត។
មុនដំណើរការចរចានេះ ក្រសួងពាណិជ្ជកម្មកម្ពុជា ក៏បានចេញសេចក្តីជូនដំណឹងស្ដីពីការដាក់ឱ្យអនុវត្តនូវវិធានការសម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាមេរិកផងដែរ ដែលវិធានការនេះ នឹងផ្តើមអនុវត្តចាប់ពីថ្ងៃទី១២ ខែឧសភា ខាងមុខនេះតទៅ។
សេចក្តីជូនដំណឹងដដែលនេះបញ្ជាក់ថា វិធានការនេះមានបំណងបង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ និងជំរុញការអនុវត្តច្បាប់ស្ដីពីវិធានដើមកំណើតទំនិញប្រកបដោយតម្លាភាពសម្រាប់ការនាំចេញទំនិញមួយចំនួនពីកម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។
សភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា លោក ខេស៊ី បាណេត (Casey Barnett) ធ្លាប់ព្រមានកាលពីដើមខែមេសា ថា ប្រសិនបើកម្ពុជាមិនអាចដោះស្រាយបញ្ហាពន្ធ ៤៩% របស់អាមេរិកបានទេ វានឹងបំផ្លាញសេដ្ឋកិច្ចកម្ពុជា ដែលនាំឱ្យបាត់បង់ការងាររាប់សែននាក់ អស្ថិរភាពសង្គម និងលំហូរចេញមូលធនយ៉ាងឆាប់រហ័សផងដែរ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

