អត្ថបទដោយ តាំង សារ៉ាដា
អតីតអ្នកឧកញ៉ា ហេង សិទ្ធី ដែលធ្លាប់វាយប្រហារមន្ត្រីជាន់ខ្ពស់កម្ពុជាពាក់ព័ន្ធនឹងរឿងអំពើពុករលួយ រកស៊ីជាមួយឧក្រិដ្ឋជន បើកល្បែងអនឡាញខុសច្បាប់ និងការជួញដូរមនុស្សតាមអនឡាញនោះ បានអះអាងពីពន្ធនាគារក្នុងប្រទេសរុស្ស៊ី ថា គណបក្សកាន់អំណាចខ្លាចលោកកៀងគរយុវជនទាំងក្នុង និងក្រៅប្រទេស ព្រមទាំងចងសម្ព័ន្ធភាពជាមួយប្រទេសមហាអំណាចធំៗ ដូចជា រុស្ស៊ី ជប៉ុន អាមេរិក និងចិន ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលគ្រួសារផ្ដាច់ការនៅកម្ពុជា។

មេធាវីរបស់អតីតអ្នកឧកញ៉ា ហេង សិទ្ធី អះអាងថា គណបក្សកាន់អំណាចស្នើសុំឲ្យរុស្ស៊ី ចាប់កូនក្ដីរបស់ខ្លួន ដោយសារតែបានដឹងពីផែនការបង្កើតបក្សនយោបាយមួយក្នុងឆ្នាំ២០២៥ ដោយបង្កើតគោលនយោបាយយកគំរូតាមប្រទេសមហាអំណាចធំៗមួយចំនួន ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលគ្រួសារផ្ដាច់ការត្រកូលហ៊ុន។
អ្នកស្រី Daria Rudenko មេធាវីអន្តរជាតិការពារក្តីឱ្យលោក ហេង សិទ្ធី បានប្រាប់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ថា មូលហេតុដែលកូនក្ដីរបស់អ្នកស្រីចង់បង្កើតគណបក្សថ្មីមួយដើម្បីកៀងគរពលរដ្ឋខ្មែរទូទាំងប្រទេសចូលរួមចលនានយោបាយជាមួយលោក ហេង សិទ្ធី ដោយសារតែបច្ចុប្បន្ន បក្សនយោបាយនៅកម្ពុជាគឺមានតែគណបក្សកាន់អំណាចមួយតែប៉ុណ្ណោះ។
មេធាវីដដែលបានអះអាងថា គណបក្សថ្មីដែលលោក ហេង សិទ្ធី គ្រោងបង្កើត នឹងធ្វើឲ្យសេដ្ឋកិច្ចប្រទេសកម្ពុជាខ្លាំង ហើយអាចផ្លាស់ប្ដូរជីវភាពរស់នៅរបស់ពលរដ្ឋ កាត់បន្ថយអំពើពុករលួយ និងលុបបំបាត់បទឧក្រិដ្ឋនានានៅក្នុងប្រទេស។
អ្នកស្រី Daria Rudenko អះអាងថា មូលហេតុដែលធ្វើឲ្យគណបក្សកាន់អំណាចដឹងអំពីផែនការបង្កើតគណបក្សនយោបាយរបស់លោក ហេង សិទ្ធិ ដោយសារពួកគេបានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាតាមចាប់សំឡេង។
អ្នកស្រីមេធាវី Daria Rudenko បានអះអាងថា នៅពេលនេះ ក្រុមមេធាវីកំពុងធ្វើការលើករណីនេះដោយយកចិត្តទុកដាក់បំផុត ហើយក្រុមមេធាវីបានដាក់បណ្តឹងឧទ្ធរណ៍ដែលនឹងត្រូវពិចារណាដោយតុលាការក្នុងទីក្រុង St. Petersburg។ អ្នកស្រីបញ្ជាក់ថា ក្រុមមេធាវីកំពុងខិតខំពុះពារធ្វើយ៉ាងណាទប់ស្កាត់ការបញ្ជូនលោក ហេង សិទ្ធី មកកាន់ប្រទេសកម្ពុជា ដោយសារតែវាជារឿងនយោបាយ។
អ្នកស្រីមេធាវីរូបនេះអះអាងថា សេចក្តីជូនដំណឹងនិវេទក្រហមរបស់ប៉ូលិសអន្តរជាតិ INTERPOL ត្រូវបានប្រើប្រាស់ជាឧបករណ៍ដើម្បីនាំគាត់ត្រឡប់ទៅប្រទេសកម្ពុជាវិញ ខណៈដែលលោក ហេង សិទ្ធី កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដល់អាយុជីវិតដោយសារសកម្មភាពនយោបាយរបស់គាត់ និងការផ្សព្វផ្សាយព័ត៌មានចោទប្រកាន់ទៅលើអាជ្ញាធរកម្ពុជាបច្ចុប្បន្ន ទាក់ទងទៅនឹងការជួញដូរមនុស្ស ការបើកល្បែងអនឡាញ ការបោកប្រាស់តាមអនឡាញ ការលាងលុយកខ្វក់ និងឧក្រិដ្ឋកម្មជាច្រើនទៀត។
អ្នកស្រី Daria Rudenko អះអាងថា ហេតុផលដែលអាចនាំឱ្យកូនក្ដីរបស់ខ្លួនស្នាក់នៅក្នុងប្រទេសរុស្ស៊ី ដោយស្របច្បាប់ ពីព្រោះលោក ហេង សិទ្ធី មិនបានប្រព្រឹត្តបទឧក្រិដ្ឋទាំងឡាយណាលើទឹកដីរុស្ស៊ី ឬលើទឹកដីកម្ពុជានោះទេ។
មាត្រា៣ នៃសន្ធិសញ្ញាគំរូរបស់អង្គការសហប្រជាជាតិស្ដីពីការធ្វើបត្យាប័ន បានចែងថា ការធ្វើបត្យាប័ន ឬការបញ្ជូនខ្លួនត្រឡប់ទៅប្រទេសកំណើតវិញ មិនត្រូវបានអនុញ្ញាត ប្រសិនបើបុគ្គលដែលត្រូវបានស្នើសុំឲ្យធ្វើបត្យាប័នអាចពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្ម ហើយការធ្វើបត្យាប័នអាចនឹងត្រូវបានបដិសេធ ប្រសិនបើរដ្ឋដែលត្រូវបានស្នើសុំ ចាត់ទុកថាបទល្មើសដែលត្រូវស្នើឱ្យមានការធ្វើបត្យាប័ន មានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ ឬយោធា។ រដ្ឋដែលត្រូវបានស្នើឲ្យធ្វើបត្យាប័ន ត្រូវបដិសេធសំណើសុំធ្វើបត្យាប័ន ប្រសិនបើរដ្ឋដែលធ្វើការស្នើសុំមានការកាត់ទោសប្រហារជីវិតចំពោះបទល្មើស។ ម្យ៉ាងទៀត ការធ្វើបត្យាប័នទៅបាន លុះត្រាតែមានការធានាថានឹងមិនមានការអនុវត្តការកាត់ទោសប្រហារជីវិត។ ក្នុងករណីបែបនេះ សេចក្ដីសម្រេចថាមិនធ្វើបត្យាប័ន គឺមានលក្ខណៈស្របច្បាប់។
បត្យាប័ន គឺជានីតិវិធីនៃការបញ្ជូនខ្លួនជនល្មើសច្បាប់ពីរដ្ឋមួយទៅរដ្ឋមួយទៀត ដែលបានធ្វើសំណើសុំដើម្បីយកជនល្មើសនោះទៅធ្វើការចោទប្រកាន់ចំពោះមុខយុត្តាធិការរបស់ខ្លួន ឬយកជនល្មើសនោះទៅអនុវត្តទោសនៅក្នុងប្រទេសរបស់ខ្លួន។ ការធ្វើបត្យាប័ននេះ គឺអាចអនុវត្តទៅបាន លុះត្រាតែប្រទេសស្នើសុំ និងប្រទេសទទួល មានកិច្ចព្រមព្រៀងធ្វើបត្យាប័នរវាងគ្នា និងគ្នា។

កម្ពុជាបានចុះកិច្ចព្រមព្រៀងធ្វើបត្យាប័នជាមួយប្រទេសចំនួន៦ រួចមកហើយ គឺជាមួយ៖
- ប្រទេសថៃ ក្នុងឆ្នាំ១៩៩៩
- ប្រទេសចិន ក្នុងឆ្នាំ២០០០
- ប្រទេសឡាវ ក្នុងឆ្នាំ២០០៥
- កូរ៉េខាងត្បូង ក្នុងឆ្នាំ២០១០
- វៀតណាម ក្នុងឆ្នាំ២០១៤
- និងជាមួយប្រទេសរុស្ស៊ី នៅក្នុងឆ្នាំ២០១៨។
បន្ថែមពីលើកិច្ចព្រមព្រៀងធ្វើបត្យាប័ននេះ កម្ពុជាក៏បានចុះកិច្ចព្រមព្រៀងផ្ទេរទណ្ឌិតជាមួយប្រទេស២ ទៀតដែរ គឺជាមួយ៖
- ប្រទេសឥណ្ឌា នៅក្នុងឆ្នាំ២០០៩
- និងជាមួយប្រទេសវៀតណាម នៅក្នុងឆ្នាំ២០២០។
បើយោងតាមឯកសារជាច្រើនសន្លឹករបស់លោក ហេង សិទ្ធី ដែលផ្ញើចេញពីពន្ធនាគារក្នុងប្រទេសរុស្ស៊ី មកកាន់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី បានសរសេរថា លោកត្រូវបានឃាត់ខ្លួននៅម៉ោង ១៤:៤៥នាទី ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅស្ថានីយរថភ្លើងល្បឿនលឿននៃទីក្រុង “សេនភីតធឺបឺក” ប្រទេសរុស្ស៊ី ក្រោមការស្នើសុំពីស្ថាប័នធំៗចំនួនបួន គឺរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួងការបរទេស រួមទាំងប៉ូលិសអន្តរជាតិ Interpol មួយទៀតផងដែរ។

លោកអះអាងថា ការស្នើសុំនេះធ្វើឡើងក្រោមការចោទប្រកាន់មកលើរូបលោកពីបទគំរាមទារប្រាក់ ២លានដុល្លារអាមេរិកពីជនជាតិសិង្ហបុរី ឬភាសាអង់គ្លេសហៅថា “Blackmail” ហើយក្រសួងមហាផ្ទៃ បានដាក់បញ្ចូលនៅក្នុងនិវេទក្រហមរបស់អាំងទែប៉ូល ថាទោសរបស់លោកនឹងអាចជាប់ពន្ធនាគារអស់មួយជីវិត។
លោក ហេង សិទ្ធី បានធ្វើការច្រានចោលការចោទប្រកាន់ដែលមានល្បិច និងចេតនានយោបាយរបស់ក្រុមគ្រួសារត្រកូលហ៊ុនទាំងអយុត្តិធម៌ ពីព្រោះលោកមិនដែលបានជំរិតទារប្រាក់បុគ្គលណាម្នាក់ឡើយ លើកលែងតែធ្វើការទាមទារលុយដែលគេជំពាក់ និងលុយដែលគេបានជំរិតយកពីលោកតែប៉ុណ្ណោះ។
លោក ហេង សិទ្ធី អះអាងថា ការទទូចស្នើសុំឱ្យរុស្ស៊ី ចាប់ខ្លួនលោកជាលក្ខណៈទ្រង់ទ្រាយធំបែបនេះ ដោយសារគណបក្សកាន់អំណាចបានដឹងពីផែនការរបស់លោកក្នុងការបង្កើតបក្សនយោបាយមួយក្នុងឆ្នាំ២០២៥ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលគ្រួសារផ្ដាច់ការនិយម ការពារឧក្រិដ្ឋជន និងធ្វើបាបពលរដ្ឋខ្លួនឯង។
លោកបន្តថា ពួកគេបានឆ្លៀតឱកាសស្នើសុំឲ្យចាប់ខ្លួនលោកក្នុងពេលដែលលោកកំពុងធ្វើទស្សនកិច្ចក្នុងន័យទំនាក់ទំនងការទូតជាមួយបណ្តាប្រទេសមហាអំណាចនានា ដូចជាអាមេរិក ចិន រុស្ស៊ី ជប៉ុន ជាដើម។
ប្រភពដដែលអះអាងថា មូលហេតុដែលលោកធ្វើដំណើរទៅប្រទេសរុស្ស៊ី ដោយសារលោកស្រឡាញ់គោលនយោបាយដឹកនាំរបស់លោក វ្ល៉ាឌីមៀ ពូទីន ដែលជាប្រធានាធិបតីប្រឆាំងនឹងការឈ្លានពានរបស់ប្រទេសលីប៊ី ក្នុងឆ្នាំ២០១១។ លោកបន្តថា លោក វ្ល៉ាឌីមៀ ពូទីន ក៏បានប្រឆាំងនឹងការឈ្លានពានប្រទេសស៊ីរី និងអ៊ីរ៉ង់ ផងដែរ។
លោក ហេង សិទ្ធី អះអាងថា ដោយសារតែការដឹកនាំរបស់គាត់ធ្វើឲ្យពលរដ្ឋរុស្ស៊ី ពេញចិត្ត នៅខែកក្កដា ឆ្នាំ២០២០ ពលរដ្ឋរុស្ស៊ី បានបោះឆ្នោតប្រជាមតិដែលអនុញ្ញាតឱ្យលោក ពូទីន បន្តកាន់តំណែងជាប្រធានាធិបតីរហូតដល់ឆ្នាំ២០៣៦ ហើយលោក ពូទីន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ក៏បានប្រកាសថា រុស្ស៊ីនឹងឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។
លោកអះអាងថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ លោក ហ៊ុន សែន បានបោះឆ្នោតគាំទ្រលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិសម្រាប់ការលើកកម្ពស់យុត្តិធម៌ និងសេរីភាពយូរអង្វែងនៅប្រទេសអ៊ុយក្រែន ដោយថ្កោលទោស និងទាមទាររុស្ស៊ី ដកទ័ពចេញពីទឹកដីអ៊ុយក្រែន ផងដែរ។
លោក ហេង សិទ្ធី សរសេរថា ផ្ទុយពីលោក ពូទីន សម័យឬរបបរបស់លោក ហ៊ុន សែន ស្រឡាញ់តែអ្នកប្រាជ្ញ ឬអ្នកចេះដឹងធ្វើល្ងង់ ឬមនុស្សល្ងង់ធ្វើជាអ្នកប្រាជ្ញ បង្ហាញនូវភក្ដីភាពឥតព្រំដែនក្លែងក្លាយមួយ ធ្វើឱ្យអ្នកមានចំណេះដឹងមានឆន្ទៈស្រឡាញ់ជាតិមាតុភូមិជាតិនិយម ត្រូវខ្ទាតចេញពីប្រទេស។
លោកថា ប្រសិនបើរដ្ឋាភិបាលកម្ពុជាទាមទារសេរីភាព ឬទាមទារទឹកដីដូចទាមទារឲ្យចាប់ខ្លួនលោក មិនដឹងជាប្រទេសកម្ពុជាល្អយ៉ាងណានោះទេ។ លោកថា ពេលនេះលោកកំពុងជាប់គុកនៅប្រទេសរុស្ស៊ី ដែលរដ្ឋាភិបាលរុស្ស៊ី កំពុងការពារ និងធ្វើការស៊ើបអង្កេត។ លោកសូមថ្លែងអំណរគុណដល់បងប្អូនពលរដ្ឋទាំងអស់ និងគ្រប់គណបក្សនយោបាយជាអនេក ដែលបានបន់ស្រន់សុំសេចក្តីសុខដល់រូបលោក គឺលោកសប្បាយចិត្តគ្រប់គ្រាន់ហើយ។
លោក ហេង សិទ្ធី ក៏បានអំពាវនាវឲ្យយុវជនអាយុចាប់ពី ១៥ឆ្នាំ ងើបឡើងទាំងអស់គ្នាជាមួយលោក ដើម្បីជំរុញឲ្យមានការផ្លាស់ប្ដូររបបដឹកនាំដែលកំពុងតែធ្វើដំណើរឆ្ពោះទៅរកគ្រោះថ្នាក់បំផុតក្នុងរយៈពេលដ៏ខ្លីខាងមុខ។ លោកថា ដូច្នេះត្រូវតែបង្កើតចលនារួមមួយដែលមានឈ្មោះថា «ចលនា ១៨លាន» ដើម្បីបង្វែរទិសដៅនៃការដឹកនាំ និងរបបនយោបាយនាពេលបច្ចុប្បន្ន ឲ្យក្លាយទៅជារបបនយោបាយប្រជាធិបតេយ្យបែបសង្គមនិយម។
លោកថា បើមិនធ្វើនៅពេលនេះ តើចាំពេលណាទៀត? ដូច្នេះ ពលរដ្ឋទាំងឡាយត្រូវតែចាប់ផ្តើមសាជាថ្មីដោយសាមគ្គីរួបរួមគ្នាដើម្បីស្ដារឡើងវិញនូវសេដ្ឋកិច្ចនយោបាយរបស់ប្រទេស។ លោកបន្តថា លោកចង់ឲ្យមានការរួបរួមគ្នាបង្កើតរដ្ឋាភិបាលថ្មីមួយដែលមានសមត្ថភាពដឹកនាំប្រទេស ដើម្បីធ្វើឲ្យជីវភាពរបស់ប្រជាជនមានភាពប្រសើរឡើង។
លោក ហេង សិទ្ធី អះអាងថា ដរាបណាលោកនៅមានដង្ហើម លោកនឹងប្ដេជ្ញាលះបង់ដើម្បីបុព្វហេតុជាតិ និងប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរប្រចាំប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា និយាយថា នៅកម្ពុជា សែស្រឡាយមេដឹកនាំអាចបញ្ជាប្រព័ន្ធតុលាការតាមអំពើចិត្តរបស់ពួកគេ ជាហេតុធ្វើឱ្យពាក្យបណ្ដឹងរបស់លោក ហេង សិទ្ធី ដាក់ទៅកាន់ស្ថាប័នពាក់ព័ន្ធ គ្មានការស៊ើបអង្កេតទេ ហើយថាការដឹកនាំបែបនេះកំពុងផ្ដល់មហន្តរាយដល់ប្រទេសកម្ពុជា។

លោកថា រដ្ឋាភិបាល ឬស្ថាប័នពាក់ព័ន្ធគប្បីយកចិត្តទុកដាក់នូវព័ត៌មានទាំងអស់ដែលទទួលបាន ដើម្បីធ្វើការស៊ើបអង្កេតវែកមុខអ្នកដែលពាក់ព័ន្ធទៅនឹងបទឧក្រិដ្ឋទាំងអស់ យកមកផ្ដន្ទាទោស មិនមែនមកចាប់ខ្លួនអ្នករាយការណ៍ពីបទល្មើសនោះទេ។
ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៤ មក អតីតអ្នកឧកញ៉ា ហេង សិទ្ធី បានប្រើប្រាស់ហ្វេសប៊ុកផ្ទាល់ខ្លួនលាតត្រដាងពីការរួមដៃគ្នារវាងមន្ត្រីរដ្ឋាភិបាលជាមួយឧក្រិដ្ឋជន បើកល្បែងអនឡាញខុសច្បាប់ ការជួញដូរមនុស្ស ការបោកប្រាស់តាមអនឡាញ និងការលាងលុយកខ្វក់។ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលដែលពាក់ព័ន្ធនឹងបទឧក្រិដ្ឋទាំងនោះមានដូចជា លោក គួច ចំរើន លោក កើត រិទ្ធ និងឧកញ៉ា ហ៊ុន តូ ដែលជាបងប្អូនជីដូនមួយរបស់លោក ហ៊ុន ម៉ាណែត គឺជាជនឧក្រិដ្ឋឆបោក ការចាប់ជំរិត និងជាមេខ្លោងគ្រឿងញៀន ដែលមានការគាំទ្រពីមន្ត្រីរដ្ឋាភិបាល រួមទាំងប៉ូលិសអន្តោប្រវេសន៍ ជាដើម។

កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ បានប្រកាសស្ដីពីការប្រកាសមោឃភាពលិខិតឆ្លងដែនរបស់អតីតឧកញ៉ា ហេង សិទ្ធី បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនអតីតឧកញ៉ារូបនេះកាលពីដើមខែធ្នូ ឆ្នាំ២០២៤ ពីបទគំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស។
លោក ហេង សិទ្ធី ធ្លាប់បរិច្ចាគលុយជាច្រើនដល់រដ្ឋាភិបាលលោក ហ៊ុន សែន និងកាកបាទក្រហមកម្ពុជារបស់អ្នកស្រី ប៊ុន រ៉ានី។ លោកត្រូវបានព្រះមហាក្សត្រដកគោរមងារអ្នកឧកញ៉ាកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ តាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បន្ទាប់ពីជនជាតិសិង្ហបុរីម្នាក់ឈ្មោះ Phua Gek Seng បានដាក់ពាក្យប្ដឹងទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយចោទប្រកាន់អ្នកឧកញ៉ា ហេង សិទ្ធី អំពីបទបរិហារកេរ្តិ៍ និងគំរាមកំហែងទារប្រាក់ចំនួន ២លានដុល្លារ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

