30.5 C
Phnom Penh

លោក ត្រាំ ថា​លោក ពូទីន កំពុង​ឆ្កួត​ចង់​លេប​យក​អ៊ុយក្រែន ហើយ​ព្រមាន​ថា រុស្ស៊ី​អាច​នឹង​ដួល​រលំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ វាយប្រហារ​រិះគន់​មេដឹកនាំ​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែល​ជា​ការ​ប្រមាថ។ លោក ត្រាំ មើល​ឃើញ​លោក ពូទីន បាន​បាត់បង់​ស្មារតី​ទាំងស្រុង គឺ​កំពុងតែ​ឆ្កួត​ព្រោះតែ​ចង់​លេប​យក​ប្រទេស​អ៊ុយក្រែន តែ​ជាមួយ​គ្នា​នេះ បាន​ព្រមាន​ថា ប្រសិនបើ​លោក ពូទីន ព្យាយាម​ដណ្តើម​កាន់កាប់​អ៊ុយក្រែន ទាំងអស់ វា​នឹង​នាំ​ទៅ​ដល់​ការ​ដួល​រលំ​នៃ​ប្រទេស​រុស្ស៊ី។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ដែល​ស្រង់​ទស្សនៈ​លោក ត្រាំ ដូចនេះ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម Truth Social។

លោក ត្រាំ បាន​កត់សម្គាល់​ថា គាត់​តែងតែ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​លោក ពូទីន ប៉ុន្តែ​មេដឹកនាំ​រុស្ស៊ី រូប​នេះ កំពុង​ផ្លាស់ប្ដូរ​ជំហរ​ដែល​មើល​ទៅ​លោក ពូទីន ពិត​ជា​ឆ្កួត​ហើយ ព្រោះ​កំពុង​សម្លាប់​មនុស្ស​ជាច្រើន​ពាន់​ម៉ឺន​នាក់​ដោយ​វាយប្រហារ​ទៅ​លើ​ទីក្រុង​នានា​ក្នុង​ប្រទេស​អ៊ុយក្រែន។

ទោះជា​យ៉ាងណាក៏ដោយ លោក ត្រាំ មិន​ភ្លេច​និយាយ​ពី​ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី នោះ​ទេ។ លោក ត្រាំ ក៏​ចោទ​ថា វោហារសាស្ត្រ​របស់​លោក ហ្សេឡេនស្គី នៅតែ​ធ្វើ​ឱ្យ​ស្ថានការណ៍​ស្មុគស្មាញ​តែប៉ុណ្ណោះ។ លោក ត្រាំ បាន​សង្កត់​ធ្ងន់​ថា៖ «អ្វី​គ្រប់​យ៉ាង​ចេញពី​មាត់​លោក ហ្សេឡេនស្គី ក៏​ជា​អ្នក​បង្ក​បញ្ហា​ច្រើន​ដែរ។»

លោក ត្រាំ ប្រាប់​អ្នក​សារព័ត៌មាន​ថា លោក​មាន​ការ​មិន​ពេញចិត្ត​ជា​ខ្លាំង​ចំពោះ​សកម្មភាព​របស់​លោក ពូទីន ដែល​ធ្វើ​ឱ្យ​លោក​មិន​យល់​ពី​ហេតុផល​នៃ​សកម្មភាព​របស់​មេដឹកនាំ​រុស្ស៊ី នា​ពេលនេះ​ទេ។

ប្រតិកម្ម​របស់​លោក ត្រាំ ក៏​ចំ​ពេល​កងទ័ព​អាកាស​អ៊ុយក្រែន បាន​រាយការណ៍​ថា រុស្ស៊ី​បាន​ធ្វើការ​វាយប្រហារ​ទៅ​លើ​អ៊ុយក្រែន នៅ​យប់​ថ្ងៃទី​២៤-២៥ ឧសភា ដោយ​ប្រើប្រាស់​អាវុធ​វាយប្រហារ​តាម​អាកាស​ចំនួន ៣៦៧​គ្រឿង​ដោយ​យន្តហោះ​ដ្រូន និង​បាញ់​មីស៊ីល​បាលិស្ទិក​ដល់​ទៅ ១៤​គ្រាប់ ភាគច្រើន​វាយប្រហារ​ចូល​ក្រុង​គៀវ បណ្ដាល​ឱ្យ​អគារ​លំនៅឋាន​ជាង ៨០​ខ្នង​បាន​រង​ការ​ខូចខាត មនុស្ស ១២​នាក់​បាន​ស្លាប់ និង​ជាង ៦០​នាក់​ផ្សេង​ទៀត​រង​របួស។

ជាមួយ​គ្នា​នេះ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​ប្រទេស​អ៊ុយក្រែន Katarína Mathernová និយាយ​ថា រុស្ស៊ី កំពុង​ចំអក​ដាក់​ពិភពលោក និង​ផែនការ​សន្តិភាព​របស់​លោក ត្រាំ ដែល​កំពុងតែ​បរាជ័យ។

ចំពោះ​រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់ Johann Wadephul បាន​អំពាវនាវ​ឱ្យ​លោក​ខាងលិច​ឆ្លើយតប​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​រលក​ថ្មី​នៃ​ការ​វាយប្រហារ​ពី​រុស្ស៊ី ប្រឆាំង​នឹង​អ៊ុយក្រែន។

ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី បាន​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​ថា ព្រោះតែ​គ្មាន​សម្ពាធ​រឹងមាំ​ពិតប្រាកដ​លើ​រុស្ស៊ី គឺ​អំពើ​សាហាវ​ឃោរឃៅ​របស់​រុស្ស៊ី មិន​អាច​ត្រូវ​បាន​បញ្ឈប់​ឡើយ។

តែ​យ៉ាងណា គេ​ថា​រុស្ស៊ី សម្រុក​វាយប្រហារ​មក​លើ​អ៊ុយក្រែន ខណៈ​ការ​ដោះដូរ​ឈ្លើយសឹក​ទៅវិញ​ទៅមក​កំពុង​ដំណើរការ​រវាង​ភាគី​ទាំង​ពីរ​ចំនួន ១០០០​នាក់។

ការ​យល់ព្រម​ដោះដូរ​គ្នា ដែល​ជា​លទ្ធផល​កើត​ចេញពី​ការ​ចរចា​គ្នា​នៅ​ទីក្រុង​អ៊ីស្តាន់ប៊ុល រវាង​ក្រុម​ចរចា​អ៊ុយក្រែន និង​រុស្ស៊ី កាលពី​ថ្ងៃទី​១៦ ឧសភា។ ដំណាក់កាល​ទី​១ នៃ​ការ​ដោះដូរ​នេះ បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​សុក្រ ទី​២៣ ឧសភា។ ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាន​ច្រានចោល​ម្តង​ហើយ​ម្តង​ទៀត​ចំពោះ​ការ​អំពាវនាវ​ពី​ទីក្រុង​គៀវ និង​ក្រុម​លោក​ខាងលិច ដែល​ចង់​ឱ្យ​មាន​បទ​ឈប់​បាញ់​រយៈពេល​យូរ​ភ្លាមៗ​ដោយ​ឥត​លក្ខខណ្ឌ ដើម្បី​បើក​ផ្លូវ​ឆ្ពោះ​ទៅ​រក​ការ​ចរចា​គ្នា​បិទ​បញ្ចប់​សង្គ្រាម។

សព្វថ្ងៃ រុស្ស៊ី​កំពុង​គ្រប់គ្រង​ប្រហែល ២០​ភាគរយ​នៃ​ទឹកដី​របស់​អ៊ុយក្រែន ដោយ​រាប់​បញ្ចូល​ទាំង​ឧបទ្វីប​គ្រីមៀរ ដែល​រុស្ស៊ី ក្រសោប​យក​តាំងតែ​ពី​ឆ្នាំ​២០១៤។ សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី ដែល​ផ្ទុះ​ឡើង​ចាប់តាំងពី​ខែ​កុម្ភៈ ឆ្នាំ​២០២២ បាន​សម្លាប់​មនុស្ស​រាប់​សិប​ម៉ឺន​នាក់ បង្ខំ​មនុស្ស​រាប់​លាន​នាក់​ផ្សេង​ទៀត​ព្រាត់ប្រាស​ពី​ផ្ទះសម្បែង ហើយ​បង្ក​ការ​បំផ្លិចបំផ្លាញ​ហិនហោច ជាពិសេស​នៅ​តំបន់​ភាគ​ខាងត្បូង និង​ខាងកើត​ប្រទេស​អ៊ុយក្រែន។

ទីក្រុង​មូស្គូ អះអាង​ថា ខ្លួន​ត្រៀម​ខ្លួន​សម្រាប់​កិច្ចចរចា​សន្តិភាព ប៉ុន្តែ​ទាមទារ​ឲ្យ​អ៊ុយក្រែន ប្រគល់​ទឹកដី​បន្ថែម​ទៀត ព្រមទាំង​ត្រូវ​រំសាយ​អាវុធ និង​មិន​ចូលរួម​សម្ព័ន្ធភាព​យោធា​លោក​ខាងលិច ដែល​ទីក្រុង​គៀវ ចាត់ទុក​ថា​ស្មើ​នឹង​ការ​ចុះចាញ់។ ជា​ការ​កត់សម្គាល់ ការ​វាយប្រហារ​របស់​លោក ត្រាំ ពេលនេះ លោក ត្រាំ ប្រមាថ​រុស្ស៊ី ថា​អាច​នឹង​ដួល​រលំ។ ទំនង​លោក ត្រាំ ចង់​និយាយ​ថា វា​អាច​ដួល​រលំ​ដូច​សហភាព​សូវៀត។

គេ​រក​ឃើញ​កត្តា​យ៉ាងតិច​មាន​កត្តា ៦​យ៉ាង​ដែល​សហភាព​សូវៀត ដួល​រលំ គឺ​កត្តា​នយោបាយ កត្តា​សេដ្ឋកិច្ច កត្តា​យោធា​សព្វាវុធ​ការពារ​ជាតិ ករណី​ប្រទេស​អាហ្វហ្គានីស្ថាន កត្តា​សង្គម និង​កត្តា​អាវុធ​នុយក្លេអ៊ែរ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស