25.9 C
Phnom Penh

កម្ពុជា​ផ្ញើ​កំណត់​ទូត​ទៅ​ថៃ ទាមទារ​ឱ្យ​ទទួល​ខុសត្រូវ​លើ​ការ​ស្លាប់​យោធា​ខ្មែរ​ម្នាក់​នៅ​តំបន់​មុំ​បី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ការបរទេស​កម្ពុជា បាន​ផ្ញើ​កំណត់​ទូត​មួយ​ច្បាប់​ទៅ​ប្រទេស​ថៃ ដោយ​ទាមទារ​ឱ្យ​មាន​ការ​ស៊ើបអង្កេត​ជាបន្ទាន់ និង​ត្រូវ​វែក​មុខ​អ្នក​ទទួល​ខុសត្រូវ​មក​ទទួល​ទោស​តាម​ច្បាប់ ពាក់ព័ន្ធ​នឹង​ការ​រំលោភ​បំពាន​ដោយ​អាវុធ​ពី​សំណាក់​យោធា​ថៃ នៅ​តំបន់​មុំ​បី ខេត្ត​ព្រះវិហារ ដែល​បណ្តាល​ឱ្យ​ទាហាន​ខ្មែរ​ម្នាក់​ស្លាប់។

យោង​តាម​កំណត់​ទូត​ចុះ​ថ្ងៃទី​២៩ ឧសភា ដែល​ទើប​ត្រូវ​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ចន្ទ ទី​០២ ខែ​មិថុនា នេះ បាន​អះអាង​ថា ការ​បាញ់​ប្រហារ​ដោយ​ខុស​ច្បាប់​លើ​លេណដ្ឋាន​មួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ​តេជោមរកត ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ កាលពី​ថ្ងៃទី​២៨ ខែ​ឧសភា គឺជា​ការ​រំលោភ​បំពាន​របស់​ថៃ ទាំងស្រុង។

កំណត់​ទូត​ដដែល​នេះ​បាន​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​បញ្ជាក់​ជា​ថ្មី​ថា កងទ័ព​ព្រំដែន​កម្ពុជា​បាន​ឈរជើង​ជាបន្តបន្ទាប់ និង​ដោយ​សន្តិវិធី​នៅ​ទីតាំង​កើតហេតុ​ជា​យូរយារ​ណាស់​មក​ហើយ គឺ​តាំងពី​មុន​ពេល​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្ដីពី​ការ​វាស់វែង និង​ការ​បោះ​បង្គោល​ព្រំដែន​គោក​រវាង​រដ្ឋាភិបាល​កម្ពុជា និង​ថៃ ក្នុង​ឆ្នាំ​២០០០ មក​ម្ល៉េះ។

ក្រសួង​ការបរទេស​បញ្ជាក់​ថា ទង្វើ​របស់​ថៃ ជា​ការ​រំលោភ​លើ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​កម្ពុជា ដែល​ផ្ទុយ​ពី​ស្មារតី​នៃ​មិត្តភាព និង​ភាព​ជា​អ្នក​ជិតខាង​ល្អ​នៅ​ក្នុង​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ឆ្នាំ​២០០០។ ការ​ប្រើប្រាស់​កម្លាំង​ប្រដាប់​អាវុធ​នៅ​ព្រំដែន​កម្ពុជា-ថៃ កាលពី​ថ្ងៃទី​២៨ ខែ​ឧសភា ដែល​បណ្តាល​ឱ្យ​មាន​ការ​សម្លាប់​ទាហាន​ខ្មែរ​ដោយ​អយុត្តិធម៌ ចាំបាច់​ត្រូវតែ​មាន​ការ​ស៊ើបអង្កេត​ជាបន្ទាន់ និង​ម៉ត់ចត់ ហើយ​បុគ្គល​ដែល​ទទួល​ខុសត្រូវ​ចំពោះ​អំពើ​ដ៏​សាហាវ និង​ខុស​ច្បាប់​នេះ ត្រូវតែ​នាំ​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់។

នៅ​ថ្ងៃទី​០២ ខែ​មិថុនា នេះ លោក ហ៊ុន ម៉ាណែត អះអាង​ថា កម្ពុជា​នឹង​ប្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ លើ​បញ្ហា​ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាមាន់តូច ប្រាសាទ​តាក្របី និង​តំបន់​មុំ​បី បើ​ទោះបី​ថៃ មិន​ឯកភាព​ជាមួយ​កម្ពុជា​ក៏ដោយ។

លោក ហ៊ុន ម៉ាណែត អះអាង​ថា ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​ពន្លត់ និង​បញ្ចប់​បញ្ហា​ព្រំដែន​ជាមួយ​ថៃ និង​ដើម្បី​កុំ​ឱ្យ​មាន​បញ្ហា​ស្រពិចស្រពិល ជាពិសេស​ការ​ធ្លាក់​ចូល​ទៅ​ក្នុង​ការ​បំផុស​រុញច្រាន​ដោយ​ក្រុម​ជ្រុល​និយម​នៅ​ក្នុង​ប្រទេស​ថៃ និង​កម្ពុជា។

ការ​ផ្ទុះ​អាវុធ​នៅ​តំបន់​ចុងបូក រវាង​ទាហាន​ខ្មែរ និង​ថៃ នៅ​ពេលនេះ បាន​កើត​មាន​ឡើង​ក្រោយពី​ជំនួប​នៅ​ទីក្រុង​បាងកក រវាង​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា លោក ទៀ សីហា និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ លោក ភូមិថាំ វិឆាយ៉ាឆៃ កាលពី​ថ្ងៃទី​១ ខែ​ឧសភា។ បច្ចុប្បន្ន​នេះ នៅ​តាម​ព្រំដែន​ខ្មែរ-ថៃ មាន​តំបន់​ក្ដៅ​ដែល​យោធា​ខ្មែរ និង​ថៃ អាច​ប្រឈម​នឹង​ការ​ប៉ះទង្គិច​គ្នា​ចំនួន ៣​កន្លែង គឺ​ទី​១ តំបន់​ចុងបូក ដែល​ទើប​ប៉ះទង្គិច​គ្នា ទី​២ តំបន់​ប្រាសាទ​តាមាន់ធំ និង​ទី​៣ គឺ​តំបន់​ចុងអាន់ម៉ា។

ទោះ​យ៉ាងណា​ក៏ដោយ ក្រសួង​ការបរទេស​កម្ពុជា បាន​បញ្ជាក់​ពី​ជំហរ​ម៉ឺងម៉ាត់​ក្នុង​ការ​រក្សា​ការ​អត់ធ្មត់​ខ្ពស់​បំផុត ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ទាំងអស់​ជាមួយ​ថៃ តាមរយៈ​មធ្យោបាយ​សន្តិភាព និង​ការទូត ក្នុង​យន្តការ​ដែល​មាន​ស្រាប់ ដូចជា គណៈកម្មាធិការ​ចម្រុះ​ស្ដីពី​ការ​បោះ​បង្គោល​ព្រំដែន​គោក (JBC) និង​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) ដើម្បី​កសាង​ព្រំដែន​សន្តិភាព កិច្ច​សហប្រតិបត្តិការ និង​មិត្តភាព​ជាមួយ​ថៃ និង​ប្រទេស​ជិតខាង៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស