វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ចេញលទ្ធផលពីការស្ទង់មតិលើពលរដ្ឋកម្ពុជាសរុប ១៥៨៨នាក់ ជុំវិញការយល់ឃើញរបស់ពួកគេពាក់ព័ន្ធនឹងជម្លោះតំបន់ព្រំដែនកម្ពុជា-ថៃ បានរកឃើញថាមានពលរដ្ឋ ៩៥% គាំទ្រចំណាត់ការរបស់រដ្ឋាភិបាល និងបុព្វហេតុការពារជាតិរបស់កងទ័ព។
យោងតាមសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយនៅថ្ងៃទី១៨ ខែមិថុនា បានឲ្យដឹងថា AVI បានរៀបចំការស្ទាបស្ទង់មតិលើជម្លោះតំបន់ព្រំដែនកម្ពុជា-ថៃ ដើម្បីស្វែងយល់អំពីមតិសាធារណៈ និងការយល់ឃើញរបស់ប្រជាជនកម្ពុជា ជាពិសេសចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះតំបន់ព្រំដែនជាមួយភាគីថៃ។
ប្រភពដដែលបានអះអាងថា AVI បានប្រមូលទិន្នន័យបឋមតាមរយៈប្រព័ន្ធអនឡាញ និងសម្ភាសដោយផ្ទាល់ជាមួយប្រជាជនចំនួន ១៥៨៨នាក់ ដែលមានយុវជនវ័យកណ្តាល និងវ័យចំណាស់មកពីមជ្ឈដ្ឋានផ្សេងៗគ្នា ជាលទ្ធផល AVI រកឃើញពលរដ្ឋកម្ពុជា ១៥៨៨នាក់ដែលចូលរួមស្ទង់មតិ មាន ៩៣% ពេញចិត្តចំពោះចំណាត់ការទូទៅរបស់រដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ។
ប្រភពខាងលើអះអាងថា ៩៩ភាគរយ គាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែននៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី តាមយន្តការតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
AVI អះអាងថា ប្រជាជនកម្ពុជា ៩៥,៥% គាំទ្របុព្វហេតុការពារជាតិរបស់កងយោធពលខេមរភូមិន្ទ ដើម្បីត្រៀមទប់ស្កាត់ និងឆ្លើយតបចំពោះការឈ្លានពានរបស់យោធាថៃ។ ប្រជាជន ២៩% បានផ្តល់តម្លៃលើការចរចាទ្វេភាគី ដរាបណាមានការតភ្ជាប់ជាមួយតុលាការ ICJ ហើយប្រជាជនកម្ពុជាតិចតួចត្រឹម ១,១% ប៉ុណ្ណោះ មានជំនឿលើការប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់តែមួយមុខ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

