26.6 C
Phnom Penh

ជម្លោះ​ព្រំដែន​ខ្មែរ-ថៃ៖ វិទ្យាស្ថាន​ស្រាវជ្រាវ​មួយ​នៅ​សហរដ្ឋ​អាមេរិក​ព្យាករ​អំពី​អនាគត​ផលវិបាក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខណៈ​ពលរដ្ឋ​ខ្មែរ និង​ពលរដ្ឋ​ថៃ បង្ហាញ​ស្មារតី​ស្នេហា​ជាតិ ជាតិ​និយម​ក្នុង​វិវាទ​ដែនដី​តាម​ព្រំប្រទល់​ដែន​នៃ​រាជាណាចក្រ​ទាំង​ពីរ​ដោយ​ក្តី​ក្តៅ​ក្រហាយ សម្ដែង​ការ​ប្ដេជ្ញា​ការពារ​ទឹកដី​រៀងៗ​ខ្លួន​ក្នុង​សប្តាហ៍​ដើម​ខែ​មិថុនា ឆ្នាំ​២០២៥ នេះ វិទ្យាស្ថាន​ឈ្មោះ Robert Lansing Institute ដែល​មាន​ទីចាត់ការ​ធំ​នៅ​សហរដ្ឋ​អាមេរិក​ប៉ែក​ខាងកើត និង​មាន​សាខា​នៅ​ប្រទេស​បារាំង បាន​ផ្សាយ​សេចក្តី​រាយការណ៍​សិក្សា​ស្រាវជ្រាវ​មួយ ព្យាករ​អំពី​ផលវិបាក​ផ្សេងៗ​ដែល​អាច​នឹង​រីក​រាលដាល​ប៉ះពាល់​ដល់​វិស័យ​នានា ដែល​គេ​ពិនិត្យ​មើល​មូលហេតុ​នៃ​ជម្លោះ សេណារីយ៉ូ ផលវិបាក ប្រយោជន៍​បរទេស។

  1. ជម្លោះ​ប្រវត្តិសាស្ត្រ សេចក្តី​ស្រាវជ្រាវ​និយាយ​ថា បង្ក​ឡើង​ដោយ​អ្នក​ដឹកនាំ​ព្យាយាម​ប្រើ​ភាសា​មនសិការ​ជាតិ​ទាំង​សងខាង ហាក់បីដូចជា​បំផុស​កំហឹង​ពលរដ្ឋ បន្ទាប់ពី​តុលាការ​យុត្តិធម៌​អន្តរជាតិ​កាត់​សេចក្តី​ឲ្យ​ភាគី​ខ្មែរ​ឈ្នះ​រឿងក្ដី​ប្រាសាទ ប៉ុន្តែ​ភាគី​ថៃ មិន​យល់ព្រម។
  2. ការ​ពង្រាយ​កម្លាំង​យោធា​តាម​ជាយដែន និង​សកម្មភាព​ខុស​ច្បាប់​តាម​ព្រំដែន ដូចជា​ការ​រត់ពន្ធ ការ​កាប់​ឈើ និង​ការ​រត់ពន្ធ​មនុស្ស​ឆ្លងដែន។ យោធា​ថៃ ថា​គេ​តាម​បង្ក្រាប​សកម្មភាព​ខុស​ច្បាប់ ប៉ុន្តែ​ខាង​ខ្មែរ​មើល​ឃើញ​ថា សកម្មភាព​យោធា​ថៃ បំពាន​អធិបតេយ្យ​ជាតិ​ប្រទេស​កម្ពុជា។
  3. ការ​ផ្លាស់ប្ដូរ​នយោបាយ និង​អស្ថិរភាព​ផ្ទៃក្នុង ពីព្រោះ​ប្រទេស​ថៃឡង់ដ៍ ស្ថិត​ក្រោម​ឥទ្ធិពល​យោធា ទន្ទឹម​នឹង​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពង្រឹង​អំណាច បន្ទាប់ពី​ស្នង​តំណែង​ពី​ឪពុក។ ទាំង​សងខាង​ផ្ដោត​លើ​គោលការណ៍​សន្តិសុខ​ជាតិ ហើយ​ថាមភាព​នេះ​ធ្វើ​ឲ្យ​ដំណោះស្រាយ​តាម​ផ្លូវ​ទូត​ស្រួចស្រាល់ និង​ប្រតិកិរិយា។
  4. បញ្ហា​ជាតិ​សាសន៍ និង​ការងារ ឬ​ពលកម្ម​នៅ​ប្រទេស​ថៃ មាន​ការ​ប្រកាន់​ពូជសាសន៍ មើលងាយ រើសអើង​លើ​ពលករ​ខ្មែរ ជាពិសេស​តាម​ខេត្ត​ជាប់​ព្រំដែន។ អាជ្ញាធរ​ខ្មែរ​មើល​ឃើញ​សកម្មភាព​ក្នុង​ប្រទេស​ថៃ ថា​ជា​ការ​អុជ​កំហឹង រីឯ​អាជ្ញាធរ​ថៃ គេ​ថា​គេ​បង្ក្រាប​ជន​ដែល​រំលោភ​បំពាន​ច្បាប់​ការងារ។

បើ​សិន​ជា​ជម្លោះ​នៅតែ​បន្ត ហើយ​ឈាន​ទៅ​ដល់​ការ​ធ្វើ​សង្គ្រាម​ជាមួយ​គ្នា អ្នកវិភាគ​មើល​ឃើញ​តួ​សម្ដែង​មួយ​ចំនួន​ក្នុង​វិវាទ ឬ​ចម្បាំង​ខ្មែរថៃ។

  • អាស៊ាន នឹង​ឆ្លងកាត់​ការពិសោធន៍​ប្រឈមមុខ​លើ​ទ្រឹស្ដី និង​គោលការណ៍​មិន​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​គ្នា តើ​មាន​ប្រសិទ្ធភាព ឬ​គ្មាន​ប្រសិទ្ធភាព ដូច្នេះ​អាច​ប្រេះ​សាមគ្គី​គ្នា។
  • ចំពោះ​ផល​ប្រយោជន៍​បរទេស ចិន​ថ្វីត្បិតតែ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​ទាំង​ពីរ​ក្តី ប៉ុន្តែ​ចិន ជិតស្និទ្ធ​នឹង​ប្រទេស​កម្ពុជា ជាង​ជាមួយ​ប្រទេស​ថៃ ដោយសារតែ​ជំនួយ។ គេ​ថា ចិន​អាច​ជួយ​ពង្រឹង​ភាគី​ខ្មែរ​យ៉ាង​មាន​ប្រៀប ហើយ​ដាក់​សម្ពាធ​លើ​ភាគី​ថៃ ឲ្យ​ប្រកាន់​អព្យាក្រឹត្យ​ក្នុង​ដំណើរ​ពង្រីក​ឥទ្ធិពល​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ដូច្នេះ ចិន​អាច​មាន​ប្រៀប​លើ​អាស៊ាន។
  • សហរដ្ឋ​អាមេរិក អាច​នឹង​ជួយ​ចលនា​ប្រជាធិបតេយ្យ​នៅ​ប្រទេស​ថៃឡង់ដ៍ ហើយ​ដាក់​ខ្លួន​ជា​តួអង្គ​សម្របសម្រួល​រម្ងាប់​កំហឹង ជាពិសេស​នៅ​ពេល​ឃើញ​ថា ចិន​រឹតតែ​វាតទី​បង្កើន​ភាព​តានតឹង​ក្នុង​តំបន់។ ទោះជា​បែប​នេះ​ក្តី ក្រុង​វ៉ាស៊ីនតុន មិន​សូវ​មាន​ប្រៀប​លើ​ប្រទេស​កម្ពុជា​ទេ ព្រោះតែ​ស្រុក​ខ្មែរ​ទ្រេត​ទៅ​ខាង​ចិន ខ្លាំង​ពេក។
  • ខណៈ​នេះ ប្រទេស​យៀកណាម កំពុង​គយគន់​សង្កេត​មើល​សភាពការណ៍​ដោយ​ប្រយ័ត្នប្រយែង។ ក្រុង​ហាណូយ ខ្លាច​អស្ថិរភាព​វា​ខ្ពុរ​កំពប់​ហៀរហូរ​លើ​ខ្លួន ឬ​ក៏​ប្រទេស​កម្ពុជា​កាន់តែ​អែប​ទៅ​នៅ​ក្រោម​ក្លៀក​ចិន ខ្លាំង​ថែមទៀត។ គេ​ថា ហាណូយ​អាច​ប្រើ​ទ្វារ​ក្រោយ​ដាក់​សម្ពាធ​លើ​ប្រទេស​កម្ពុជា​ឲ្យ​បន្ថយ ឬ​បញ្ចុះ​កម្ដៅ។
  • ចំណែកឯ​ជប៉ុន និង​កូរ៉េខាងត្បូង ដែល​ជា​ប្រទេស​ដាក់​ទុន​ក្នុង​ប្រទេស​ទាំង​ពីរ​ច្រើន​គួរសម​ដែរ​នោះ ចង់បាន​ឲ្យ​មាន​ដំណោះស្រាយ​ដោយ​សន្តិវិធី​តាមរយៈ​អាស៊ាន ដើម្បី​កុំ​ឲ្យ​បណ្ដាញ​ដឹកជញ្ជូន​ផ្គត់ផ្គង់ និង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​គេ​ជួប​ប្រទះ​ការ​រអាក់រអួល​បាត់បង់​ប្រយោជន៍៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស