ប្រធានគណបក្សកាន់អំណាច លោក ហ៊ុន សែន ជំរុញឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទូលស្នើសុំព្រះមហាក្សត្រប្រគេនសញ្ជាតិខ្មែរដល់ព្រះតេជព្រះគុណ មហានរិន្ទថន ដែលពុទ្ធបរិស័ទខ្មែរហៅជាទូទៅថាលោកតា ស៊ុច ឬលោកឪស៊ុច ដើម្បីព្រះអង្គបំពេញការងារជាជនជាតិខ្មែរ។
លោក ហ៊ុន សែន នារសៀលថ្ងៃទី២០ ខែមិថុនា នេះ បានសាទរព្រះសង្ឃថៃ ដើមកំណើតពីខេត្តបុរីរ៉ាំ គឺលោកឪស៊ុច ដែលត្រូវបានលោក ហ៊ុន ម៉ាណែត ស្វាគមន៍ទទួលយកមកគង់នៅកម្ពុជា ហើយលោកក៏ចង់ឃើញព្រះសង្ឃដ៏ល្បីល្បាញអង្គនេះទទួលបានសញ្ជាតិខ្មែរផងដែរ។
ប្រធានគណបក្សកាន់អំណាច លោក ហ៊ុន សែន បានបញ្ជាក់ថា រឿងលោកឪស៊ុច នឹងមិនបង្កការរំខានដល់ទំនាក់ទំនងកម្ពុជា-ថៃ ឬថាជាការលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសថៃ នោះទេ ព្រោះកម្ពុជាក៏មិនអនុញ្ញាតឱ្យលោកឪស៊ុចកសាងកម្លាំងប្រឆាំងជាមួយថៃ នោះដែរ។
តាមរយៈឃ្លីបវីដេអូខ្លីមួយពីក្រៅប្រទេស ព្រះអង្គបញ្ជាក់ថា ព្រះអង្គត្រូវចូលប្រទេសកម្ពុជា ហើយស្នើសុំរដ្ឋាភិបាលកម្ពុជាកុំបញ្ជូនព្រះអង្គទៅថៃ។ ព្រះអង្គថា ព្រះអង្គនឹងមិនអាចចូលថៃ បានវិញសូម្បីតែមួយជំហាន។
ក្រោយព្រឹត្តិការណ៍នៃការលបវាយឆ្មក់ពីទាហានថៃ ទៅលើលេណដ្ឋានកងទ័ពខ្មែរ ដែលបណ្តាលឱ្យទាហានខ្មែរមួយរូបស្លាប់នៅតំបន់មុំបី ខេត្តព្រះវិហារ លោកតា ស៊ុច តែងតែបង្ហាញជំហររបស់ព្រះអង្គចំពោះជាតិខ្មែរ។
ក្នុងព្រះជន្មប្រមាណ ៦០ព្រះវស្សា ព្រះតេជព្រះគុណ មហានរិន្ទថន លោកតាស៊ុច ជាធម្មកថិកដ៏ល្បីល្បាញមួយព្រះអង្គដែលតែងតែនិមន្តមកទេសនានៅកម្ពុជា ជាពិសេសបណ្តាខេត្តជាប់ព្រំដែន។ មានដើមកំណើតថៃ សញ្ជាតិថៃ និងជាព្រះចៅអធិការវត្តនៅវត្តមួយក្នុងខេត្តបុរីរ៉ាំ លោកតាស៊ុច អះអាងថាព្រះអង្គគឺជាខ្មែរ។
ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត តាមរយៈបណ្ដាញសង្គមរបស់ខ្លួន បានអះអាងថា ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមលោកផ្ទាល់ លោកទទួលស្វាគមន៍ព្រះតេជព្រះគុណ (លោកឪស៊ុច) គ្រប់ពេលវេលា។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា មិនត្រឹមតែចំពោះលោកឪស៊ុចទេ បើសិនជាមានព្រះតេជព្រះគុណព្រះថេរានុថេរៈអង្គណា ឬពលរដ្ឋខ្មែរណាម្នាក់ដែលទទួលរងនូវការរើសអើង ឬការមាក់ងាយដោយសារតែខ្លួនជាខ្មែរ ឬដោយសារតែការបញ្ចេញមតិការពារនូវយុត្តិធម៌ សេចក្តីថ្លៃថ្នូរ និងភាពត្រឹមត្រូវនៃប្រទេសកម្ពុជា ក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន លោកសូមនិមន្ត និងអញ្ជើញព្រះតេជព្រះគុណ និងបងប្អូនទាំងនោះមករស់នៅប្រទេសកម្ពុជា។
ក្រុមអ្នកឃ្លាំមើលសង្គមបានអះអាងថា ការដែលលោក ហ៊ុន សែន ជំរុញឲ្យមានការប្រគេនសញ្ជាតិខ្មែរដល់លោកឪស៊ុច បង្ហាញពីសុភមង្គលនយោបាយដ៏រឹងមាំក្នុងការទទួលស្គាល់កេរ្តិ៍ឈ្មោះរបស់កូនខ្មែរដែលមានស្នាដៃលើកកម្ពស់រូបភាពប្រទេស។ វាជាការសម្ដែងទឹកចិត្តក្តីស្រឡាញ់នៃជាតិខ្មែរចំពោះកូនខ្មែរដែលស្ថិតក្រៅស្រុក តែមានឈាមខ្មែរជាអ្នកស្នេហាជាតិ។ អ្នកតាមដានខ្លះទៀតនិយាយថា រាជរដ្ឋាភិបាលនៃត្រកូលហ៊ុន ទទួលស្វាគមន៍តែខ្មែរណាដែលគិតស្រប ដើរស្របតាមគោលនយោបាយរបស់គេតែប៉ុណ្ណោះ ហើយចំពោះអ្នករិះគន់របៀបដឹកនាំខុសក្បួនតម្រារបស់ខ្លួន ត្រូវគេចាត់ទុកថាមិនមែនជាខ្មែរ ជាខ្ញុំកញ្ជះបរទេសទៅវិញ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

