34 C
Phnom Penh

កងទ័ព​ជើងគោក​កម្ពុជា និង​វៀតណាម ចុះ​កិច្ចព្រមព្រៀង​ចង​សម្ព័ន្ធ​លើ​គោលការណ៍​រួម ១០​ចំណុច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កងទ័ព​ជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ អះអាង​ថា កម្ពុជា​និង​វៀតណាម បាន​ចុះ​កិច្ចព្រមព្រៀង​លើ​កំណត់ហេតុ​ចង​សម្ព័ន្ធ​មេត្រីភាព ដើម្បី​រឹត​ចំណង​មិត្តភាព និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​បន្ថែម​ទៀត។

យោង​តាម​ទំព័រ​ហ្វេសប៊ុក​របស់​កងទ័ព​ជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​២២ ខែ​មិថុនា ឆ្នាំ​២០២៥ បាន​ឲ្យ​ដឹង​ថា ការ​ចុះហត្ថលេខា​លើ​កំណត់ហេតុ​ចង​សម្ព័ន្ធ​មេត្រីភាព​រវាង​កងពលតូច​លេខ​៧០ របស់​កម្ពុជា និង​កងពលធំ​ថ្មើរជើង​លេខ​៣០១ និង​បញ្ជាការដ្ឋាន​រដ្ឋធានី​ហាណូយ របស់​វៀតណាម នេះ គឺ​ទទួល​បាន​ការ​អនុញ្ញាត​ពី​ក្រសួង​ការពារ​ជាតិ​កម្ពុជា និង​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ។

ប្រភព​ខាង​លើ​បាន​អះអាង​ថា ពិធី​ចុះហត្ថលេខា​នេះ​ត្រូវ​បាន​ធ្វើឡើង​ក្នុង​អំឡុង​ពេល​ភាគី​ទាំង​ពីរ​រៀបចំ​កិច្ចប្រជុំ​ចុះហត្ថលេខា​លើ​កំណត់ហេតុ​ចង​សម្ព័ន្ធភាព​នេះ ចាប់ពី​ថ្ងៃទី​១៨-២០ ខែ​មិថុនា នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម។ ប្រតិភូ​កម្ពុជា ដឹកនាំ​ដោយ​លោក ហែម ថា មេបញ្ជាការ​កងពលតូច​លេខ​៧០។

បើ​យោង​តាម​សារព័ត៌មាន​ក្នុង​ស្រុក​វៀតណាម Ha Noi បាន​ឲ្យ​ដឹង​ថា ក្រោយ​បញ្ចប់​កិច្ចប្រជុំ ភាគី​ទាំង​ពីរ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ​អំពី​គោលការណ៍​រួម​ចំនួន ១០​ចំណុច ដើម្បី​អនុវត្ត រួម​មាន៖

  1. គោលការណ៍​នៃ​សកម្មភាព​សម្ព័ន្ធ​មេត្រីភាព
  2. ទិសដៅ​នៃ​ការ​ភ្ជាប់​ទំនាក់ទំនង
  3. រៀបចំ​ក្រុម​ការងារ
  4. បទប្បញ្ញត្តិ​ស្ដីពី​ការ​វាយតម្លៃ និង​សង្ខេប​លទ្ធផល​ការងារ
  5. ការ​ធានា​ការងារ
  6. ទំនួល​ខុសត្រូវ​របស់​ភាគី​ទាំង​ពីរ
  7. ការ​ដោះស្រាយ​ចំណុច​ខុស​គ្នា
  8. ការ​កែសម្រួល​បន្ថែម ឬ​បញ្ចប់​អនុស្សរណៈ
  9. ការ​រក្សា​ព័ត៌មាន​សម្ងាត់
  10. និង​ការ​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព។

ក្រៅពី​ជួប​ប្រមុខ​ដឹកនាំ​កម្ពុជា លោក​អនុ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​វៀតណាម ក៏​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក វង្ស ពិសេន អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ​ដែរ ដោយ​ផ្ដោត​សំខាន់​លើ​ការ​ពង្រឹង និង​ពង្រីក​ចំណង​សាមគ្គីភាព មិត្តភាព កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ។

កាលពី​ថ្ងៃទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ កម្ពុជា និង​វៀតណាម ក៏​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដើម្បី​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការពារ​ជាតិ​រួម​គ្នា​រយៈពេល ៥​ឆ្នាំ ចាប់ពី​ឆ្នាំ​២០២៥ ដល់​ឆ្នាំ​២០២៩ ដែរ។ នៅ​ក្នុង​កិច្ចព្រមព្រៀង​នោះ ភាគី​ទាំង​ពីរ​បាន​ប្ដេជ្ញា​រួម​គ្នា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​នយោបាយ ការ​ពង្រឹង​ការ​គ្រប់គ្រង​រដ្ឋ ការ​ការពារ​បន្ទាត់​ព្រំដែន​រួម ការ​ចែករំលែក​ព័ត៌មាន​ស្ដីពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ការ​ប្ដេជ្ញាចិត្ត​គាំទ្រ​គ្នា​ទៅវិញ​ទៅមក​នៅ​ក្នុង​បញ្ហា​តំបន់ និង​អន្តរជាតិ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស