28 C
Phnom Penh

ប្រមុខ​ការទូត​អាមេរិក​ថា​ការ​វាយប្រហារ​ទៅ​លើ​អ៊ីរ៉ង់ បង្ហាញ​ថា​លោក ត្រាំ មិនមែន​លេង​ហ្គេម​នោះ​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Marco Rubio កាលពី​ថ្ងៃ​អាទិត្យ បាន​និយាយ​ថា របប​នៅ​ទីក្រុង​តេហេរ៉ង់ បាន​ឆ្លងកាត់​ហើយ​នៅ​ពេលនេះ​នៃ​ការ​វាយប្រហារ​របស់​សហរដ្ឋ​អាមេរិក ទៅ​លើ​ទីតាំង​នុយក្លេអ៊ែរ​របស់​ប្រទេស​អ៊ីរ៉ង់ ដែល​លោក​ថា​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ មិនមែន​លេង​ហ្គេម (Game) នោះ​ទេ។

លោក Marco Rubio ពន្យល់​ថា​វា​ជា​ព្រឹត្តិការណ៍​ដ៏​កម្រ​ណាស់​ដែល​អាមេរិក​ត្រូវ​សម្រេច​ការ​ចូលរួម​ជាមួយ​អ៊ីស្រាអែល ដើម្បី​បង្ខំ​អ៊ីរ៉ង់ ទៅ​ទទួលយក​កិច្ចព្រមព្រៀង ឬ​ក៏​ទីក្រុង​តេហេរ៉ង់ សម្រេច​សងសឹក។

លោក Marco Rubio បញ្ជាក់​ដូចនេះ​ថា៖ «យើង​នឹង​វាយ​អ៊ីរ៉ង់ បន្ថែម​ទៀត បើ​អ៊ីរ៉ង់ វាយប្រហារ​លើ​ផល​ប្រយោជន៍ ឬ​ពលរដ្ឋ​អាមេរិក បើ​ទោះជា​អ៊ីរ៉ង់ សងសឹក​អាមេរិក ដោយ​ប្រើ​កូនជឹង ក៏​វា​ជា​ទង្វើ​របស់​អ៊ីរ៉ង់ ដែរ។ តែ​លោក​សង្ឃឹម​ថា អ៊ីរ៉ង់​នឹង​មិន​ប្រថុយ​សងសឹក​លើ​អាមេរិក​ទេ ហើយ​ទីក្រុង​តេហេរ៉ង់ នឹង​មិន​ជ្រើសរើស​ផ្លូវ​ដើរ​ដូចនេះ​ទេ។»

លោក​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក បាន​បញ្ជាក់​ដូចនេះ​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​បណ្ដាញ​ទូរទស្សន៍ CSB ហើយ​ត្រូវ​បាន​ចុះផ្សាយ​ដោយ​កាសែត The Washington Times នៅ​ថ្ងៃ​ចន្ទ ទី​២៣ ខែ​មិថុនា ឆ្នាំ​២០២៥។

ជាមួយ​គ្នា​នេះ លោក Marco Rubio គិត​ថា អ៊ីរ៉ង់​ត្រូវ​ដើរ​ទៅ​រក​តុ​ចរចា​វិញ ព្រោះ​ដំណោះស្រាយ​ការទូត​នៅ​មាន​បន្ត។

ចំពោះ​លោក ដូណាល់ ត្រាំ វិញ លោក​បាន​ហៅ​ការ​វាយប្រហារ​លើ​ទីតាំង​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ ដែល​វាយ​ចំ​គោលដៅ​យ៉ាង​ល្អ​ដោយ​ការ​ទម្លាក់​គ្រាប់បែក​ពី​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ B-2 ទៅ​លើ​ទីតាំង​នុយក្លេអ៊ែរ​ចំនួន ៣​ទីតាំង កាលពី​រំលង​អាធ្រាត្រ​ចូល​ដល់​ថ្ងៃ​អាទិត្យ ទី​២២ មិថុនា ដែល​ហៅថា​ប្រតិបត្តិការ​ញញួរ​កណ្ដាល​យប់ គឺជា​ជោគជ័យ​ប្រវត្តិសាស្ត្រ​របស់​កង​យន្តហោះ​ចម្បាំង​សហរដ្ឋ​អាមេរិក ជាពិសេស​ក្រុម​យន្តហោះ B-2។

លោក ត្រាំ ព្រមាន​ថា នឹង​វាយ​លើ​អ៊ីរ៉ង់ កាន់តែ​ធ្ងន់​ទៀត បើ​អ៊ីរ៉ង់ សងសឹក​វាយប្រហារ​លើ​មូលដ្ឋាន​ទ័ព​អាមេរិក ហើយ​អាច​ឈាន​ទៅ​រក​ការ​ដោះដូរ​របប​ដឹកនាំ​នៅ​ទីក្រុង​តេហេរ៉ង់ ទៀត​ផង បើ​ជា​ការ​ចាំបាច់។

លោក Marco Rubio ថា​មុន​ការ​វាយប្រហារ រដ្ឋការ​លោក ត្រាំ ដាក់​លក្ខខណ្ឌ​ឱ្យ​អ៊ីរ៉ង់ មក​ចរចា​ហើយ ត្រូវតែ​មាន​កិច្ចព្រមព្រៀង​បញ្ឈប់​ផែនការ​ផលិត​នុយក្លេអ៊ែរ តែ​ទីក្រុង​តេហេរ៉ង់ ច្រានចោល ហើយ​សច្ចា​វាយបក​សហរដ្ឋ​អាមេរិក ដែល​លោក​ថា​ទីក្រុង​តេហេរ៉ង់ ចង់​ទិញ​ពេលវេលា​លេងសើច​ជាមួយ​លោក ត្រាំ គឺជា​ល្បិច​ដែល​គេច​ពី​ការ​មិន​ព្រម​ឱ្យ​មាន​កិច្ចព្រមព្រៀង​បញ្ឈប់​ផែនការ​ផលិត​នុយក្លេអ៊ែរ។

តាម​លោក Marco Rubio ថា​ទីក្រុង​តេហេរ៉ង់ ព្យាយាម​ទិញ​ពេលវេលា​លេង​ហ្គេម​ជាមួយ​លោក ត្រាំ ហើយ​ចង់​ឃើញ​ថា​នឹង​មាន​អ្វី​កើតឡើង បើ​អ៊ីរ៉ង់ ប្រើ​ពេល​ចរចា​យូរ​ទៅ​មុខ​ទៀត។

លោក​ប្រមុខ​ការទូត​សហរដ្ឋ​អាមេរិក បញ្ជាក់​ថា លោក​ប្រធានាធិបតី​មិនមែន​ជា​មេដឹកនាំ​សហរដ្ឋ​អាមេរិក​លេងសើច​នោះ​ទេ។ អ្វី​ដែល​លោក ត្រាំ ព្រមាន ឬ​និយាយ គឺ​ពិត​ណាស់​ត្រូវតែ​ធ្វើ និង​នៅតែ​បន្ត​ធ្វើ​រហូត​ដល់​ដំណាក់កាល​មួយ គឺ​ត្រូវតែ​បង្ហាញ​ថា សហរដ្ឋ​អាមេរិក​អាច​ធ្វើ​បាន។ ចំពោះ​ការ​លេចឮ​ថា​លោក ត្រាំ ចង់​ដោះដូរ​របប​ដឹកនាំ​នៅ​អ៊ីរ៉ង់ សម្រាប់​ក្រុង​វ៉ាស៊ីនតោន មិន​ទាន់​គិត​ដល់​រឿង​នេះ​ទេ តែ​ករណី​ចាំបាច់​ក៏​អាច​ទៅ​រួច​ដែរ។

តាម​លោក Marco Rubio អ៊ីរ៉ង់​មាន​ផ្លូវ​ត្រូវ​ដើរ​ទៅ​មុខ​ទៀត​ជាមួយ​អាមេរិក គឺ​បិទ​ទាំងស្រុង​ផែនការ​ផលិត​អាវុធ​នុយក្លេអ៊ែរ ហើយ​អ្វី​ដែល​នឹង​កើតមាន​ទៅ​លើ​អ៊ីរ៉ង់ ថែមទៀត វា​អាស្រ័យ​លើ​ទីក្រុង​តេហេរ៉ង់ តែ​អ៊ីរ៉ង់ ត្រូវតែ​ធ្វើ​ឱ្យ​មជ្ឈិមបូព៌ា​មាន​សន្តិភាព គ្មាន​ការ​ភ័យខ្លាច​ពី​ការ​វាយ​បង្ក​អសន្តិសុខ​ដោយ​គ្រាប់​នុយក្លេអ៊ែរ ប្រជាជន​អ៊ីរ៉ង់​ល្អ ពិភពលោក​មាន​សន្តិភាព។

យ៉ាងណា នៅ​ចំពោះ​ប្រទេស​អ៊ីស្រាអែល វិញ នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​បង្កើន​យុទ្ធនាការ​របស់​ខ្លួន​វាយប្រហារ​ដោយ​កង​យន្តហោះ​ចម្បាំង​ទៅ​លើ​អ៊ីរ៉ង់។ ការ​វាយប្រហារ​របស់​អ៊ីស្រាអែល ចូល​ដល់​ថ្ងៃទី​១០ នេះ អ៊ីស្រាអែល​បាន​ហៅ​យុទ្ធនាការ​របស់​ខ្លួន​ថា​ជា​ប្រតិបត្តិការ​ទម្លាក់​គ្រាប់បែក​ដ៏​ខ្លាំងក្លា​បំផុត​ទៅ​លើ​រដ្ឋធានី​តេហេរ៉ង់ ដោយ​បាន​វាយប្រហារ​ចំ​គោលដៅ​ដ៏​សំខាន់​បំផុត គឺ​ទៅ​លើ​ពន្ធនាគារ Evin។

ពន្ធនាគារ Evin ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​កន្លែង​ឃុំ​ខ្លួន​អ្នកទោស​នយោបាយ និង​ជា​កន្លែង​ប្រហារ​ជីវិត គឺជា​ផ្នែក​មួយ​នៃ​និមិត្តសញ្ញា​ដ៏​មាន​ឥទ្ធិពល​បំផុត​នៃ​ប្រព័ន្ធ​គ្រប់គ្រង​អំណាច​ផ្ដាច់ការ​របស់​មេដឹកនាំ​អ៊ីរ៉ង់ អាយ៉ាតូឡោះ អាលីខាមមេនី។

រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ីស្រាអែល លោក Israel Katz បាន​បញ្ជាក់​ថា ការ​វាយប្រហារ​នេះ អ៊ីស្រាអែល​លែង​កំណត់​គោលដៅ​ត្រឹមតែ​កម្មវិធី​នុយក្លេអ៊ែរ និង​មីស៊ីល​ទៀត​ហើយ ប៉ុន្តែ​នឹង​វាយប្រហារ​លើ​គោលដៅ​នៃ​របប និង​ស្ថាប័ន​ផ្ដាច់ការ​របស់​រដ្ឋាភិបាល​ទីក្រុង​តេហេរ៉ង់។

ការ​វាយប្រហារ​ទៅ​លើ​ពន្ធនាគារ​នេះ កើតឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​សហរដ្ឋ​អាមេរិក​បាន​ចូលរួម​ក្នុង​សង្គ្រាម​ដោយ​ផ្ទាល់ តាមរយៈ​ការ​ទម្លាក់​គ្រាប់បែក​លើ​ទីតាំង​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់។

ការ​វាយប្រហារ​របស់​អ៊ីស្រាអែល ចូល​ដល់​ថ្ងៃទី​១០ នេះ បាន​បង្ហាញ​ថា សង្គ្រាម​លម្ហ​អាកាស​រវាង​អ៊ីស្រាអែល និង​អ៊ីរ៉ង់ បាន​ឈាន​ចូល​ដល់​ដំណាក់កាល​ថ្មី​មួយ​ដែល​កាន់តែ​គ្រោះថ្នាក់​បំផុត។

គេ​ពុំ​ទាន់​ដឹង​ថា អ៊ីរ៉ង់​ចាប់​យក​ការ​សងសឹក​លើ​សហរដ្ឋ​អាមេរិក​ដោយ​វិធានការ​ទៅ​លើ​មូលដ្ឋាន​ទ័ព​អាមេរិក​នៅ​តំបន់​មជ្ឈិមបូព៌ា ឬ​យ៉ាងណា​ទេ តែ​នៅ​ពេលនេះ អ៊ីរ៉ង់​ជ្រើសរើស​យក​ការ​បិទ​ច្រក​សមុទ្រ Hormuz ជា​វិធានការ​សងសឹក ដែល​សភា​អ៊ីរ៉ង់ បាន​អនុម័ត​វិធានការ​មួយ​នេះ​អាច​ឈាន​ទៅ​ដល់​ការ​បិទ​ច្រក​សមុទ្រ Hormuz ដែល​ជា​ផ្លូវ​ដឹកជញ្ជូន​ប្រេង​ដ៏​សំខាន់​បំផុត​មួយ​របស់​ពិភពលោក។ នេះ​គឺជា​ជំហាន​ផ្លូវការ​ដ៏​សំខាន់​មួយ​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ការ​វាយប្រហារ​របស់​អ៊ីស្រាអែល និង​សហរដ្ឋ​អាមេរិក។

សមាជិក​សភា និង​ជា​មេបញ្ជាការ​កង​ឆ្មាំ​បដិវត្តន៍ លោក Esmail Kosari បាន​បញ្ជាក់​ថា ការ​បិទ​ច្រក​សមុទ្រ​នេះ គឺ​ស្ថិត​នៅ​ក្នុង «របៀបវារៈ​សងសឹក»។

ច្រក​សមុទ្រ Hormuz ដែល​ស្ថិត​នៅ​ចន្លោះ​អ៊ីរ៉ង់ និង​អូម៉ង់ គឺជា​ផ្លូវ​ឆ្លងកាត់​នៃ​កង​នាវា​ដឹក​ប្រេង និង​ឧស្ម័ន​ប្រមាណ ២០% នៃ​តម្រូវការ​ទីផ្សារ​ប្រេង​អន្តរជាតិ។ ការ​បិទ​ច្រក​សមុទ្រ Hormuz នេះ អាច​បង្ក​ឲ្យ​មាន​ការ​កើន​ឡើង​យ៉ាង​គំហុក​នៃ​តម្លៃ​ប្រេង​ជា​សកល។

សហរដ្ឋ​អាមេរិក​បាន​ប្រាប់​ទៅ​ចិន ដែល​ជា​សម្ព័ន្ធភាព​ជាមួយ​នឹង​អ៊ីរ៉ង់ ថា កុំ​ឱ្យ​អ៊ីរ៉ង់ ធ្វើ​ដូចនេះ ព្រោះ​វា​ខាតបង់​មិនមែន​តែ​សហរដ្ឋ​អាមេរិក​នោះ​ទេ គឺ​ប្រទេស​ក្នុង​តំបន់​មជ្ឈិមបូព៌ា​ទាំងមូល ហើយ​ទីក្រុង​វ៉ាស៊ីនតោន នឹង​មាន​ជម្រើស​មួយ​ទៀត​ក្នុង​ការ​វាយប្រហារ​លើ​ទីក្រុង​តេហេរ៉ង់៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស