អ្នកឃ្លាំមើលអះអាងថា រដ្ឋាភិបាលកម្ពុជាបានប្តឹងថៃ លើករណីជម្លោះព្រំដែននៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅតុលាការអន្តរជាតិ (ICJ) រួចរាល់ហើយបន្ទាប់ពីការដាក់ពាក្យស្នើសុំតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ធ្វើការវិនិច្ឆ័យវិវាទរវាងកម្ពុជា-ថៃ នាពេលនេះ។
អ្នកឃ្លាំមើលសង្គម លោក វ៉ន ចាន់ឡូត សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៤ មិថុនា នេះថា ការដាក់ពាក្យស្នើសុំតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ធ្វើការវិនិច្ឆ័យវិវាទរវាងកម្ពុជា-ថៃ នាពេលនេះ គឺជាជំហានដំបូងដែលរដ្ឋនីមួយៗចាំបាច់ត្រូវតែអនុលោមតាមច្បាប់ ដែលក្នុងនោះក៏មានប្រទេសកម្ពុជាដែរ។
លោកបន្តថា ក្រោយដាក់ពាក្យស្នើសុំវិនិច្ឆ័យរួចរាល់ តុលាការយុត្តិធម៌អន្តរជាតិនឹងពិនិត្យលើពាក្យស្នើសុំរបស់ប្រទេសដែលជាដើមបណ្ដឹងនូវព័ត៌មានសំខាន់ៗមួយចំនួន ដូចជា ឈ្មោះប្រទេសនៃជម្លោះ សង្ខេបអង្គហេតុ និងបញ្ជាក់ពីការទទួលស្គាល់យុត្តាធិការរបស់តុលាការលើវិវាទជាក់លាក់ទាំងនោះ ជាដើម។
លោក វ៉ន ចាន់ឡូត បន្ថែមថា បើពិនិត្យឃើញថាត្រឹមត្រូវ និងស៊ីសង្វាក់គ្នាហើយ តុលាការនឹងជូនដំណឹងពីការទទួលយុត្តាធិការដើម្បីវិនិច្ឆ័យវិវាទនោះតែម្តង។ បន្ទាប់មកទៀត កម្ពុជាត្រូវរៀបចំឯកសារលម្អិតដាក់ជូនតុលាការបន្ថែមទៀត រួមមាន អង្គហេតុ សន្ធិសញ្ញា អនុសញ្ញា កិច្ចព្រមព្រៀងពាក់ព័ន្ធ មេធាវី និងសាក្សី ដើម្បីតតាំងក្តីចំពោះមុខចៅក្រមរបស់តុលាការនេះតែម្តង។
អ្នកឃ្លាំមើលសង្គមរូបនេះអះអាងថា ដំណើរការនៃនីតិវិធី នឹងត្រូវអនុវត្តតាមលំដាប់លំដោយ ក្នុងនោះ ចៅក្រមតុលាការ ICJ នឹងត្រូវចោទសួរនូវសំណួរជាច្រើនរាប់ចាប់តាំងពីការដាក់ពាក្យស្នើសុំឱ្យតុលាការធ្វើការវិនិច្ឆ័យវិវាទ រហូតដល់ប្រកាសសាលក្រមស្ថាពរ ដែលសុទ្ធសឹងតែជានីតិវិធីដែលត្រូវអនុលោមតាមច្បាប់ដែលបានចែង។
លោកថា ដូចជាករណីប្រាសាទព្រះវិហារ ជាដើម ដែលត្រូវចំណាយពេលរហូតដល់ ២ឆ្នាំឯណោះ ទើបត្រូវបានតុលាការប្រកាសសាលក្រមស្ថាពរឱ្យកម្ពុជាឈ្នះក្តីលើសំណុំរឿងនោះ។
លោក វ៉ន ចាន់ឡូត លើកឡើងថា ចំណែកឯបង្កាន់ដៃដែលមានការវែកញែកមិនដាច់ស្រេចនោះ គឺគ្រាន់តែបង្ហាញពីរបៀបធ្វើការបែបផ្លូវការ ផ្លូវរដ្ឋ និងជាលក្ខណៈអន្តរជាតិរបស់កម្ពុជាប៉ុណ្ណោះសម្រាប់កិច្ចការការទូត ព្រោះការប្រើប្រាស់មធ្យោបាយការទូត គឺជាជម្រើសអាទិភាពបំផុត ដូច្នេះករណីនេះ តុលាការអន្តរជាតិ (ICJ) នឹងទាក់ទងតាមរយៈស្ថានទូតកម្ពុជានៅទីក្រុងឡាអេ ប្រទេសហុឡង់ដ៍ ព្រោះបណ្តឹងនេះមិនមែនជាករណីបុគ្គល និងបុគ្គលនោះទេ។
អ្នកឃ្លាំមើលសង្គមរូបនេះបញ្ជាក់ថា ការដាក់ពាក្យស្នើសុំតុលាការអន្តរជាតិ (ICJ) ធ្វើការវិនិច្ឆ័យវិវាទជាមួយថៃ ជាដំណាក់កាលដំបូងដែលកម្ពុជាត្រូវអនុលោមជាចាំបាច់ ដែលមានន័យថា កម្ពុជាបានដាក់ពាក្យបណ្ដឹងរួចរាល់ហើយ។ ផ្ទុយទៅវិញ ការខ្វះទំនុកចិត្តលើរដ្ឋាភិបាល ក៏អាចជាដើមហេតុនាំឱ្យមិនចុះសម្រុង និងមិនឯកភាពគ្នាដែរ។
កាលពីថ្ងៃទី២៣ មិថុនា មន្ត្រីបក្សប្រឆាំង លោក អ៊ុំ សំអាន បានលើកយកសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មកបញ្ជាក់ថា យោងតាមខ្លឹមសារដែលក្រសួងការបរទេស បានលើកឡើង មានន័យថារដ្ឋាភិបាលកម្ពុជាមិនទាន់បានដាក់ពាក្យប្តឹងថៃ លើករណីជម្លោះព្រំដែននៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅតុលាការអន្តរជាតិ (ICJ) នៅឡើយទេ។
លោក អ៊ុំ សំអាន បញ្ជាក់ថា ខ្លឹមសារនៃសេចក្តីប្រកាសព័ត៌មាននោះ គឺមានន័យថា កម្ពុជាគ្រាន់តែបានជូនដំណឹងទៅតុលាការអន្តរជាតិ ICJ ពីបំណងចង់ដាក់ពាក្យបណ្ដឹងទៅ ICJ តែប៉ុណ្ណោះ។
កាលពីថ្ងៃចន្ទ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីកិច្ចប្រជុំគណៈកម្មការរៀបចំឯកសារដើម្បីបញ្ជូនទៅតុលាការអន្តរជាតិថា កម្ពុជាបានជូនព័ត៌មានទៅតុលាការ ICJ ពីបំណងដាក់ពាក្យស្នើសុំតុលាការ ICJ ធ្វើការវិនិច្ឆ័យវិវាទព្រំដែនលើតំបន់ទាំង៤ តាមលិខិតចុះថ្ងៃទី១៥ ខែមិថុនា កន្លងទៅថ្មីៗនេះ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

