28.4 C
Phnom Penh

តុលាការ​ធម្មនុញ្ញ​ថៃ ព្យួរ​តំណែង​នាយករដ្ឋមន្ត្រី​ពី​អ្នកស្រី ផែថងថាន៖ តើ​ជា​ការ​បញ្ចៀស​រដ្ឋប្រហារ​យោធា​ឬ​ទេ?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការ​ធម្មនុញ្ញ​ថៃ នៅ​ថ្ងៃ​អង្គារ ទី​១ ខែ​កក្កដា បាន​សម្រេច​ព្យួរ​តំណែង​នាយករដ្ឋមន្ត្រី​ពី​អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) ជុំវិញ​រឿងអាស្រូវ​បែកធ្លាយ​កិច្ច​សន្ទនា​តាម​ទូរសព្ទ​ជាមួយ​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា និង​ករណី​ជម្លោះ​ព្រំដែន​ជាមួយ​នឹង​ប្រទេស​កម្ពុជា។

ការ​សម្រេច​ចិត្ត​របស់​តុលាការ​ធម្មនុញ្ញ​ថៃ ធ្វើឡើង​តាមរយៈ​ការ​ទទួលយក​ញត្តិ​ពី​សមាជិក​ព្រឹទ្ធសភា ៣៦​រូប ដែល​បាន​ចោទប្រកាន់​អ្នកស្រី ផែថងថាន ថា​គ្មាន​ភាព​ស្មោះត្រង់ និង​បំពាន​ក្រមសីលធម៌​ស្តង់ដា ដោយ​បំពាន​លើ​រដ្ឋធម្មនុញ្ញ​ជុំវិញ​ការ​បែកធ្លាយ​កិច្ច​សន្ទនា​តាម​ទូរសព្ទ​ជាមួយ​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន។

ចៅក្រម​ទាំង ៩​រូប​នៃ​តុលាការ​ធម្មនុញ្ញ​ថៃ បាន​បង្គាប់​ឱ្យ​អ្នកស្រី ផែថងថាន ផ្អាក​ការ​បំពេញ​តួនាទី​ជា​នាយករដ្ឋមន្ត្រី​ក្នុង​សំឡេង ៧ ទល់ ២​សំឡេង។

តាម​សាលដីកា​របស់​តុលាការ​ធម្មនុញ្ញ​ជាមួយ​សំឡេង​ភាគច្រើន ៧ ទល់​នឹង ២ បាន​សម្រេច​ព្យួរ​ចុងចោទ អ្នកស្រី ផែថងថាន ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​ចាប់តាំងពី​ថ្ងៃទី​១ ខែ​កក្កដា នេះ​តទៅ រហូត​ដល់​តុលាការ​ធម្មនុញ្ញ​ថៃ ចេញ​សាលក្រម​សម្រេច​ចុងក្រោយ។ នេះ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​តុលាការ​ធម្មនុញ្ញ​ថៃ ដែល​កាសែត​បាងកក​ប៉ុស្តិ៍ ចុះផ្សាយ​នៅ​ថ្ងៃទី​១ កក្កដា។

ក្រោយ​ទទួលយក​ញត្តិ តុលាការ​ធម្មនុញ្ញ​ថៃ នឹង​ចាប់ផ្ដើម​ពិចារណា​ថា​តើ​អ្នកស្រី ផែថងថាន បាន​បំពាន​រដ្ឋធម្មនុញ្ញ​ដែរ ឬ​ក៏​យ៉ាងណា ជុំវិញ​ការ​បែកធ្លាយ​កិច្ច​សន្ទនា​តាម​ទូរសព្ទ​ដែល​អ្នកស្រី​បាន​ប្រាប់​លោក ហ៊ុន សែន ថា​មេបញ្ជាការ​ភូមិភាគ​២ គឺជា​ពួក​ប្រឆាំង​នឹង​អ្នកស្រី។

តុលាការ​ធម្មនុញ្ញ​ថៃ នឹង​ត្រូវ​ចេញ​សាលដីកា​សម្រេច​ថា​តើ​ត្រូវ​ដក ឬ​ក៏​ប្រគល់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ឱ្យ​អ្នកស្រី ផែថងថាន វិញ​នៅ​រយៈពេល​ក្រោយ​ទៀត ខណៈ​តុលាការ​កំពូល​មួយ​នេះ​រង់ចាំ​ចម្លើយ​តវ៉ា​លាយលក្ខណ៍​អក្សរ​ពី​អ្នកស្រី ក្នុង​រយៈពេល ១៥​ថ្ងៃ។

ភ្លាមៗ​ក្រោយពី​សាលដីកា​របស់​តុលាការ​ធម្មនុញ្ញ​ថៃ អ្នកស្រី ផែថងថាន បាន​ចេញ​មុខ​និយាយ​ថា អ្នកស្រី​ទទួលយក​ការ​សម្រេច​ចិត្ត​របស់​តុលាការ​ធម្មនុញ្ញ ដែល​បាន​ព្យួរ​អ្នកស្រី​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី។

អ្នកស្រី ផែថងថាន បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ឯ​ការិយាល័យ​រដ្ឋាភិបាល​ក្នុង​ទីក្រុង​បាងកក ដែល​មាន​សេចក្ដី​ថា៖ «សេចក្តី​សម្រេច​បាន​ចេញ​មក​ហើយ។ ចំពោះ​ខ្ញុំ យល់ព្រម​ទទួលយក​ការ​សម្រេច​ចិត្ត​របស់​តុលាការ ក៏ប៉ុន្តែ​ខ្ញុំ​ចង់​បញ្ជាក់​ថា​ជា​ចេតនា​របស់​ខ្ញុំ​ជានិច្ច ក្នុង​ការ​ធ្វើ​អ្វីៗ​ដែល​ប្រសើរ​បំផុត​ដើម្បី​ប្រទេស​ខ្ញុំ និង​ប្រជាជន​ថៃ។»

ជាមួយ​គ្នា​នេះ តាម​កាសែត​បាងកក​ប៉ុស្តិ៍ ឧបនាយករដ្ឋមន្ត្រី​ថៃ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន លោក Suriya Jungrungreangkit ដែល​មកពី​គណបក្ស​ភឿថៃ នឹង​ត្រូវ​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ស្ដីទី បន្ទាប់ពី​ការ​ព្យួរ​តំណែង​របស់​អ្នកស្រី ផែថងថាន។ ទោះបីជា​ត្រូវ​បាន​ព្យួរ​តំណែង​ជា​នាយករដ្ឋមន្ត្រី​ក៏ដោយ ក៏​អ្នកស្រី ផែថងថាន នៅ​មាន​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ ដែរ។

អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) កាន់​តំណែង​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ នៅ​ក្នុង​គណៈរដ្ឋមន្ត្រី​ថ្មី​មួយ​ដែល​ត្រូវ​បាន​ប្រកាស​នៅ​ក្នុង​ព្រឹត្តិបត្រ​របស់​រាជវាំង​ថៃ Royal Gazette នៅ​ថ្ងៃ​អង្គារ ទី​១ ខែ​កក្កដា។

សមាសភាព​រដ្ឋមន្ត្រី​ថ្មី​របស់​អ្នកស្រី ផែថងថាន ទទួល​បាន​ការ​អនុម័ត​យល់ព្រម​ពី​ព្រះមហាក្សត្រ​ថៃ ហើយ​ពិធី​ស្បថ​ចូល​កាន់​តំណែង​នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​សប្ដាហ៍​នេះ។

ក្រុម​អ្នក​តាមដាន​នយោបាយ​ថៃ បាន​និយាយ​ថា ការ​សម្រេច​ចិត្ត​របស់​អ្នកស្រី ផែថងថាន ក្នុង​ការ​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ គឺ​ដើម្បី​អាច​បន្ត​ស្ថិត​នៅ​ក្នុង​ជួរ​គណៈរដ្ឋមន្ត្រី​ថៃ ក្នុង​ករណី​ដែល​តុលាការ​ធម្មនុញ្ញ​ព្យួរ​អ្នកស្រី​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី។

ក្នុង​ថ្ងៃ​ដែល​តុលាការ​ធម្មនុញ្ញ​ថៃ សម្រេច​ព្យួរ​តំណែង​អ្នកស្រី ផែថងថាន អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) ជា​ឪពុក​របស់​អ្នកស្រី ផែថងថាន ត្រូវ​បង្ហាញ​ខ្លួន​នៅ​តុលាការ​ព្រហ្មទណ្ឌ ក្នុង​សវនាការ​ជំនុំជម្រះ​លើ​ការ​ចោទប្រកាន់​ប្រឆាំង​នឹង​រូបលោក​ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ​ថៃ ធ្វើឡើង​អំឡុង​កិច្ចសម្ភាសន៍​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងត្បូង កាលពី​ជាង ១០​ឆ្នាំ​មុន។ នេះ​បើ​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន BBC។

មេធាវី​របស់​លោក ថាក់ស៊ីន គឺ​លោក Winyat Chartmontree បាន​ឱ្យ​ដឹង​ថា លោក ថាក់ស៊ីន ចូលរួម​ក្នុង​សវនាការ​ជំនុំជម្រះ​នៅ​ម៉ោង ៩​ព្រឹក ថ្ងៃ​អង្គារ ទី​១ ខែ​កក្កដា។ តុលាការ​ព្រហ្មទណ្ឌ​ថៃ នឹង​បើក​សវនាការ​ជំនុំជម្រះ​រយៈពេល ៣​ថ្ងៃ​ជាប់ៗ​គ្នា ចាប់ពី​ថ្ងៃ​អង្គារ ទី​១ ខែ​កក្កដា ដល់​ថ្ងៃទី​៣ ខែ​កក្កដា។

លោក ថាក់ស៊ីន ត្រូវ​បាន​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ ជាមួយ​ប្រាក់​តម្កល់ ៥​សែន​បាត បន្ទាប់ពី​ត្រូវ​បាន​ចោទប្រកាន់​ជា​ផ្លូវការ​ពី​ព្រះរាជអាជ្ញា​ថៃ កាលពី​ខែ​សីហា ឆ្នាំ​២០២៤។ លោក​ត្រូវ​បាន​ហាមឃាត់​ចេញ​ក្រៅ​ប្រទេស​ដោយ​មិន​មាន​ការ​អនុញ្ញាត​ពី​តុលាការ។

លោក ថាក់ស៊ីន ឪពុក​របស់​អ្នកស្រី ផែថងថាន ត្រូវ​បាន​ពួក​យោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ពី​តំណែង​ក្នុង​ឆ្នាំ​២០០៦ ខណៈ​លោក​កំពុង​ចូលរួម​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ញូវយ៉ក។

ចំពោះ​ប្អូនស្រី​បង្កើត​របស់​លោក ថាក់ស៊ីន អ្នកស្រី យីងឡាក់ ដែល​ជា​ម្ដាយមីង​អ្នកស្រី ផែថងថាន ក៏​ត្រូវ​បាន​តុលាការ​ធម្មនុញ្ញ​ថៃ ដកហូត​តំណែង​នៅ​ថ្ងៃទី​៧ ខែ​ឧសភា ឆ្នាំ​២០១៤ មុន​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក៏​មាន​រដ្ឋប្រហារ​ទម្លាក់​គណៈរដ្ឋមន្ត្រី​របស់​គណបក្ស​ភឿថៃ ដែល​អ្នកស្រី យីងឡាក់ ជា​សមាជិក​ស្នូល​របស់​បក្ស​នេះ។

តុលាការ​ធម្មនុញ្ញ​ថៃ សម្រេច​ព្យួរ​តំណែង​នាយករដ្ឋមន្ត្រី​ពី​អ្នកស្រី ផែថងថាន តើ​ជា​ការ​បញ្ចៀស​រដ្ឋប្រហារ​យោធា​ឬ?

ចាប់តាំងពី​ការ​ផ្ដួល​រំលំ​របប​រាជានិយម​ផ្ដាច់ការ​របស់​រាជាណាចក្រ​ថៃ នៅ​ឆ្នាំ​១៩៣២ រាជាណាចក្រ​ក្រោយ​ទៀត​នេះ​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ ប៉ុន្តែ​រាជា​និយម​ថៃ បែប​ថ្មី​នេះ បាន​ឆ្លងកាត់​ការ​ធ្វើ​រដ្ឋប្រហារ​យោធា​ទម្លាក់​នាយករដ្ឋមន្ត្រី​ដល់​ទៅ ២០​លើក​មក​ហើយ។

រដ្ឋប្រហារ​ចុងក្រោយ​នៅ​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០១៤ រដ្ឋប្រហារ​ទម្លាក់​គណៈរដ្ឋមន្ត្រី​របស់​គណបក្ស​ភឿថៃ របស់​អតីត​នាយករដ្ឋមន្ត្រី ថាក់ស៊ីន ជា​ឪពុក​របស់​អ្នកស្រី ផែថងថាន។

អ្នក​សង្កេតការណ៍​ពិបាក​ប៉ាន់ស្មាន​ណាស់​ថា​តើ​នាយករដ្ឋមន្ត្រី​ក្រោយ​អ្នកស្រី ផែថងថាន ជា​នាយករដ្ឋមន្ត្រី​ស្ដីទី មក​ពី​ក្រុម​ចម្រុះ​ជាមួយ​នឹង​បក្ស​ភឿថៃ អាច​គេច​ផុត​ពី​រដ្ឋប្រហារ​ដែរ​ឬ​ទេ ព្រោះ​ដានជើង​មិន​ទាន់​លុប​នៅឡើយ ដែល​ទីបំផុត ពួក​យោធា​ថៃ បាន​ធ្វើ​រដ្ឋប្រហារ​រំលាយ​គណៈរដ្ឋមន្ត្រី​ថ្មី​របស់​បក្ស​ភឿថៃ ក្រោយ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​អ្នកស្រី យីងឡាក់ ត្រូវ​បាន​តុលាការ​ធម្មនុញ្ញ​ដកហូត​តំណែង​ជា​នាយករដ្ឋមន្ត្រី។

បើ​ស្ថានការណ៍​នយោបាយ​នៅ​ទីក្រុង​បាងកក នៅតែ​ចលាចល អាច​នឹង​មាន​រដ្ឋប្រហារ ហើយ​ពួក​យោធា​ថៃ នឹង​ច្បាម​យក​អំណាច​ជា​ថ្មី​ម្ដង​ទៀត តែ​ពួក​យោធា​ថៃ ធ្វើ​រដ្ឋប្រហារ​កាន់​អំណាច​មិន​ដែល​ទុក​ឱកាស​ឱ្យ​របប​ផ្ដាច់ការ​កើតមាន​នៅ​លើ​រាជាណាចក្រ​ថៃ បាន​ដាច់ខាត៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស