35.6 C
Phnom Penh

បេសកជន​ពិសេស​អាមេរិក​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​គៀវ មួយ​សប្ដាហ៍ ចំ​ពេល​រុស្ស៊ី បង្កើន​ការ​វាយប្រហារ​កាន់តែ​ខ្លាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ថ្ងៃ​ចន្ទ ទី​១៤ ខែ កក្កដា បេសកជន​ពិសេស​របស់​សហរដ្ឋ​អាមេរិក គឺ​លោក Keith Kellogg បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​គៀវ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​សន្តិសុខ បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រកាស​ផ្តល់​ប្រព័ន្ធ​ការពារ​ដែនអាកាស Patriot ថ្មីៗ​ឱ្យ​អ៊ុយក្រែន។

លោក Keith Kellogg ឧត្ដមសេនីយ៍ឯក​ចូលនិវត្តន៍​របស់​អាមេរិក កំពុង​ស្ថិត​នៅ​ក្នុង​ទីក្រុង​គៀវ (Kyiv) ចាប់ពី​ពី​ថ្ងៃ​ច័ន្ទ ទី​១៤ ខែ​កក្កដា នេះ ដែល​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ប្រទេស​អ៊ុយក្រែន លោក Keith Kellogg នឹង​បន្ត​ស្ថិត​នៅ​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​អ៊ុយក្រែន ក្នុង​រយៈពេល​មួយ​សប្ដាហ៍ ហើយ​វត្តមាន​របស់​ប្រេសិត​ពិសេស​របស់​លោក ដូណាល់ ត្រាំ រូប​នេះ​ត្រូវ​គេ​រំពឹង​ពី​ការ​ផ្លាស់ប្ដូរ​ដែល​អាច​កើត​មាន​នៅ​ក្នុង​គោលនយោបាយ​របស់​រដ្ឋការ​លោក ត្រាំ ស្ដីពី​សង្គ្រាម​រយៈពេល​ជាង ៣​ឆ្នាំ ៥​ខែ​មក​ហើយ​នេះ។

លោក Andriy Yermak ដែល​ជា​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​ប្រធានាធិបតី​អ៊ុយក្រែន ឱ្យ​ដឹង​ថា មាន​ប្រធានបទ​ជាច្រើន​សម្រាប់​កិច្ចពិភាក្សា​អំឡុង​ទស្សនកិច្ច​របស់​លោក Kellogg មាន​ដូចជា បញ្ហា​សន្តិសុខ ការពារ​ជាតិ សព្វាវុធ ទណ្ឌកម្ម និង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​អ៊ុយក្រែន និង​សហរដ្ឋ​អាមេរិក។

វត្តមាន​របស់​បេសកជន​ពិសេស​របស់​សហរដ្ឋ​អាមេរិក ចំ​ពេល​រដ្ឋធានី​គៀវ រង​ការ​វាយប្រហារ​ជា​រៀង​រាល់​ថ្ងៃ​ដោយ​ដ្រូន​រាប់​រយ​គ្រឿង និង​មីស៊ីល។ ក្នុង​មួយ​សប្ដាហ៍​ចុងក្រោយ​នេះ រុស្ស៊ី បាន​វាយលុក​ទីក្រុង​នានា​របស់​អ៊ុយក្រែន រួម​ទាំង​រដ្ឋធានី​គៀវ ជាមួយ​នឹង​យន្តហោះ​ដ្រូន​ជាង ១៥០០​គ្រឿង និង​មីស៊ីល​ផ្លោង​ដែល​ប្រព័ន្ធ​ការពារ​ដែនអាកាស​របស់​អ៊ុយក្រែន តស៊ូ​ដើម្បី​ទប់ទល់​យ៉ាង​លំបាក​បំផុត។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ កងទ័ព​រុស្ស៊ី ដ៏​ច្រើន កំពុង​ខិតខំ​ប្រឹងប្រែង​វាយលុក​កងទ័ព​អ៊ុយក្រែន នៅ​លើ​ផ្នែក​ខ្លះ​នៃ​សមរភូមិ​ជួរមុខ​ដែល​លាតសន្ធឹង ១២០០​គីឡូម៉ែត្រ។

កាលពី​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រកាស​ថា លោក​នឹង​បញ្ជូន​ប្រព័ន្ធ Patriot បន្ថែម​ឱ្យ​អ៊ុយក្រែន ដោយសារ​អ៊ុយក្រែន ត្រូវការ​វា​ចាំបាច់ ដើម្បី​ទប់ទល់​ការ​វាយប្រហារ​របស់​រុស្ស៊ី ប៉ុន្តែ​លោក​ប្រធានាធិបតី​មិន​បាន​បញ្ជាក់​ឡើយ​ថា ប្រព័ន្ធ Patriot ចំនួន​ប៉ុន្មាន​ឱ្យ​ប្រាកដ​ដែល​នឹង​ត្រូវ​ផ្តល់​ឱ្យ​ទីក្រុង​គៀវ។ បើ​តាម​លោក ត្រាំ ចាប់ពី​ពេលនេះ​ទៅ អាវុធ​របស់​អាមេរិក​ដែល​ត្រូវ​បញ្ជូន​ទៅ​ឱ្យ​អ៊ុយក្រែន ធ្វើឡើង​តាមរយៈ​អង្គការ NATO ហើយ NATO ត្រូវ​បង់​ចំណាយ​ឱ្យ​អាមេរិក។

លោក ត្រាំ បាន​បញ្ជាក់​ដូចនេះ​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ឯ​មូលដ្ឋាន​ទ័ព Andrews ខាងក្រៅ​ទីក្រុង​វ៉ាស៊ីនតោន។

លោក ត្រាំ មិន​បាន​បញ្ជាក់​អំពី​ចំនួន​ប្រព័ន្ធ​ការពារ​មីស៊ីល Patriots ដែល​គ្រោង​បញ្ជូន​ទៅ​អ៊ុយក្រែន នោះ​ទេ ប៉ុន្តែ​បាន​និយាយ​ថា អាមេរិក​នឹង​ទទួល​បាន​សំណង​មក​វិញ​សម្រាប់​ការ​ចំណាយ​របស់​អាមេរិក។

អង្គការ NATO បាន​ប្រកាស​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ថា អគ្គលេខាធិការ​យោធា NATO លោក Mark Rutte នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​វ៉ាស៊ីនតោន នៅ​ថ្ងៃ​ចន្ទ ទី​១៤ និង​ថ្ងៃ​អង្គារ ទី​១៥ ខែ​កក្កដា នេះ។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​នឹង​ជួប​ជាមួយ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ រដ្ឋមន្ត្រី​ការបរទេស លោក Marco Rubio និង​រដ្ឋមន្ត្រី​ការពារ​ជាតិ លោក Pete Hegseth។

ដំណើរ​ទស្សនកិច្ច​របស់​អគ្គលេខាធិការ​យោធា NATO លោក Mark Rutte បន្ទាប់ពី​លោក ត្រាំ បាន​ថ្លែង​ក្នុង​បទសម្ភាសន៍​ថ្មីៗ​នេះ​ថា អាមេរិក​អាច​នឹង​ផ្គត់ផ្គង់​អាវុធ​ដល់​អ៊ុយក្រែន តាមរយៈ​អង្គការ​NATO។ លោក ត្រាំ ក៏​បាន​បង្ហើប​ផង​ដែរ​ថា លោក​នឹង​ធ្វើ «សេចក្តី​ថ្លែងការណ៍​ដ៏​ធំ​មួយ» នៅ​ថ្ងៃ​ចន្ទ ទី​១៤ ខែ​កក្កដា នេះ។

សេចក្តី​ព្រាងច្បាប់​ដាក់​ទណ្ឌកម្ម​ក្នុង​បំណង​ដាក់​សម្ពាធ​ឱ្យ​ទីក្រុង​មូស្គូ ឱ្យ​ចូល​ចរចា​រក​សន្តិភាព​ពិតប្រាកដ​ជាមួយ​អ៊ុយក្រែន កំពុង​ទទួល​បាន​ការ​គាំទ្រ​ពី​ព្រឹទ្ធសភា​អាមេរិក។

មេដឹកនាំ​សំឡេង​ភាគច្រើន​នៃ​ព្រឹទ្ធសភា​នៃ​គណបក្ស​សាធារណរដ្ឋ លោក John Thune បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ព្រឹទ្ធសភា​អាច​បោះឆ្នោត​សម្រេច​លើ​សេចក្តី​ព្រាងច្បាប់​នៅ​ក្នុង​ខែ​នេះ។

ចំណែក​លោក Mike Johnson សមាជិក​សភា​ជាន់ខ្ពស់​ខាង​គណបក្ស​សាធារណរដ្ឋ ក៏​បាន​សម្ដែង​សុទិដ្ឋិនិយម​ស្រដៀង​គ្នា​នេះ​ដែរ ខណៈ​សមាជិក​ព្រឹទ្ធសភា​ផ្សេង​ទៀត​នៃ​បក្ស​សាធារណរដ្ឋ លោក Lindsey Graham និង​រដ្ឋមន្ត្រី​ការបរទេស លោក Marco Rubio បាន​ប្រាប់​អ្នក​ការទូត​ថា សេចក្តី​ព្រាងច្បាប់​នេះ​នឹង​ដំណើរការ​ទៅ​មុខ។

បើ​តាម​លោក Lindsey Graham សមាជិក​ព្រឹទ្ធសភា​បក្ស​សាធារណរដ្ឋ បាន​ថ្លែង​តាម​កញ្ចក់​ទូរទស្សន៍ CBS ថា សង្គ្រាម​អ៊ុយក្រែន បាន​ឈាន​ដល់​របត់​ថ្មី​ហើយ។ លោក​ថា លោក​ប្រធានាធិបតី ត្រាំ កំពុង​សិក្សា​សំណើ​ដំឡើង​ទណ្ឌកម្ម ដោយ​យក​ពន្ធ​ដល់ ៥០០% ចំពោះ​ប្រទេស​ណា​ដែល​ជួយ​រុស្ស៊ី។

វិធានការ​បង្កក​ទ្រព្យសម្បត្តិ​រុស្ស៊ី ឬ​បង្កើន​ការ​លក់​អាវុធ​ឱ្យ​សម្ព័ន្ធមិត្ត​អឺរ៉ុប ក្នុង​បរិមាណ​ច្រើន​ដើម្បី​អាច​ឱ្យ​អ៊ុយក្រែន ជា​ចំណែក​មួយ​នៃ​ការ​ប្រើប្រាស់​អាវុធ​របស់​អាមេរិក។ ប្រធានាធិបតី​អ៊ុយក្រែន លោក ហ្សេឡេនស្គី បាន​ហៅ​វិធានការ​នេះ​ជា​មធ្យោបាយ​មួយ​ដែល​អាច​ចាប់​បង្ខំ​រុស្ស៊ី បញ្ឈប់​ការ​ឈ្លានពាន​អ៊ុយក្រែន។

អ្នកគាំទ្រ​អ៊ុយក្រែន នៅ​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​គៀវ កំពុង​រង់ចាំ​នូវ​អ្វី​ដែល​ប្រធានាធិបតី ដូណាល់ ត្រាំ អះអាង​ថា​សេចក្តី​ថ្លែងការណ៍​របស់​លោក​វា​មាន​ន័យ​ដ៏​សំខាន់​ចំពោះ​សង្គ្រាម​រុស្ស៊ី នៅ​អ៊ុយក្រែន។ យ៉ាងនេះ​ក្តី វា​មិន​ច្បាស់​ទេ​ថា តើ​លោក ត្រាំ នឹង​បោះបង់​ការ​ផ្សះផ្សា​ទំនាក់ទំនង​ការទូត​ជាមួយ​រុស្ស៊ី ឬ​ទេ ព្រោះ​លោក ត្រាំ ត្រូវ​គេ​មើល​ឃើញ​ថា​ជា​មេដឹកនាំ​អាមេរិក​ដែល​ទន់ជ្រាយ​ខ្លាំង​ទៅ​លើ​របប​ក្រុង​មូស្គូ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស