អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បានសរសេរលើបណ្ដាញសង្គមអ៊ិច (X social media) នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ដោយបង្ហាញការព្រួយបារម្ភជាខ្លាំងចំពោះជម្លោះប្រដាប់អាវុធនៅតាមព្រំដែននៃប្រទេសកម្ពុជា និងថៃ។
លោកបានជំរុញឲ្យភាគីទាំងពីរ ព្រមព្រៀងទទួលយកនូវបទឈប់បាញ់ជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាតាមរយៈការចរចា។
លោកបញ្ជាក់ថា លោកនឹងចូលរួមជាមួយកិច្ចប្រឹងប្រែងនេះ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី។
ប្រទេសថៃ បានបង្កជម្លោះប្រដាប់អាវុធដាក់ប្រទេសកម្ពុជា តាំងពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដែលចាប់ផ្ដើមឡើងនៅតំបន់ប្រាសាទតាមាន់ធំ ស្ថិតនៅក្នុងខេត្តឧត្ដរមានជ័យ ដែនដីប្រទេសកម្ពុជា។
នៅយប់ថ្ងៃទី២៦ ខែកក្កដា (ម៉ោងនៅប្រទេសកម្ពុជា) ប្រធានាធិបតីសហរដ្ឋអាមេរិក បានចូលអន្តរាគមន៍ឲ្យប្រទេសថៃ និងកម្ពុជា បញ្ចប់ជម្លោះប្រដាប់អាវុធតាមបណ្ដោយព្រំដែន ប៉ុន្តែរហូតមកដល់រសៀលថ្ងៃទី២៧ ខែកក្កដា នេះ កម្លាំងប្រដាប់អាវុធថៃ នៅតែបន្តបាញ់ដាក់ប្រទេសកម្ពុជា នៅឡើយ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

