30 C
Phnom Penh

អ្នកវិភាគ​បស្ចិម​ប្រទេស​ព្យាករ​ថា បើ​មិន​ឆាប់​បញ្ចប់​ជម្លោះ​កម្ពុជា-ថៃ នោះ​អាច​ប្រទាញ​ប្រទេស​ដទៃ​ចូល​ជួយ​សម្ព័ន្ធមិត្ត​រៀង​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទាក់ទង​នឹង​ជម្លោះ​ប្រដាប់​អាវុធ​រឿង​ព្រំដែន​រវាង​ខ្មែរ និង​ថៃ អ្នកវិភាគ​ខាង​បស្ចិម​ប្រទេស​គិត​ឃើញ​ថា បើ​ការ​វាយប្រហារ​គ្នា​នេះ​មិន​បញ្ចប់​ឲ្យ​ឆាប់​រហ័ស​ទេ សង្គ្រាម​ទ្រង់ទ្រាយ​ធំ​អាច​នឹង​ប្រទាញ​ប្រទេស​ដទៃ​ចូល​មក​ជួយ​មិត្ត ឬ​សម្ព័ន្ធមិត្ត​រៀងៗ​ខ្លួន។

ប្រភព BNE News ឬ​ព័ត៌មាន​ស៊ើបការណ៍​ខាង​ពាណិជ្ជកម្ម​ពី​អឺរ៉ុប​ខាងកើត អឺរ៉ុប​អាស៊ី មជ្ឈិមបូព៌ា និង​អាហ្វ្រិក សរសេរ​ផ្សាយ​ក្នុង​គេហទំព័រ​ប្ល៊ក​អាស៊ី​ពី​ទីក្រុង ហូ ជី មិញ នៅ​ថ្ងៃ​សុក្រ ទី​២៥ ខែ​កក្កដា ថា បើ​សង្គ្រាម​ផ្ទុះ​ឆាបឆេះ​កាន់តែ​ធំ​រវាង​ប្រទេស​សមាជិក​អាស៊ាន​ដូច​គ្នា​ពីរ វា​នឹង​បង្ហាញ​ថា​កិច្ច​ការទូត​បរាជ័យ អាស៊ាន​ក្នុង​នាម​ជា​អង្គការ​មួយ​និយម​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី ក្លាយ​ជា​អង្គការ​មួយ​ខ្វិន​អវយវៈ ឬ​ស្វិត​លោង ធ្វើ​អ្វី​មិន​កើត។

ប្រទេស​យៀកណាម ជា​កល្យាណមិត្ត មាន​សម្ព័ន្ធភាព​យ៉ាង​ជិតស្និទ្ធ​នឹង​ប្រទេស​កម្ពុជា មិន​ចង់​លូក​ដៃ​ចេញ​មុខ​ទេ ពីព្រោះ​ប្រទេស​ថៃឡង់ដ៍ ជា​សម្ព័ន្ធមិត្ត​នឹង​សហរដ្ឋ​អាមេរិក ប៉ុន្តែ​ក៏​មិន​ចង់​ឃើញ​សង្គ្រាម​ចលាចល​នៅ​ក្បែរ​ខ្លួន​ដែរ។ ប្រទេស​កម្ពុជា អាច​ពឹងពាក់​ចិន ទាក់ទង​នឹង​ព័ត៌មាន​សម្ងាត់​ពី​បច្ចាមិត្ត និង​អាវុធ​ទំនើបៗ។

ជាមួយ​គ្នា​នេះ មហាអំណាច​សហរដ្ឋ​អាមេរិក ក៏​អាច​នឹង​ឈាន​ជើង​ចូល​ក្នុង​ឆាក​ប្រកួតប្រជែង​ដើម្បី​ប្រយោជន៍​ភូមិសាស្ត្រ​នយោបាយ​របស់​គេ​ដែរ។ ក្រុង​វ៉ាស៊ីនតោន ទំនង​ជា​នឹង​មិន​អង្គុយ​ស្ងៀម​ធ្វើ​ជា​អ្នក​សង្កេតការណ៍​នោះ​ទេ។

ទស្សនៈ​ក្នុង​គេហទំព័រ​ប្ល៊ក​អាស៊ី បន្ត​ថា បើ​ប្រទេស​កម្ពុជា​ទោរទន់​ទ្រេត​ទៅ​ខាង​ចិន ធ្ងន់​ខ្លាំង សហរដ្ឋ​អាមេរិក​អាច​នឹង​មក​ជ្រោង​ប្រទេស​ថៃឡង់ដ៍ ហើយ​ក៏​អាច​ធ្វើ​សហប្រតិបត្តិការ​ជាមួយ​យៀកណាម ដែរ ដើម្បី​ទប់ទល់​នឹង​ការ​ពង្រឹង​ឥទ្ធិពល អនុត្តរភាព ឬ​អានុភាព​ចិន នៅ​អាស៊ីអាគ្នេយ៍ តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក ជាពិសេស​សមុទ្រ​ចិន​ខាងត្បូង។

អ្នកវិភាគ​ព្យាករ​ថា បើ​មាន​សង្គ្រាម​ពេញ​បន្ទុក​នៅ​តំបន់ ប្រទេស​ទាំងឡាយ​ក្នុង​ភូមិភាគ​អាស៊ីអាគ្នេយ៍ នឹង​ប្រែ​រូបភាព​ផែនទី​ភូមិសាស្ត្រ​នយោបាយ​របស់​ខ្លួន​ហើយ គឺ​ថា​ប្រទេស​ខ្លះ​រត់​ទៅ​តោង​ចិន ប្រទេស​ខ្លះ​រត់​ទៅ​តោង​សហរដ្ឋ​អាមេរិក ពោល​គឺ​លែង​មាន​ឯករាជភាព​ពិតប្រាកដ។ វិបត្តិ​សង្គម​មនុស្ស​ជាតិ​ក៏​រីក​រាលដាល​លែង​ប្រក្រតី​តទៅទៀត​ហើយ បើ​គេ​បណ្តោយ​ឲ្យ​សង្គ្រាម​ស្ថិត​នៅ​រ៉ាំរ៉ៃ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស