ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ព្រមានថា សង្គ្រាមកម្ពុជា-ថៃ មិនបានជួយពង្រឹងសម្ព័ន្ធភាពរបស់ថៃ ជាមួយអាមេរិកទេ ហើយក៏មិនអាចដោះស្រាយបញ្ហាប្រឈមដែលប្រទេសទាំងពីរជួបប្រទះនោះដែរ ផ្ទុយទៅវិញ វានាំឱ្យខាតបង់ជីវិតមនុស្ស និងទ្រព្យសម្បត្តិប៉ុណ្ណោះ។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី៣០ កក្កដា នេះ បានបង្ហោះវីដេអូមួយដែលបានលើកឡើងពីជម្លោះកម្ពុជា-ថៃ ដែលក្នុងនោះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសថៃ លោក ហ្សន អូនៀល (Sean O’Neill) បានលើកឡើងថា លោកសូមចង្អុលទៅកាន់ប្រទេសថៃ ដែលជាសម្ព័ន្ធមិត្តសន្ធិសញ្ញាតែមួយគត់របស់អាមេរិកនៅអាស៊ី ជុំវិញជម្លោះកម្ពុជា-ថៃ នាពេលនេះ។
លោកបន្តថា ជម្លោះនេះបានធ្វើឱ្យបាត់បង់ជីវិតជនស៊ីវិល ហើយនេះក៏ជាការព្រួយបារម្ភយ៉ាងខ្លាំងរបស់អាមេរិកដែរ។
លោក Sean O’Neill ព្រមានរដ្ឋាភិបាលថៃ ជុំវិញជម្លោះដែលកំពុងកើតមានជាមួយនឹងកម្ពុជា ថា សង្គ្រាមប្រភេទនេះ ឬជម្លោះប្រភេទនេះ នឹងមិនមានប្រយោជន៍ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនថៃ នោះទេ។
លោក ហ៊ុន ម៉ាណែត ចាត់ទុកការថ្លែងបែបនេះ គឺជាការគូសបញ្ជាក់ពីក្តីបារម្ភរបស់អន្តរជាតិយ៉ាងខ្លាំងដែលកំពុងកើនឡើងចំពោះសកម្មភាពយោធារបស់ប្រទេសថៃ និងឥទ្ធិពលរបស់ពួកគេទៅលើសន្តិភាព និងស្ថិរភាពក្នុងតំបន់នាពេលនេះ។
ចាប់ពីព្រឹកព្រលឹមថ្ងៃទី២៤ កក្កដា យោធាថៃ បានវាយប្រហារដោយយន្តហោះចម្បាំង កាំភ្លើងត្បាល់ គ្រាប់បែកចង្កោម និងផ្សែងពុលលើទឹកដីកម្ពុជា រហូតដល់ពាក់កណ្តាលអាធ្រាត្រថ្ងៃទី២៨ ខែកក្កដា បន្ទាប់ពីនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានឯកភាពលើកិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់តាមសំណើរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
ជុំវិញបញ្ហានេះ អ្នកសារព័ត៌មាន CNA របស់ប្រទេសសិង្ហបុរី បានធ្វើសេចក្តីរាយការណ៍ផ្ទាល់ពីស្រុកសំរោង ខេត្តឧត្ដរមានជ័យ កាលពីយប់ថ្ងៃទី២៨ ខែកក្កដា ថា កម្ពុជាមិនបានល្មើសនឹងបទឈប់បាញ់ដូចការចោទប្រកាន់របស់រដ្ឋាភិបាលថៃ ឡើយ ព្រោះរូបគេកំពុងស្ថិតនៅក្នុងតំបន់ព្រំដែនរបស់កម្ពុជាដោយផ្ទាល់ ដែលមានចម្ងាយប្រមាណតែ ២០គីឡូម៉ែត្រពីខ្សែបន្ទាត់ព្រំដែនជួរមុខ និងបាននិយាយដោយផ្ទាល់ជាមួយពលរដ្ឋដែលនៅទីនោះថែមទៀត។
អ្នកសារព័ត៌មានសិង្ហបុរី រូបនេះ បញ្ជាក់ថា ពេលនេះ គ្មានសំឡេងប្រយុទ្ធគ្នានោះទេ គឺមិនឮស្នូរគ្រាប់កាំភ្លើងឡើយ ក្រោយពេលបទឈប់បាញ់ចូលជាធរមាន ប៉ុន្តែមុនពេលបទឈប់បាញ់ចូលជាធរមាន ពិតជាឮសំឡេងការប្រយុទ្ធគ្នាយ៉ាងខ្លាំងពិតមែន។
ក្រោយភាគីទាំងពីរព្រមព្រៀងគ្នាលើបទឈប់បាញ់ អនុព័ន្ធយោធាមកពីប្រទេសមហាអំណាច និងប្រទេសសមាជិកអាស៊ាន ព្រមទាំងមន្ត្រីនានាសរុប ១៣ប្រទេស នៅថ្ងៃទី៣០ ខែកក្កដា នេះ បានចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់សមរភូមិច្រកអានសេះ ខេត្តព្រះវិហារ និងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដទៃទៀតផងដែរ។
ជុំវិញបញ្ហានេះ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ដែលចុះតាមដានសង្កេតការណ៍ជាមួយអនុព័ន្ធយោធានៅថ្ងៃទី៣០ កក្កដា នេះ បានអះអាងថា ទាហានថៃ មិនស្តាប់ការហាមឃាត់ឱ្យចូលទឹកដីកម្ពុជាឡើយ។
លោកថា ពួកគេនៅតែបន្តព្យាយាមចូលក្នុងទឹកដីកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិអានសេះ ខេត្តព្រះវិហារ បើទោះបីជាមានអនុព័ន្ធយោធា និងមហាអំណាចទាំង ១៣ប្រទេស រួមមាន អាមេរិក ចិន រុស្ស៊ី និងជប៉ុន ជាដើម នៅចំពោះមុខពួកគេក៏ដោយ។
ជុំវិញបញ្ហានេះ តំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរប្រចាំរដ្ឋវិចតូរីយ៉ា លោក តាក់ ម៉េង ហ៊ាង ចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី៣០ កក្កដា នេះ ដោយគាំទ្រកិច្ចព្រមព្រៀងបទឈប់បាញ់នេះ ព្រោះការដោះស្រាយជម្លោះព្រំដែន គឺធ្វើនៅតុលាការយុត្តិធម៌អន្តរជាតិ ឬតាមរយៈការចរចាទ្វេភាគី មិនមែនដោយអាវុធនោះទេ។
តំណាងរាស្ត្រអូស្ត្រាលី រូបនេះ អំពាវនាវឱ្យរដ្ឋាភិបាលអូស្ត្រាលី ដើរតួនាទីក្នុងការបន្តជំរុញឱ្យមានសន្តិភាពរវាងប្រទេសថៃ និងកម្ពុជា ព្រោះកម្ពុជា គឺជាប្រទេសដែលធ្លាប់ត្រូវបានបំផ្លាញដោយសង្គ្រាម ដូច្នេះកម្ពុជាមិនស្វែងរកសង្គ្រាមទេ គឺកម្ពុជាចង់បានតែសន្តិភាពប៉ុណ្ណោះ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

