33.4 C
Phnom Penh

អាមេរិក​បន្ត​រៀបចំ​ផែនការ​យោធា​ឃ្លាំមើល​តាម​អាកាស​ពី​ការ​អនុវត្ត​បទ​ឈប់​បាញ់​រវាង​កម្ពុជា-ថៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ការពារ​ជាតិ​កម្ពុជា អះអាង​ថា អាមេរិក​នឹង​បន្ត​រៀបចំ​ផែនការ​យោធា គ្រឿង​បរិក្ខារ ប្រព័ន្ធ​បញ្ជូន​កម្លាំង ការ​ឃ្លាំមើល​តាម​អាកាស និង​សម្ភារៈ​បច្ចេកទេស​ទំនើប​ដទៃ​ទៀត​ដើម្បី​ចូលរួម​ឃ្លាំមើល​ការ​អនុវត្ត​បទ​ឈប់​បាញ់​រវាង​កម្ពុជា-ថៃ ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​ប្រធានាធិបតី​លោក ដូណាល់ ត្រាំ (Donald Trump) ដែល​នឹង​ដឹកនាំ​ដោយ​ប្រទេស​ម៉ាឡេស៊ី។

ក្រសួង​ការពារ​ជាតិ​កម្ពុជា ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​៧ សីហា នេះ​ថា ក្នុង​ជំនួប​រដ្ឋមន្ត្រី​ការពារ​ជាតិ លោក ទៀ សីហា ជាមួយ​នាយ​ឧត្ដមនាវី Samuel Paparo មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​ឥណ្ឌូ​ប៉ាស៊ីហ្វិក សហរដ្ឋ​អាមេរិក (USINDOPACOM) និង​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​ម៉ាឡេស៊ី លោក Edgard Kagan កាលពី​ថ្ងៃទី​៦ ខែ​សីហា បាន​បញ្ជាក់​ថា អាមេរិក​នឹង​តាមដាន​ដោយ​យកចិត្ត​ទុកដាក់​បំផុត ដើម្បី​ឲ្យ​ការ​អនុវត្ត​បទ​ឈប់​បាញ់​ប្រកប​ដោយ​ភាព​ជោគជ័យ និង​មាន​ប្រសិទ្ធភាព​ខ្ពស់។

ប្រភព​ដដែល​អះអាង​ថា សហរដ្ឋ​អាមេរិក​នឹង​ចូលរួម​គាំទ្រ​ផ្នែក​ភស្តុភារ និង​បច្ចេកទេស​សំខាន់ៗ ដើម្បី​បង្កើត​ក្រុម​ការងារ​អ្នក​សង្កេតការណ៍​អាស៊ាន (AMT) ឲ្យ​បាន​លឿន​បំផុត។ លើស​ពី​នេះ សហរដ្ឋ​អាមេរិក ក៏​បាន​បង្ហាញ​ពី​ការ​អនុវត្ត​របស់​សហរដ្ឋ​អាមេរិក​បន្ត​ទៀត​ដែរ ដូចជា ការ​ធ្វើ​ផែនការ​យោធា គ្រឿង​បរិក្ខារ ប្រព័ន្ធ​បញ្ជូន​កម្លាំង ប្រព័ន្ធ​ឃ្លាំមើល​តាម​អាកាស និង​សម្ភារៈ​បច្ចេកទេស​ទំនើប​ជាច្រើន​ទៀត។

ក្រសួង​ការពារ​ជាតិ​កម្ពុជា បញ្ជាក់​ថា ជំហរ​របស់​សហរដ្ឋ​អាមេរិក​បែប​នេះ គឺជា​ការ​បង្ហាញ​ពី​ការ​តាំងចិត្ត​ខ្ពស់ និង​បាន​ត្រៀម​ខ្លួន​ចូលរួម​បញ្ចប់​ជម្លោះ​រវាង​កម្ពុជា-ថៃ ដើម្បី​កសាង​ឱ្យ​មាន​សន្តិភាព​កើតឡើង​ដោយ​ពិតប្រាកដ​រវាង​ប្រទេស​ទាំង​ពីរ។

នៅ​ថ្ងៃទី​៧ ខែ​សីហា នេះ ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា ក្នុង​ជំនួប​ដាច់ដោយឡែក​ជាមួយ​គណៈប្រតិភូ​ថៃ និង​គណៈប្រតិភូ​កម្ពុជា មុន​ពេល​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) នៅ​ទីក្រុង​កូឡាឡាំពួរ អាមេរិក​បញ្ជាក់​ជំហរ​យ៉ាង​ច្បាស់​ពី​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​បទ​ឈប់​បាញ់​រវាង​កម្ពុជា-ថៃ។

កាលពី​ថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​២០២៥ រដ្ឋមន្ត្រី​ស្តីទី​នៃ​ក្រសួង​ការពារ​ជាតិ​ថៃ ឧត្ដមសេនីយ៍ Nattaphon Narkphanit បាន​លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា ប្រទេស​ថៃ បាន​ដាក់​ចេញ​នូវ​លក្ខខណ្ឌ​ចំនួន ៨​ចំណុច​សម្រាប់​កិច្ចចរចា GBC នៅ​ប្រទេស​ម៉ាឡេស៊ី ក្នុង​គោលបំណង​ដើម្បី​ធានា​សន្តិភាព និង​ដោះស្រាយ​ជម្លោះ។

លោក Nattaphon Narkphanit បាន​ចោទ​ថា​កម្ពុជា​បាន​រំលោភ​លើ​បទ​ឈប់​បាញ់​រវាង​កម្ពុជា-ថៃ រហូត​មក។

ប៉ុន្តែ​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក ជុំ សុន្ទរី បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃទី​៧ សីហា នេះ​ថា កម្ពុជា​ស្រងាក​ចិត្ត​ខ្លាំង​បំផុត​ចំពោះ​យុទ្ធនាការ​ព័ត៌មាន​ក្លែងក្លាយ​នៅ​ប្រទេស​ថៃ ក្នុង​ចេតនា​បំភ្លៃ​ឆន្ទៈ​របស់​កម្ពុជា ដែល​ប្រាថ្នា​ចង់​តែ​បាន «សន្តិភាព» និង​តែង​អនុវត្ត​នូវ​បទ​ឈប់​បាញ់​រហូត​មក។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា រូប​នេះ​បញ្ជាក់​ថា ទង្វើ​របស់​ភាគី​ថៃ ដែល​ខំ​បំភ្លៃ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​ចេតនា​បង្កាច់​បង្ខូច​លើ​កម្ពុជា​បែប​នេះ គឺ​ដើម្បី​តែ​បង្វែរ​ការ​ចាប់អារម្មណ៍​ពី​សកម្មភាព​ឈ្លានពាន​របស់​ថៃ ខ្លួនឯង​ផ្ទាល់​លើ​កម្ពុជា ប៉ុណ្ណោះ ខណៈ​កម្ពុជា ព្យាយាម​ការពារ​ខ្លួន​ពី​ការ​ឈ្លានពាន​នេះ ដើម្បី​សន្តិភាព​សម្រាប់​ប្រទេស​ទាំង​ពីរ​តែប៉ុណ្ណោះ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស