ពីប្រទេសម៉ាឡេស៊ី រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងសមភាគីថៃ បានឯកភាពគ្នាចំនួន ១៣ចំណុចជាគន្លឹះដោះស្រាយជម្លោះព្រំដែនរវាងប្រទេសទាំងពីរ ដែលបានបើកប្រើប្រាស់កម្លាំងទ័ពវាយប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារយៈពេល ៥ថ្ងៃកាលពីថ្ងៃទី២៤ កក្កដា ដល់ថ្ងៃទី២៨ កក្កដា កន្លងទៅនេះ។
ក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅរួមគ្នា GBC ដោយមានការចូលរួមសង្កេតការណ៍ពីមន្ត្រីម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ភាគីកម្ពុជាតំណាងដោយឧត្ដមសេនីយ៍ ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្ត្រីស្តីទីនៃក្រសួងការពារជាតិនៃព្រះរាជាណាចក្រថៃ។
កិច្ចប្រជុំពិសេសនេះ ត្រូវគេមើលឃើញថាបានប្រព្រឹត្តទៅក្នុងបរិយាកាសស្ថាបនា និងមានលទ្ធផលជាវិជ្ជមាន ដោយភាគីទាំងពីរក៏បានឯកភាពលើលក្ខខណ្ឌនៃបទឈប់បាញ់ និងការរៀបចំយន្តការអនុវត្តបញ្ឈប់ការប្រឈមមុខដាក់គ្នារវាងកងទ័ពនៃប្រទេសទាំងពីរនៅតាមតំបន់ព្រំដែនរួមគ្នា។
ចំពោះខ្លឹមសារទាំង ១៣ចំណុចនៃកិច្ចព្រមព្រៀងនៃគណៈកម្មាធិការព្រំដែនទូទៅរួមគ្នា GBC មានដូចតទៅនេះ៖
ចំណុចទី១ (ធំ) ស្ដីពីការរៀបចំនីតិវិធីនៃការប្រតិបត្តិបទឈប់បាញ់៖
- ភាគីទាំងពីរបានព្រមព្រៀងគ្នាដោយគ្មានលក្ខខណ្ឌចំពោះបទឈប់បាញ់ទៅលើការបញ្ឈប់នូវការប្រើប្រាស់សព្វាវុធគ្រប់ប្រភេទក្នុងគោលដៅវាយប្រហារទៅលើជនស៊ីវិល និងយោធានៅគ្រប់ទីតាំងក្នុងតំបន់ជម្លោះទាំងអស់។
- ភាគីទាំងពីរត្រូវរក្សាកងទ័ពរបស់ខ្លួននៅទីតាំងដដែលដូចនៅម៉ោង ២៤:០០នាទី នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលមិនអនុញ្ញាតឱ្យកងទ័ពទាំងពីរភាគីធ្វើការបំពានដោយការចល័តចូលទៅកាន់ទីតាំងរបស់ភាគីម្ខាងទៀតបានឡើយ។
- មិនមានការអនុញ្ញាតឱ្យធ្វើការបន្ថែមនូវកម្លាំងយោធានៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលជាការទប់ស្កាត់ និងកុំពង្រីកភាពតានតឹង ឬកុំបង្កការរាំងស្ទះដល់ដំណើរការដោះស្រាយរយៈពេលវែង។
- ភាគីទាំងពីរមិនត្រូវបានអនុញ្ញាតឱ្យធ្វើសកម្មភាពយោធាបង្កភាពតានតឹងមួយចំនួន ដូចជាការរំលោភចូលដែលអាកាស និងដែនដីគ្នាទៅវិញទៅមក។ ភាគីទាំងពីរត្រូវគោរពទៅតាមកិច្ចព្រមព្រៀងដែលបានចូលជាធរមានកាលពីម៉ោង ២៤:០០នាទី នាថ្ងៃទី២៨ ខែកក្កដា កន្លងទៅ។ ភាគីទាំងពីរក៏បានព្រមព្រៀងគ្នាក្នុងការមិនអនុញ្ញាតឱ្យមានការសង់សំណង់យោធាណាមួយក្នុងចេតនាលើសពីការការពារខ្លួន។
- ភាគីទាំងពីរព្រមព្រៀងគ្នាដោយមិនប្រើកម្លាំងយោធាណាមួយប្រឆាំងនឹងជនស៊ីវិលគ្រប់កាលៈទេសៈ។ មិនធ្វើឱ្យប៉ះពាល់ដល់សហគមន៍នៅតាមព្រំដែន ពោលគឺត្រូវគោរពច្បាប់អន្តរជាតិ គោរពសិទ្ធិមនុស្ស និងមិនធ្វើឱ្យប៉ះពាល់ដល់រូបភាពនយោបាយអន្តរជាតិ និងភាគីដែលមិនពាក់ព័ន្ធ។
- ភាគីទាំងពីរបានព្រមព្រៀងគ្នាដោយការធានាថា ទាហានដែលជាប់ឃុំត្រូវទទួលបានអាហារគ្រប់គ្រាន់ ការស្នាក់នៅ បរិក្ខារពេទ្យ និងការថែទាំសុខភាពត្រឹមត្រូវ។ ក្នុងករណីទាហាន ឬពលរដ្ឋរងរបួសដែលមិនស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន ត្រូវអនុញ្ញាតឱ្យទទួលការព្យាបាលដូចគ្នាទៅវិញទៅមកតាមលទ្ធភាព និងតាមសមត្ថភាពសេវាសុខាភិបាល។ ទាហានដែលត្រូវបានជាប់ឃុំ ត្រូវដោះលែងភ្លាមៗ បន្ទាប់ពីបញ្ចប់សកម្មភាពប្រយុទ្ធ ដោយយោងទៅតាមមាត្រា១១៨ នៃអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ និងច្បាប់មនុស្សធម៌អន្តរជាតិ។ ភាគីទាំងពីរក៏បានព្រមព្រៀងគ្នាក្នុងការចែករំលែកព័ត៌មាន បញ្ជាក់អត្តសញ្ញាណ និងប្រគល់សពទាហានដែលបានពលីប្រកបដោយសេចក្តីថ្លៃថ្នូរ និងទាន់ពេលវេលា ដែលជាការគោរពពេញលេញនៃគោលការណ៍មនុស្សធម៌ និងយុត្តាធិការដោយមិនឆ្លងកាត់ព្រំដែន និងត្រូវប្រាកដថាមានវិធានការសមស្របដើម្បីកំណត់អត្តសញ្ញាណ និងគ្រប់គ្រងទាហានដែលស្លាប់ ក្រោមការធ្វើអនាម័យ និងលក្ខខណ្ឌថ្លៃថ្នូរដល់ទាហានដែលស្លាប់។
- ក្នុងករណីមានជម្លោះប្រដាប់អាវុធ ទោះមានចេតនា ឬអចេតនា ភាគីទាំងសងខាងត្រូវតែធ្វើពិគ្រោះយោបល់ភ្លាមៗនៅថ្នាក់មូលដ្ឋាន តាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ ដើម្បីទប់ស្កាត់ស្ថានការណ៍កុំបង្កឲ្យមានភាពតានតឹងតាមព្រំដែនទាំងមូល។
ជម្លោះអូសបន្លាយ នឹងបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពរបស់ជនស៊ីវិល និងទាហានទាំងសងខាង ព្រមទាំងបង្កើនភាពតានតឹង ដែលធ្វើឱ្យស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកដំណោះស្រាយរួម។
ចំពោះចំណុចទី៨ ភាគីទាំងពីរ បានយល់ព្រមគ្នាលើ ៣ចំណុចដូចទៅនេះ៖
- រក្សាទំនាក់ទំនងជាទៀងទាត់រវាងតំបន់ប្រកាសអាសន្ន និងតំបន់យោធា និងអង្គភាពតាមបណ្តោយព្រំដែនរវាងភាគីទាំងសងខាង និងខិតខំដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងចៀសវាងការប៉ះទង្គិចគ្នា។
- កោះប្រជុំគណៈកម្មាធិការព្រំដែនក្នុងតំបន់ RBC ក្នុងរយៈពេលពីរសប្តាហ៍ បន្ទាប់ពីកិច្ចប្រជុំវិសាមញ្ញ GBC នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ ភាគីម្ចាស់ផ្ទះនៃកិច្ចប្រជុំ នឹងត្រូវកំណត់តាមការព្រមព្រៀងគ្នានៅពេលក្រោយ។
- រក្សាទំនាក់ទំនងទៀងទាត់ និងដោយផ្ទាល់រវាងរដ្ឋមន្ត្រី និងប្រមុខនៃកងកម្លាំងការពារ។
ចំណុចទី៩៖
ភាគីទាំងសងខាងយល់ព្រមនឹងគ្នាមិនធ្វើការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ក្នុងគោលបំណងកាត់បន្ថយភាពតានតឹង បន្ថយអារម្មណ៍សាធារណៈអវិជ្ជមាន និងជំរុញឱ្យមានបរិយាកាសអំណោយផលដល់កិច្ចសន្ទនាសន្តិភាព។
ចំណុចទី១០
ភាគីទាំងពីរនៅតែប្ដេជ្ញាអនុវត្តការយោគយល់រួមដែលសម្រេចបាននៅក្នុងកិច្ចប្រជុំពិសេសនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលក្រុមអ្នកសង្កេតការណ៍អាស៊ានដឹកនាំដោយប្រទេសម៉ាឡេស៊ី ត្រូវបានបង្កើតឡើងដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តនៅតំបន់ព្រំដែន។
ចំណុចទី១១
ភាគីទាំងសងខាងយល់ព្រមប្រគល់សិទ្ធិដល់គណៈកម្មការព្រំដែនតំបន់រួម RBCs រៀងៗខ្លួន ដើម្បីអនុវត្តបទឈប់បាញ់ក្នុងការសម្របសម្រួល និងសង្កេតដោយក្រុមអ្នកសង្កេតការណ៍អាស៊ានដឹកនាំដោយម៉ាឡេស៊ី។
កិច្ចប្រជុំគណៈកម្មការព្រំដែនតំបន់ RBCs នឹងត្រូវបានធ្វើឡើងជាទៀងទាត់ និងបញ្ជូនរបាយការណ៍ទៅកាន់គណៈកម្មការព្រំដែនរួម GBC តាមរយៈទីស្នាក់ការជាតិរៀងៗខ្លួន។
ចំណុចទី១២
រង់ចាំការចូលមកដល់នៃក្រុមអ្នកសង្កេតការណ៍អាស៊ានដឹកនាំដោយប្រទេសម៉ាឡេស៊ី ដូចដែលបានព្រមព្រៀងគ្នានៅទីក្រុង Putrajaya ដែលភាគីទាំងពីរបានយល់ព្រមគ្នាបង្កើតក្រុមអ្នកសង្កេតការណ៍បណ្ដោះអាសន្នដោយឡែកពីគ្នា ឬហៅថា LOT។
ក្រុមនេះរួមមានក្រុមអនុព័ន្ធយោធាពីបណ្តារដ្ឋសមាជិកអាស៊ាន ដែលដឹកនាំដោយអនុព័ន្ធយោធាការពារជាតិនៃប្រទេសម៉ាឡេស៊ី។ ក្រុមអ្នកសង្កេតការណ៍នេះ នឹងត្រូវបង្កើតឡើងដោយឯករាជ្យ និងដាច់ដោយឡែកនៅក្នុងប្រទេសកម្ពុជា និងប្រទេសថៃ ដើម្បីសង្កេតមើលការអនុវត្តបទឈប់បាញ់។ សមាសភាពនៃក្រុមអង្គភាពសង្កេតការណ៍ LOT នីមួយៗ នឹងត្រូវបានអញ្ជើញដោយប្រទេសម្ចាស់ផ្ទះ ដោយមានការពិគ្រោះយោបល់ជាមួយប្រទេសម៉ាឡេស៊ី។
ក្រុម LOT នឹងដំណើរការដោយមិនឆ្លងព្រំដែន តែធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការព្រំដែនតំបន់ RBCs និងគណៈកម្មាធិការព្រំដែនទូទៅ GBC នៃប្រទេសនីមួយៗ។
ចំណុចទី១៣ ស្ដីពីកាលបរិច្ឆេទ និងទីកន្លែងនៃកិច្ចប្រជុំបន្ទាប់៖
ភាគីទាំងពីរបានព្រមព្រៀងគ្នាថា កិច្ចប្រជុំ GBC បន្ទាប់ នឹងត្រូវរៀបចំក្នុងរយៈពេលមួយខែបន្ទាប់ពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ ហើយទីកន្លែងនៃកិច្ចប្រជុំប្រព្រឹត្តទៅ នឹងត្រូវបានពិភាក្សានៅពេលក្រោយ។ ក្រៅពីនេះ កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ GBC នឹងត្រូវកោះប្រជុំបន្ទាន់ គឺត្រូវមានទម្រង់ដូចជាកិច្ចប្រជុំ GBC វិសាមញ្ញនៅប្រទេសម៉ាឡេស៊ី ដើម្បីពិភាក្សាលើបញ្ហាទាក់ទងនឹងការអនុវត្តបទឈប់បាញ់ បើករណីចាំបាច់។
ក្រោយពីសម្រេចបាននូវលទ្ធផលជាផ្លូវការនាំឱ្យមានកិច្ចព្រមព្រៀងរឹងមាំនៃការបញ្ចប់ភាពតានតឹងតាមព្រំដែនកម្ពុជា-ថៃ ក្រោយពីការបាញ់ប្រហារដាក់គ្នារយៈពេល ៥ថ្ងៃ បង្កឱ្យមានមនុស្សស្លាប់ជាង ៤០នាក់ និងបង្កការភៀសខ្លួនជាង ៣០ម៉ឺននាក់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលជាប្រធានអាស៊ានឆ្នាំ២០២៥ នៅតែសន្យាថានឹងនៅតែដើរតួនាទីយ៉ាងសកម្មក្នុងការសម្របសម្រួល ហើយតាមដានបទឈប់បាញ់ ដើម្បីធ្វើយ៉ាងណាឱ្យព្រំដែនកម្ពុជា-ថៃ មានសន្តិភាពធម្មតាឡើងវិញ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

