អ្នកជំនាញច្បាប់ និងឧក្រិដ្ឋកម្មអន្តរជាតិ លោក ឆាំង យុ លើកឡើងថា ពិតមែនតែថៃ មិនមែនជាសមាជិកនៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ប៉ុន្តែកម្ពុជា គឺជាសមាជិកតុលាការនេះ ដូច្នេះការវាយប្រហារលើសមាជិករបស់ខ្លួន តុលាការព្រហ្មទណ្ឌអន្តរជាតិមានយុត្តាធិការគ្រប់គ្រាន់ក្នុងការចាត់វិធានការលើប្រទេសថៃ។
ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា លោក ឆាំង យុ លើកឡើងកាលពីចុងសប្តាហ៍នេះថា យុត្តាធិការរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ កាត់សេចក្តីលើឧក្រិដ្ឋកម្មមួយដែលបានកើតមានឡើងនៅក្នុងដែនដីនៃរដ្ឋជាសមាជិករបស់ខ្លួន។
លោកបន្តថា ពិតមែនតែប្រទេសថៃ មិនមែនជាសមាជិករបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ប៉ុន្តែប្រទេសកម្ពុជា គឺជាសមាជិកនៃតុលាការនេះ ហើយការវាយប្រហារមកលើរដ្ឋដែលជាសមាជិកនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ អាចបង្កើតឱ្យមានយុត្តាធិការសម្រាប់តុលាការឧក្រិដ្ឋកម្មអន្តរជាតិយ៉ាងពេញលេញ។
លោកថា យុត្តាធិការនេះគឺក្រោមហេតុផលថា ការវាយប្រហារនេះគឺបានជាប់ពាក់ព័ន្ធទៅនឹងឧក្រិដ្ឋកម្មដែលកំណត់ដោយលក្ខន្តិកៈទីក្រុងរ៉ូម ដូចជាឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ អំពើប្រល័យពូជសាសន៍ ឬការឈ្លានពាន ជាដើម ខណៈរដ្ឋាភិបាលថៃ មិនបានប្ដេជ្ញាចិត្តគោរពទៅតាមច្បាប់មនុស្សធម៌អន្តរជាតិឱ្យបានពេញលេញនោះទេ ជុំវិញជម្លោះព្រំដែនជាមួយកម្ពុជា នាពេលនេះ។
លោក ឆាំង យុ អះអាងថា ការបំពានទៅលើអនុសញ្ញាអន្តរជាតិ គឺជាកំហុសធ្ងន់ធ្ងរបំផុត ដែលទាមទារឱ្យមានការស៊ើបអង្កេតយ៉ាងល្អិតល្អន់ស៊ីជម្រៅលើអង្គហេតុ និងការត្រួតពិនិត្យដោយយកចិត្តទុកដាក់លើភស្តុតាង នៅមុនពេលទាញចេញជាសេចក្តីសន្និដ្ឋានអំពីរឿងនេះ។
លោកបញ្ជាក់ថា ការឈ្លានពានព្រំដែន ឬឧក្រិដ្ឋកម្មអន្តរជាតិ ដែលកើតមានរវាងថៃ និងកម្ពុជា ទំនងជាត្រូវបើកសវនាការនៅតុលាការយុត្តិធម៌អន្តរជាតិចំពោះសំណុំរឿងរវាងរដ្ឋ និងរដ្ឋ។
ជាងនេះទៀត សវនាការនេះក៏អាចនឹងដំណើរការចំពោះការទទួលខុសត្រូវកម្រិតបុគ្គលផងដែរ ប្រសិនបើឧក្រិដ្ឋកម្មទាំងនេះបានកើតឡើងនៅក្នុងប្រទេសកម្ពុជា ឬតាមរយៈការបញ្ជូនសំណុំរឿងដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
នៅថ្ងៃទី២៥ ខែសីហា នេះ តំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរប្រចាំរដ្ឋវិចតូរីយ៉ា លោក តាក់ ម៉េងហ៊ាង បង្ហោះវីដេអូឃ្លីបមួយដោយសរសេរថា សមាជិកសភាសហព័ន្ធ និងជាអតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌អូស្ត្រាលី លោក ម៉ាក ដ្រេហ្វើស បានធ្វើសេចក្តីថ្លែងការណ៍លើករណីថៃ បំពានបូរណភាពទឹកដីកម្ពុជា។
ក្នុងវីដេអូឃ្លីបនេះ លោក ម៉ាក ដ្រេហ្វើស បានលើកឡើងថា សន្តិភាពមិនមែនគ្រាន់តែអវត្តមានសង្គ្រាមនោះទេ តែវាត្រូវមាននូវវត្តមានយុត្តិធម៌ កិត្តិយស ហើយពលរដ្ឋម្នាក់ៗត្រូវមានសិទ្ធិរស់នៅដោយគ្មានភាពភ័យខ្លាច។
ជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងពេលនេះ សារព័ត៌មានថៃ ខៅស៊ុត (Khaosod) បានស្រង់សម្ដីរបស់នាយករដ្ឋមន្ត្រីស្ដីទីថៃ លោក ភូមិថាំ វេឆាយ៉ាឆៃ កាលពីថ្ងៃទី១៩ សីហា ថា ក្រុមប្រឹក្សាសន្តិសុខជាតិថៃ បានចាត់តាំងឱ្យក្រុមមេធាវី និងប៉ូលិស រៀបចំពាក្យបណ្ដឹងរដ្ឋប្បវេណី និងព្រហ្មទណ្ឌ ដើម្បីដាក់ទៅតុលាការថៃ ប្ដឹងលោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ពីបទប្រើប្រាស់កម្លាំងទ័ពវាយប្រហារលើប្រទេសថៃ រួចរាល់ហើយ។
នាយករដ្ឋមន្ត្រីស្ដីទីថៃរូបនេះ បញ្ជាក់ថា ប្រទេសថៃ មិនអាចប្ដឹងមេដឹកនាំកម្ពុជាទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានទេ ដោយសារតែប្រទេសថៃ មិនបានទទួលស្គាល់យុត្តាធិការរបស់តុលាការអន្តរជាតិមួយនេះ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

