ចាងហ្វាងកាសែត CCN ដែលទើបនឹងបាត់បង់អាជ្ញាបណ្ណ លោក មាស សារ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃអង្គារនេះ អំឡុងពេលចុះយកព័ត៌មានក្នុងនាមបុគ្គលឯកជននៅទីតាំងដែលពលរដ្ឋខ្មែរប្រឆាំងនឹងការរាយលួសបន្លារបស់ទាហានថៃ នៅភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ។
នៅថ្ងៃទី២៦ ខែសីហា នេះ គណនីហ្វេសប៊ុកឈ្មោះ មាស សារ៉ា បញ្ជាក់ថា លោក មាស សារ៉ា ដែលត្រូវបានក្រសួងព័ត៌មាន ដកអាជ្ញាបណ្ណ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នេះ ស្ថិតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ផ្អែកតាមវីដេអូផ្សាយផ្ទាល់ចុងក្រោយនៅអំឡុងម៉ោង ៨ព្រឹក ថ្ងៃទី២៦ ខែសីហា នេះ លោក មាស សារ៉ា បានផ្សាយព័ត៌មានក្នុងនាមជាបុគ្គលឯកជនដោយគ្មានស្ថាប័នសារព័ត៌មាន ស្ថិតនៅទីតាំងដែលទាហានថៃ រាយបន្លាលួសក្នុងភូមិជោគជ័យ។
កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ក្រសួងព័ត៌មាន បានសម្រេចលុបអាជ្ញាបណ្ណសារព័ត៌មាន CCN Online TV របស់លោក មាស សារ៉ា បន្ទាប់ពីចាងហ្វាងសារព័ត៌មានរូបនេះធ្វើសេចក្តីរាយការណ៍អំពីបញ្ហាព្រំដែននៅខេត្តបន្ទាយមានជ័យ កាលអំឡុងថ្ងៃទី២០ ខែសីហា កន្លងទៅ ដែលបានផ្សាយពីការបាត់បង់ផ្ទះរបស់ពលរដ្ឋ និងប៉ុស្តិ៍ទាហានខ្មែរ ដោយការរាយលួសបន្លាពីសំណាក់យោធាថៃ។
យ៉ាងណាក៏ដោយ បន្ទាប់ពីលោកត្រូវក្រសួងព័ត៌មាន លុបអាជ្ញាបណ្ណ នៅថ្ងៃទី២១ ខែសីហា ដដែល លោក មាស សារ៉ា បញ្ជាក់ថា លោកនឹងមិនរាយការណ៍ក្នុងនាមជាអ្នកព័ត៌មានទៀតទេ ប៉ុន្តែនឹងរាយការណ៍ក្នុងនាមជាពលរដ្ឋ និងយុវជនដែលស្រឡាញ់ប្រទេសជាតិវិញម្តង។
ទាក់ទិននឹងបញ្ហានេះ អភិបាលខេត្តបន្ទាយមានជ័យ អ៊ុំ រាត្រី ក៏បានហាមការផ្សាយរបស់សារព័ត៌មាន SBT News របស់លោក សាន្ត ប៊ុនធឿន ផងដែរនៅថ្ងៃទី២៦ សីហា នេះ ជុំវិញការផ្សាយអំពីការតតាំងរបស់ពលរដ្ឋខ្មែរនៅភូមិជោគជ័យ ឃុំអូរបីជាន់ ខេត្តបន្ទាយមានជ័យ ចំពោះការរាយលួសបន្លារបស់កងទ័ពថៃ នៅទីតាំងកើតហេតុនោះ។
ចំពោះការហាមឃាត់នេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សួន រីដា បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៦ សីហា នេះថា ព័ត៌មានពិតត្រូវបានបំបិទ ហើយទង្វើបែបនេះរឹតតែធ្វើឱ្យពលរដ្ឋខ្មែរអស់ជំនឿលើរដ្ឋាភិបាលទៅវិញទេ។
ចំណែកអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន បានបញ្ចេញប្រតិកម្មសម្ដែងការមិនពេញចិត្តនឹងការហាមឃាត់របស់អាជ្ញាធរពីការផ្សាយអំពីសកម្មភាពរាយលួសបន្លារបស់កងទ័ពថៃ ផងដែរ ដូចជា ពាក្យថា រដ្ឋាភិបាលកំពុងលាក់បាំងព័ត៌មានមិនឱ្យពលរដ្ឋដឹងអំពីការពិតចំពោះការឈ្លានពានទឹកដីពីសំណាក់កងទ័ពថៃ ជាដើម៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

