34.1 C
Phnom Penh

ចាងហ្វាង​កាសែត CCN ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ បន្ទាប់ពី​ភរិយា​ចេញ​មុខ​សុំទោស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចាងហ្វាង​កាសែត CCN លោក មាស សារ៉ា ត្រូវ​បាន​សមត្ថកិច្ច​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ហើយ ក្រោយពី​ភរិយា​របស់​លោក​ចេញ​មុខ​សុំទោស និង​អង្វរ​សុំ​ឱ្យ​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ដោះលែង​ស្វាមី​របស់​ខ្លួន​ឱ្យ​មាន​សេរីភាព​ឡើងវិញ។

ភរិយា​របស់​លោក មាស សារ៉ា គឺ​អ្នកស្រី សេក គង់យី ដែល​ទើប​នឹង​សម្រាល​កូន​បាន ៧​ថ្ងៃ ចេញ​មុខ​សុំទោស​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ទាំង​ទឹកភ្នែក ដោយ​ដៃ​ទាំង​ពីរ​បី​កូន​ដែល​ទើប​នឹង​សម្រាល​រួច រួម​ទាំង​កូនស្រី​អាយុ​ប្រហែល ៦​ឆ្នាំ​ម្នាក់​ទៀត លើក​ដៃ​សំពះ​សុំ​ឱ្យ​ដោះលែង​លោក មាស សារ៉ា ឱ្យ​មាន​សេរីភាព​វិញ។

អ្នកស្រី សេក គង់យី រៀបរាប់​ថា បើ​លោក មាស សារ៉ា ជាប់​ពន្ធនាគារ គ្មាន​នរណា​មើល​ការ​ខុសត្រូវ ឬ​រ៉ាប់រង​បន្ទុក​គ្រួសារ​ឡើយ ព្រោះ​អ្នកស្រី​ក្នុង​ពេលនេះ​មិន​ទាន់​អាច​មើល​ថែកូន​បាន​ទេ ដោយសារ​ខ្លួន​ទើប​នឹង​សម្រាល​កូន​ហើយ។

កាលពី​ថ្ងៃទី​២៦ ខែ​សីហា ចាងហ្វាង​កាសែត CCN ដែល​ទើប​នឹង​បាត់បង់​អាជ្ញាបណ្ណ លោក មាស សារ៉ា ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​អំឡុង​ពេល​ចុះ​យក​ព័ត៌មាន​ក្នុង​នាម​បុគ្គល​ឯកជន នៅ​ទីតាំង​ដែល​ពលរដ្ឋ​ខ្មែរ​ប្រឆាំង​នឹង​ការ​រាយ​លួស​បន្លា​របស់​ទាហាន​ថៃ នៅ​ភូមិ​ជោគជ័យ ខេត្ត​បន្ទាយមានជ័យ។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃទី​២១ ខែ​សីហា ឆ្នាំ​២០២៥ ក្រសួង​ព័ត៌មាន បាន​សម្រេច​លុប​អាជ្ញាបណ្ណ​សារព័ត៌មាន CCN Online TV របស់​លោក មាស សារ៉ា បន្ទាប់ពី​ចាងហ្វាង​សារព័ត៌មាន​រូប​នេះ​ធ្វើ​សេចក្តី​រាយការណ៍​អំពី​បញ្ហា​ព្រំដែន​នៅ​ខេត្ត​បន្ទាយមានជ័យ កាលពី​អំឡុង​ថ្ងៃទី​២០ ខែ​សីហា កន្លង​ទៅ ដែល​បាន​ផ្សាយ​ពី​ការ​បាត់បង់​ផ្ទះ​របស់​ពលរដ្ឋ និង​ប៉ុស្តិ៍​យាម​របស់​ទាហាន​ខ្មែរ ដោយ​ការ​រាយ​បន្លា​លួស​ពី​សំណាក់​យោធា​ថៃ។

យ៉ាងណាក៏ដោយ បន្ទាប់ពី​ត្រូវ​ក្រសួង​ព័ត៌មាន លុប​អាជ្ញាបណ្ណ នៅ​ថ្ងៃទី​២១ ខែ​សីហា ដដែល​នោះ លោក មាស សារ៉ា បញ្ជាក់​ថា លោក​នឹង​មិន​រាយការណ៍​ក្នុង​នាម​ជា​អ្នក​សារព័ត៌មាន​ទៀត​ទេ ប៉ុន្តែ​នឹង​រាយការណ៍​ក្នុង​នាម​ជា​ពលរដ្ឋ និង​យុវជន​ដែល​ស្រឡាញ់​ប្រទេស​ជាតិ​វិញ​ម្តង៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស