27 C
Phnom Penh

អតីត​បេក្ខជន​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ប្រទេស​ថៃ អះអាង​ថា​ប្រទេស​ថៃ ត្រូវ​សង​ការ​ខូចខាត​ដល់​កម្ពុជា​ជុំវិញ​ការ​ឈ្លានពាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​បេក្ខជន​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ទៅ​ប្រចាំ​នៅ​ប្រទេស​ថៃ មិន​ជាប់​ឈ្មោះ បណ្ឌិត Leewood Phu លើកឡើង​ថា លុយ​របស់​ថៃ ដែល​តម្កល់​នៅ​ធនាគារ​បរទេស​សព្វថ្ងៃ​នេះ​ល្មម​គ្រប់គ្រាន់​នឹង​សង​ការ​ខូចខាត​ដល់​ប្រទេស​កម្ពុជា ជុំវិញ​សង្គ្រាម​ឈ្លានពាន​ទឹកដី​ខ្មែរ ដែល​ថៃ បាន​ប្រព្រឹត្ត​កាលពី​អំឡុង​ខែ​កក្កដា កន្លង​ទៅ​នេះ។

លោក Leewood Phu ដែល​ជា​អ្នក​ឯកទេស​ផ្នែក​វិជ្ជាជីវៈ​វិស្វកម្ម​បច្ចេកវិទ្យា​ព័ត៌មាន (IT) ជា​អតីត​ទីប្រឹក្សា​រាជរដ្ឋាភិបាល បម្រើ​ការ​ក្នុង​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ជា​ទាយក​បរិច្ចាគ​អំណោយ​ឲ្យ​បេក្ខជន​គណបក្ស​សាធារណរដ្ឋ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៦ សីហា នេះ​ថា គិត​ត្រឹម​ពាក់កណ្តាល​ខែ​សីហា ឆ្នាំ​២០២៥ នេះ ថៃ​មាន​លុយ​តម្កល់​ក្នុង​ធនាគារ​សហរដ្ឋ​អាមេរិក និង​ធនាគារ​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ជាង ២០០​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក (២៦៥,៦២​ពាន់​លាន​ដុល្លារ)។

លោក Leewood Phu លើកឡើង​ថា ទំហំ​ទឹកប្រាក់​នេះ​គ្រប់គ្រាន់​ល្មម​ឱ្យ​ថៃ អាច​សង​ការ​ខូចខាត​ដល់​ប្រទេស​កម្ពុជា ដែល​ថៃ បាន​ឈ្លានពាន​កម្ពុជា កាលពី​ខែ​កក្កដា កន្លង​ទៅ ដូចជា សង​ការ​ខូចខាត​ក្នុង​ការ​ជួសជុល​ប្រាសាទ​ព្រះវិហារ ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក វត្ត​អារាម សាលារៀន និង​ផ្ទះសម្បែង​ប្រជាជន​ខ្មែរ ជាដើម។

ជាង​នេះ​ទៀត ថៃ​ក៏​ត្រូវ​សង​ការ​ខូចខាត​ទៅ​លើ​អាជីវកម្ម​របស់​ពលរដ្ឋ​ខ្មែរ​ដែល​បាន​បាត់បង់​ដោយសារ​សង្គ្រាម​នេះ​ដែរ។ លើស​ពី​នេះ ក៏​ត្រូវ​ចេញ​លុយ​លើ​ការ​ព្យាបាល​របួស ជំងឺ​ផ្សេងៗ​ដែល​បង្ក​ឡើង​ដោយ​ការ​ឈ្លានពាន ជាពិសេស​ជំងឺចិត្ត​ជូន​ដល់​ប្រជាជន​កម្ពុជា ២០​នាក់ ដែល​ថៃ បាន​ចូល​មក​ចាប់​ខ្លួន​ក្រោយ​បទ​ឈប់​បាញ់​ចូល​ជាធរមាន កាលពី​ចុង​ខែ​កក្កដា កន្លង​ទៅ​ថែមទៀត។

លោក Leewood Phu បញ្ជាក់​ថា ការ​ទារ​សំណង​នេះ គឺ​ដើម្បី​បង្ហាញ​ទៅ​ពិភពលោក​ថា កម្ពុជា​មិនមែន​ជា​ប្រទេស​ដែល​ងាយស្រួល​ឈ្លានពាន​នោះ​ទេ ហើយ​ក៏​ជា​សារ​ជូន​ទៅ​អ្នក​នយោបាយ​ថៃ ទាំងអស់​ដែរ​ថា ការ​បង្វែរ​បញ្ហា​ផ្ទៃក្នុង​ថៃ មក​ព្រំដែន​កម្ពុជា មាន​តម្លៃ​ថ្លៃ​ណាស់ ដែល​ពួកគេ​មិន​គួរ​លេង​ល្បែង​នយោបាយ​បែប​នេះ​ទៀត​ទេ​ទៅ​ថ្ងៃ​មុខ។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ តំណាង​ស្ថាន​បេសកកម្ម​ទូត​រាជាណាចក្រ​ថៃ ប្រចាំ​អង្គការ​សហប្រជាជាតិ បាន​ត្រៀម​ជួប​ជាមួយ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ដោយ​លើក​យក​ករណី​គ្រាប់មីន​ប្លាស្ទិក​រាយ​បង្កប់​តាម​ព្រំដែន ដែល​ទាហាន​ថៃ​ម្នាក់​ទៀត​បាន​ជាន់​ផ្ទុះ បណ្តាល​ឲ្យ​ដាច់​ជើង។ ទាហាន​ថៃ ថា​ទាហាន​ខ្មែរ​ជា​អ្នក​ដាក់។

កាលពី​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៥ ក្រសួង​ការពារ​ជាតិ​កម្ពុជា អះអាង​ថា ចាប់តាំងពី​ថ្ងៃទី​២៧ ខែ​កក្កដា ទាហាន​ថៃ បាន​ប្រើ​យន្តហោះ​ចម្បាំង F-16 និង​យន្តហោះ​ចម្បាំង Jas 39E Gripen ដ្រូន​ទម្លាក់​គ្រាប់បែក កាំភ្លើងត្បាល់ កាំភ្លើងធំ គ្រាប់បែក​ចង្កោម ដោយ​បាញ់​ស្រោច​ចូល​ទឹកដី​ប្រទេស​កម្ពុជា មុន។ ចំណែក​កងទ័ព​ខ្មែរ អាវុធ​មាន​ប្រើ គឺ​រ៉ុក្កែត​ផ្គុំ ៤០​គ្រាប់ BM-21 Grad បាញ់​ស្រោច​សន្ធាប់​ទៅ​ក្នុង​ដី​ថៃ វិញ ចូល​ភូមិ​ស្រុក​ក្នុង​ខេត្ត​អ៊ុប៊ុន សុរិន្ទ និង​ស៊ីសាកេត។ ប្រជាពលរដ្ឋ​ថៃ ក៏​ត្រូវ​អាជ្ញាធរ​ថៃ ជម្លៀស​ចេញ​ទៅ​ទី​សុវត្ថិភាព​ដូច​គ្នា។

តាម​ការ​អះអាង​ពី​ក្រសួង​ការពារ​ជាតិ​ប្រទេស​កម្ពុជា គេ​បញ្ជាក់​ថា ដោយសារ​ការ​ឈ្លានពាន​របស់​ថៃ ប្រជាជន​ខ្មែរ​ជាង ១៣​នាក់​ម៉ឺន​នាក់ ស្មើ​នឹង​ជាង ៣​ម៉ឺន​គ្រួសារ (៣៩៨២៨​គ្រួសារ) ត្រូវ​បាន​ជម្លៀស មាន​ទាំង​ស្ត្រី​មាន​ផ្ទៃពោះ ចាស់ជរា ជនពិការ និង​កុមារ​ផង​ដែរ។

ក្រៅពី​នេះ សាលារៀន​ជាង ៦០០​កន្លែង ត្រូវ​បាន​បិទ​ទ្វារ ខណៈ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ត្រូវ​បាន​ខូចខាត រួម​មាន​ភូមិដ្ឋាន និង​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ស្លូតត្រង់ ហើយ​ថែមទាំង​ប៉ះពាល់​ដល់​ប្រាសាទ​ព្រះវិហារ ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​មនុស្ស​ជាតិ​ថែមទៀត។

ទាក់ទិន​នឹង​បញ្ហា​នេះ សារព័ត៌មាន ខៅ​ស៊ុត (Khaosod) របស់​ថៃ ស្រង់​សម្ដី​មេបញ្ជាការ​យោធភូមិភាគ​ទី​២ របស់​ថៃ ឧត្ដមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង (Boonsin Phadklang) កាលពី​ថ្ងៃទី​២៧ សីហា នេះ​ថា កងទ័ព​ថៃ មិន​ខ្វល់​ពី​ការ​អំពាវនាវ​របស់​មេដឹកនាំ​កម្ពុជា មិន​ឱ្យ​ថៃ ប្រើ​យន្តហោះ​ចម្បាំង F-16 នោះ​ឡើយ ព្រោះ​ថៃ ត្រូវតែ​ប្រើ​វា​ដើម្បី​ការពារ​អធិបតេយ្យ​ជាតិ​របស់​ខ្លួន៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស