27 C
Phnom Penh

រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ បដិសេធ​មិន​សហការ​នឹង​រដ្ឋបាល​ថៃ ខេត្ត​ស្រះកែវ រឿង​ភូមិឋាន​អ្នក​ស្រុក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ បដិសេធ​មិន​ព្រម​អនុវត្ត​តាម​លិខិត​រដ្ឋបាល​ខេត្ត​ស្រះកែវ ដែល​បាន​ស្នើសុំ​កិច្ចសហការ​ដោះស្រាយ​បញ្ហា​ផ្ទះ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ភូមិ​ជោគជ័យ និង​ភូមិ​ផ្សេង​ទៀត​នៅ​តំបន់​ព្រំដែន​ខេត្ត​បន្ទាយមានជ័យ នៃ​ប្រទេស​កម្ពុជា ដែល​ជាប់​នឹង​ខេត្ត​ស្រះកែវ ប្រទេស​ថៃឡង់ដ៍។

លោក អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​ចេញ​លិខិត​កាលពី​ថ្ងៃទី​២ ខែ​កញ្ញា ដែល​ទើប​នឹង​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៤ កញ្ញា នេះ​ថា បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​ព្រំដែន និង​ការ​វាស់វែង​ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន គឺជា​សមត្ថកិច្ច​របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC)។ បញ្ហា​នេះ​ក៏​ជា​សមត្ថកិច្ច​របស់​គណៈកម្មាធិការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) នៃ​ប្រទេស​ទាំង​ពីរ​ដែរ ដែល​ស្រប​ទៅ​នឹង​កិច្ចព្រមព្រៀង​ស្ដីពី​កិច្ចសហប្រតិបត្តិការ​ព្រំដែន​ចុះ​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​១៩៩៥ និង​អនុស្សរណៈ​យោគយល់​គ្នា​ស្ដីពី​ការ​វាស់វែង​ខណ្ឌសីមា​ព្រំដែន​កម្ពុជា-ថៃ ឆ្នាំ​២០០០ (MoU២០០០) ផង​ដែរ ដែល​ចុះហត្ថលេខា​ដោយ​លោក សុខ អាន ទេសរដ្ឋមន្ត្រី ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រេងឥន្ធនៈ និង​រដ្ឋមន្ត្រី​កិច្ចការ​បរទេស​ថៃ ស៊ុរ៉ាគាត សាធៀនថៃ សម័យ​រាជរដ្ឋាភិបាល​ថៃ ដឹកនាំ​ដោយ​លោក ឈួន លីកផៃ។

លោក អ៊ុំ រាត្រី លើកឡើង​ថា ការ​ធ្វើ​សកម្មភាព​ដោយ​ឯកតោភាគី​ណា​មួយ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ និង​អាស្រ័យ​ផល​ក្នុង​តំបន់​នោះ គឺជា​ការ​បំពាន MoU២០០០ និង​កិច្ចព្រមព្រៀង​កម្ពុជា-ថៃ កាលពី​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៥ យ៉ាង​ធ្ងន់ធ្ងរ។ លើស​ពី​នេះ​ទៀត ក៏​នាំ​ឱ្យ​ប៉ះពាល់​ដល់​ស្មារតី​នៃ​កិច្ចប្រជុំ​វិសាមញ្ញ​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) កាលពី​ថ្ងៃទី​៧ ខែ​សីហា នៅ​ប្រទេស​ម៉ាឡេស៊ី និង​ប៉ះពាល់​ដល់​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិភាគ (RBC) កាលពី​ថ្ងៃទី​២២ ខែ​សីហា កន្លង​ទៅ​ថ្មីៗ​នេះ​ថែមទៀត។

អភិបាល​ខេត្ត​បន្ទាយមានជ័យ បញ្ជាក់​ថា ដោយ​គោរព​យ៉ាង​ខ្ជាប់ខ្លួន​នូវ​កិច្ចព្រមព្រៀង​ស្ដីពី​កិច្ចសហប្រតិបត្តិការ​ព្រំដែន និង MoU២០០០ ក៏ដូចជា​ច្បាប់​អន្តរជាតិ ព្រមទាំង​កិច្ចព្រមព្រៀង​ទាំងឡាយ​នៃ​ប្រទេស​ទាំង​ពីរ រដ្ឋបាល​ខេត្ត​ស្រះកែវ ត្រូវ​រក្សា​ស្ថានភាព​ព្រំដែន និង​ស្ថានភាព​ប្រជាជន​កំពុង​រស់នៅ ដើម្បី​ទុក​កិច្ចការ​ស្វែងរក​ដំណោះស្រាយ​បញ្ហា​នេះ​ដល់​គណៈកម្មាធិការ GBC និង​គណៈកម្មាធិការ JBC ជា​អ្នក​អនុវត្ត។

លោក​គូសបញ្ជាក់​ថា បញ្ហា​នេះ​នឹង​មាន​ដំណោះស្រាយ​បាន​ល្អ​ប្រកប​ដោយ​សន្តិវិធី ដោយ​ឈរ​លើ​គោលការណ៍​ច្បាប់​អន្តរជាតិ​នៅ​ក្នុង​កិច្ចប្រជុំ GBC និង​កិច្ចប្រជុំ JBC នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ដែល​ជា​យន្តការ​មាន​សមត្ថកិច្ច​ក្នុង​ការ​ដោះស្រាយ​ដើម្បី​បញ្ចប់​ទំនាស់​ព្រំដែន​ដោយ​យុត្តិធម៌។

កាលពី​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០២៥ សារព័ត៌មាន ខៅស៊ុត (Khaosod) បាន​ផ្សព្វផ្សាយ​លិខិត​រដ្ឋបាល​ខេត្ត​ស្រះកែវ ប្រទេស​ថៃ ដែល​បាន​ដាក់​កំហិត​ឱ្យ​ពលរដ្ឋ​ខ្មែរ​រើ​ផ្ទះ ១៧០​គ្រួសារ​ចេញពី​ភូមិ​ជោគជ័យ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ជាបន្ទាន់ ហើយ​បើ​ពលរដ្ឋ​ខ្មែរ​ណា​មិន​រុះរើ​ផ្ទះសម្បែង​តាម​កាលកំណត់​ទេ នោះ​អាជ្ញាធរ​ថៃ នឹង​ចាត់​វិធានការ​ផ្លូវច្បាប់​តែម្តង។

ទាក់ទិន​នឹង​រឿង​នេះ យោធា​ថៃ ក៏​បាន​លើក​បដា​ក្នុង​ភូមិ​ជោគជ័យ ក្នុង​ទីតាំង​ដែល​ពួកគេ​បាន​ព័ទ្ធ​យក​ភូមិ​របស់​ពលរដ្ឋ​ខ្មែរ​កាលពី​ពេល​កន្លង​ទៅ​ផង​ដែរ ដោយ​សរសេរ​អក្សរ​ជា​ភាសា​អង់គ្លេស ថៃ និង​ភាសា​ខ្មែរ ថា ប្រជាពលរដ្ឋ​ខ្មែរ​បាន​រស់​លើ​ដី​របស់​ពួកគេ​ដោយ​ខុស​ច្បាប់​តាំងពី​អំឡុង​ឆ្នាំ​១៩៧៩ មក។ ត្រង់​ចំណុច​នេះ អ្នក​តាមដាន​ស្ថានការណ៍​ប្រទេស​កម្ពុជា គិត​ថា​ជា​ភារកិច្ច​របស់​រាជរដ្ឋាភិបាល​តែ​ម្យ៉ាង​ប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ នៅ​ថ្ងៃទី​៤ ខែ​កញ្ញា នេះ អង្គភាព​សារព័ត៌មាន SBT របស់​លោក សាន្ត ប៊ុនធឿន បាន​ផ្សាយ​ផ្ទាល់​ពី​ភូមិ​ជោគជ័យ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ជុំវិញ​សកម្មភាព​ទាហាន​ថៃ ដែល​ព្យាយាម​រាយ​លួស​បន្លា​សាជាថ្មី​នៅ​ទីនោះ ប៉ុន្តែ​ត្រូវ​ប្រជាពលរដ្ឋ​ខ្មែរ​រារាំង៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស