27 C
Phnom Penh

ព្រះមហាក្សត្រ​ថៃ ដូរ​មេបញ្ជាការ​យោធា​ភូមិភាគ​២ លោក ផាតក្លាង ជំនួស​ដោយ​លោក វីរ៉ាយុទ្ធ រ៉ាកស៊ីល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ថាប័ន​មហាក្សត្រ​ថៃ សម្រេច​តែងតាំង​មេបញ្ជាការ​រង​ភូមិភាគ​២ លោក វីរ៉ាយុទ្ធ រ៉ាកស៊ីល (Weerayuth Raksil) ជា​មេបញ្ជាការ​ភូមិភាគ​២ ដែល​នឹង​ត្រូវ​ដឹកនាំ​បញ្ជាការដ្ឋាន​ភូមិភាគ​២ នៅ​ដើម​ខែ​តុលា ខាង​មុខ​នេះ​ជំនួស​លោក ប៊ុនស៊ីន ផាតក្លាង (Boonsin Padklang)។

សារព័ត៌មាន ខៅស៊ុត (Khaosod) របស់​ថៃ បាន​ចុះផ្សាយ​ថា គេហទំព័រ​ព្រះរាជកិច្ច​ថៃ (Royal Gazette) ដែល​បាន​ចេញ​ផ្សាយ​សេចក្តី​ប្រកាស​ស្ដីពី​ការ​តែងតាំង​មន្ត្រី​យោធា​ថៃ នៅ​ថ្ងៃទី​៥ កញ្ញា ថា មន្ត្រី​យោធា​ថៃ សរុប​ជិត ៩០០​នាក់ (៨៦២​នាក់) ក្នុង​នោះ​ក៏​មាន​ទាំង​មេបញ្ជាការ​ធំៗ​ផង​ដែរ​ដែល​នឹង​ត្រូវ​តែងតាំង​ឱ្យ​ចូល​កាន់​តំណែង​ជា​ផ្លូវការ ចាប់ពី​ថ្ងៃទី​១ ខែ​តុលា ឆ្នាំ​២០២៥ ខាង​មុខ​នេះ​តទៅ។

គួរ​បញ្ជាក់​ថា មេបញ្ជាការ​យោធា​ថៃ ត្រូវ​ដោះដូរ​តំណែង​តាម​ជំនាន់​សិស្ស​សាលា​យោធា​រៀង​រាល់​ឆ្នាំ​នៅ​ខែ​តុលា។

ប្រភព​ដដែល រាយការណ៍​ថា សម្រាប់​មេបញ្ជាការ​កងទ័ព​ជើងគោក រួម​មាន ឧត្ដមសេនីយ៍ Worayos Lueangsuwann ដែល​ជា​មេបញ្ជាការ​រង​យោធភូមិភាគ​ទី​១ ត្រូវ​បាន​ដំឡើង​ឋានៈ​ជា​មេបញ្ជាការ​ភូមិភាគ​១។ ចំណែក​ឧត្ដមសេនីយ៍ Weerayuth Raksil មេបញ្ជាការ​រង​យោធភូមិភាគ​ទី​២ ត្រូវ​បាន​ដំឡើង​ឋានៈ​ជា​មេបញ្ជាការ​ភូមិភាគ​២ រីឯ​ឧត្ដមសេនីយ៍ Woratep Bunya មេបញ្ជាការ​រង​យោធភូមិភាគ​ទី​៣ ត្រូវ​បាន​ដំឡើង​ឋានៈ​ជា​មេបញ្ជាការ​ភូមិភាគ​៣ ខណៈ​ឧត្ដមសេនីយ៍ Norathip Poynok មេបញ្ជាការ​រង​យោធភូមិភាគ​ទី​៤ ក៏​ត្រូវ​បាន​ដំឡើង​ឋានៈ​ជា​មេបញ្ជាការ​ភូមិភាគ​៤ ផង​ដែរ។ ដោយឡែក​ឧត្ដមនាវីឯក Pairot Fuangchan នាយអគ្គសេនាធិការ​កងទ័ព​ជើងទឹក​ថៃ ត្រូវ​បាន​ដំឡើង​ឋានៈ​ជា​មេបញ្ជាការ​កងទ័ព​ជើងទឹក និង​ជំនួយ​មេបញ្ជាការ​កងទ័ព​អាកាស ខណៈ​ឧត្ដមសេនីយ៍ Seksan Kantha ក៏​ត្រូវ​បាន​តែងតាំង​ជា​មេបញ្ជាការ​កងទ័ព​អាកាស​ផង​ដែរ។

កាសែត​ថៃ ដដែល​បញ្ជាក់​ថា ចំណែកឯ​ឧត្ដមសេនីយ៍ Tharapong Malakham អគ្គលេខាធិការ​រង​ក្រសួង​ការពារ​ជាតិ ត្រូវ​បាន​ដំឡើង​ឋានៈ​ជា​អគ្គលេខាធិការ​ក្រសួង​ការពារ​ជាតិ និង​ឧត្ដមសេនីយ៍ Ukridt Buntanont មេបញ្ជាការ​រង​កងកម្លាំង​ការពារ​ជាតិ ក៏​ត្រូវ​បាន​ដំឡើង​ឋានៈ​ជា​មេបញ្ជាការ​កងកម្លាំង​ការពារ​ជាតិ​ដែរ។

ការផ្លាស់ប្ដូរ​មន្ត្រី​យោធា​ជាន់ខ្ពស់​របស់​ប្រទេស​ថៃ នា​ពេលនេះ ធ្វើឡើង​ស្រប​ពេល​ដែល​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​ថៃ និង​កម្ពុជា កំពុង​ផ្ទុះឡើង​សន្ធោសន្ធៅ​នា​ពេលនេះ។

កាលពី​ថ្ងៃទី​១០ ខែ​សីហា សារព័ត៌មាន​របស់​ថៃ បាន​ស្រង់​សម្ដី​មេបញ្ជាការ​យោធភូមិភាគ​២ របស់​ថៃ ឧត្ដមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង (Boonsin Padklang) ថា លោក​នឹង​ចូល​និវត្តន៍​នៅ​ចុង​ខែ​កញ្ញា នេះ ដែល​មាន​ន័យ​ថា អាជីព​យោធា​របស់​លោក​នឹង​ផុតកំណត់​នៅ​ដើម​ខែ​តុលា ឆ្នាំ​២០២៥ ខាងមុខ។

យ៉ាងណាក៏ដោយ មេបញ្ជាការ​យោធភូមិភាគ​២ ថៃ រូប​នេះ បញ្ជាក់​ថា មុន​នឹង​ចូល​និវត្តន៍​រយៈពេល ១​ខែ ២១​ថ្ងៃ លោក​ប្ដេជ្ញា​ថា​នឹង​ទាមទារ​យក​ប្រាសាទ​តាក្របី មក​គ្រប់គ្រង​ដោយ​កងទ័ព​ថៃ វិញ​ឱ្យ​បាន ហើយ​នឹង​បិទ​ប្រាសាទ​តាមាន់ធំ ឱ្យ​បាន​ថែមទៀត។

ជុំវិញ​បញ្ហា​នេះ អតីត​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​កម្ពុជា លោក ខៀវ កាញារីទ្ធ លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ដែល​ថៃ ព្យាយាម​បញ្ឆេះ​ឱ្យ​កាន់តែ​ខ្លាំង​រហូត​មក​នោះ មិនមែន​ត្រឹមតែ​ដើម្បី​ស្ដារ​ឥទ្ធិពល​កងទ័ព​ថៃ ទេ ប៉ុន្តែ​ក៏​ដើម្បី​អនាគត​មេបញ្ជាការ​ភូមិភាគ​២ ថៃ លោក ប៊ុនស៊ីន ផាតក្លាង (Boonsin Padklang) ក្រោយ​ពេល​ចូល​និវត្តន៍​ដែរ។

លោក ខៀវ កាញារីទ្ធ លើកឡើង​ថា នៅ​ពេល​ដែល​លោក ប៊ុនស៊ីន ផាតក្លាង ចូល​និវត្តន៍ គាត់​មាន​សង្ឃឹម​តិច​ណាស់​ក្នុង​ការ​ទទួល​បាន​តំណែង​ជា​រដ្ឋមន្ត្រី​ក្នុង​រដ្ឋាភិបាល​ថៃ ដូច្នេះ​ទិសដៅ​ធំ​បំផុត​របស់​គាត់ គឺ​ការ​ចាប់​តំណែង​ក្នុង​ឧត្ដមក្រុមប្រឹក្សា​ព្រះមហាក្សត្រ​ថៃ សម្រាប់​អនាគត​ទៅ​មុខ ព្រោះ​គាត់​នឹង​មាន​សង្ឃឹម​ច្រើន បើ​ប្រឹង​បញ្ចេញ​ចង្កូម​បង្ក​ជម្លោះ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​ខ្លាំង៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស