ស្ថាប័នមហាក្សត្រថៃ សម្រេចតែងតាំងមេបញ្ជាការរងភូមិភាគ២ លោក វីរ៉ាយុទ្ធ រ៉ាកស៊ីល (Weerayuth Raksil) ជាមេបញ្ជាការភូមិភាគ២ ដែលនឹងត្រូវដឹកនាំបញ្ជាការដ្ឋានភូមិភាគ២ នៅដើមខែតុលា ខាងមុខនេះជំនួសលោក ប៊ុនស៊ីន ផាតក្លាង (Boonsin Padklang)។
សារព័ត៌មាន ខៅស៊ុត (Khaosod) របស់ថៃ បានចុះផ្សាយថា គេហទំព័រព្រះរាជកិច្ចថៃ (Royal Gazette) ដែលបានចេញផ្សាយសេចក្តីប្រកាសស្ដីពីការតែងតាំងមន្ត្រីយោធាថៃ នៅថ្ងៃទី៥ កញ្ញា ថា មន្ត្រីយោធាថៃ សរុបជិត ៩០០នាក់ (៨៦២នាក់) ក្នុងនោះក៏មានទាំងមេបញ្ជាការធំៗផងដែរដែលនឹងត្រូវតែងតាំងឱ្យចូលកាន់តំណែងជាផ្លូវការ ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះតទៅ។
គួរបញ្ជាក់ថា មេបញ្ជាការយោធាថៃ ត្រូវដោះដូរតំណែងតាមជំនាន់សិស្សសាលាយោធារៀងរាល់ឆ្នាំនៅខែតុលា។
ប្រភពដដែល រាយការណ៍ថា សម្រាប់មេបញ្ជាការកងទ័ពជើងគោក រួមមាន ឧត្ដមសេនីយ៍ Worayos Lueangsuwann ដែលជាមេបញ្ជាការរងយោធភូមិភាគទី១ ត្រូវបានដំឡើងឋានៈជាមេបញ្ជាការភូមិភាគ១។ ចំណែកឧត្ដមសេនីយ៍ Weerayuth Raksil មេបញ្ជាការរងយោធភូមិភាគទី២ ត្រូវបានដំឡើងឋានៈជាមេបញ្ជាការភូមិភាគ២ រីឯឧត្ដមសេនីយ៍ Woratep Bunya មេបញ្ជាការរងយោធភូមិភាគទី៣ ត្រូវបានដំឡើងឋានៈជាមេបញ្ជាការភូមិភាគ៣ ខណៈឧត្ដមសេនីយ៍ Norathip Poynok មេបញ្ជាការរងយោធភូមិភាគទី៤ ក៏ត្រូវបានដំឡើងឋានៈជាមេបញ្ជាការភូមិភាគ៤ ផងដែរ។ ដោយឡែកឧត្ដមនាវីឯក Pairot Fuangchan នាយអគ្គសេនាធិការកងទ័ពជើងទឹកថៃ ត្រូវបានដំឡើងឋានៈជាមេបញ្ជាការកងទ័ពជើងទឹក និងជំនួយមេបញ្ជាការកងទ័ពអាកាស ខណៈឧត្ដមសេនីយ៍ Seksan Kantha ក៏ត្រូវបានតែងតាំងជាមេបញ្ជាការកងទ័ពអាកាសផងដែរ។
កាសែតថៃ ដដែលបញ្ជាក់ថា ចំណែកឯឧត្ដមសេនីយ៍ Tharapong Malakham អគ្គលេខាធិការរងក្រសួងការពារជាតិ ត្រូវបានដំឡើងឋានៈជាអគ្គលេខាធិការក្រសួងការពារជាតិ និងឧត្ដមសេនីយ៍ Ukridt Buntanont មេបញ្ជាការរងកងកម្លាំងការពារជាតិ ក៏ត្រូវបានដំឡើងឋានៈជាមេបញ្ជាការកងកម្លាំងការពារជាតិដែរ។
ការផ្លាស់ប្ដូរមន្ត្រីយោធាជាន់ខ្ពស់របស់ប្រទេសថៃ នាពេលនេះ ធ្វើឡើងស្របពេលដែលជម្លោះព្រំដែនរវាងប្រទេសថៃ និងកម្ពុជា កំពុងផ្ទុះឡើងសន្ធោសន្ធៅនាពេលនេះ។
កាលពីថ្ងៃទី១០ ខែសីហា សារព័ត៌មានរបស់ថៃ បានស្រង់សម្ដីមេបញ្ជាការយោធភូមិភាគ២ របស់ថៃ ឧត្ដមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង (Boonsin Padklang) ថា លោកនឹងចូលនិវត្តន៍នៅចុងខែកញ្ញា នេះ ដែលមានន័យថា អាជីពយោធារបស់លោកនឹងផុតកំណត់នៅដើមខែតុលា ឆ្នាំ២០២៥ ខាងមុខ។
យ៉ាងណាក៏ដោយ មេបញ្ជាការយោធភូមិភាគ២ ថៃ រូបនេះ បញ្ជាក់ថា មុននឹងចូលនិវត្តន៍រយៈពេល ១ខែ ២១ថ្ងៃ លោកប្ដេជ្ញាថានឹងទាមទារយកប្រាសាទតាក្របី មកគ្រប់គ្រងដោយកងទ័ពថៃ វិញឱ្យបាន ហើយនឹងបិទប្រាសាទតាមាន់ធំ ឱ្យបានថែមទៀត។
ជុំវិញបញ្ហានេះ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា លោក ខៀវ កាញារីទ្ធ លើកឡើងកាលពីពេលថ្មីៗនេះថា ជម្លោះព្រំដែនកម្ពុជា-ថៃ ដែលថៃ ព្យាយាមបញ្ឆេះឱ្យកាន់តែខ្លាំងរហូតមកនោះ មិនមែនត្រឹមតែដើម្បីស្ដារឥទ្ធិពលកងទ័ពថៃ ទេ ប៉ុន្តែក៏ដើម្បីអនាគតមេបញ្ជាការភូមិភាគ២ ថៃ លោក ប៊ុនស៊ីន ផាតក្លាង (Boonsin Padklang) ក្រោយពេលចូលនិវត្តន៍ដែរ។
លោក ខៀវ កាញារីទ្ធ លើកឡើងថា នៅពេលដែលលោក ប៊ុនស៊ីន ផាតក្លាង ចូលនិវត្តន៍ គាត់មានសង្ឃឹមតិចណាស់ក្នុងការទទួលបានតំណែងជារដ្ឋមន្ត្រីក្នុងរដ្ឋាភិបាលថៃ ដូច្នេះទិសដៅធំបំផុតរបស់គាត់ គឺការចាប់តំណែងក្នុងឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រថៃ សម្រាប់អនាគតទៅមុខ ព្រោះគាត់នឹងមានសង្ឃឹមច្រើន បើប្រឹងបញ្ចេញចង្កូមបង្កជម្លោះជាមួយកម្ពុជា ឱ្យកាន់តែខ្លាំង៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

