អ្នកបញ្ចុះបញ្ចូលនៃក្រុមហ៊ុនឯកជននៅរដ្ឋធានីវ៉ាស៊ីនតុន ឈ្មោះ Capitol Hill & Friends, LLC លោក ម៉ៃឃើល ប៊ើរី អាល់ហ្វារ៉ូ (Michael B. Alfaro) សារភាពថា មុនធ្វើដំណើរទៅកម្ពុជា លោកធ្លាប់មានអារម្មណ៍លម្អៀងទៅប្រទេសថៃ ប៉ុន្តែនៅពេលទៅដល់តំបន់ជម្លោះដោយផ្ទាល់ ទើបលោកដឹងថាប្រទេសកម្ពុជា ពិតជារងនូវការឈ្លានពានពីប្រទេសថៃ ប្រាកដមែន ហើយអំពើដែលថៃ បានធ្វើនេះ គឺជាអំពើឧក្រិដ្ឋកម្មមនុស្សជាតិសុទ្ធសាធ។ ការចោទនេះ ត្រូវបានរដ្ឋាភិបាលថៃ រួមទាំងកងទ័ពថៃ បដិសេធទាំងស្រុង។
លោក ម៉ៃឃើល ប៊ើរី អាល់ហ្វារ៉ូ បានលើកឡើងក្នុងកិច្ចសម្ភាសន៍ពិសេសក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily ជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលនេះថា ពេលលោកទៅដល់តំបន់ជម្លោះជាក់ស្តែង ទើបដឹងថាប្រជាជន និងរដ្ឋាភិបាលកម្ពុជា ពិតជាចង់បានសន្តិភាពប្រាកដមែន។
លោក ម៉ៃឃើល អាល់ហ្វារ៉ូ រៀបរាប់ថា មុននឹងធ្វើដំណើរទៅប្រទេសកម្ពុជា លោកមានអារម្មណ៍លម្អៀងទៅកាន់ប្រទេសថៃ ខ្លះដែរ ដោយសារលោកមានទំនាក់ទំនងអាជីវកម្មយូរមកហើយជាមួយប្រទេសថៃ ក៏ដូចជាការជួយសង្គ្រោះកុមារពីទឹកជំនន់បាក់ទំនប់នៅប្រទេសឡាវ កាលពីអំឡុងឆ្នាំ២០១៨ ជាដើម។ បន្ថែមពីនេះ បើផ្អែកតាមប្រវត្តិសាស្ត្រ ប្រទេសថៃ ធ្លាប់បានទទួលជនភៀសខ្លួនខ្មែរនៅសម័យសង្គ្រាមជំនាន់ ប៉ុល ពត ផងដែរ ដូច្នេះហើយបានជានៅពេលដំបូង លោកមានអារម្មណ៍ស្រឡាញ់ និងយោគយល់ចំពោះខាងប្រទេសថៃ ច្រើនជាងកម្ពុជា។
លោកអះអាងថា ទោះជាលោកធ្លាប់មានអារម្មណ៍លម្អៀងទៅប្រទេសថៃ ក្នុងជម្លោះនេះក្តី ប៉ុន្តែលោកសម្រេចចិត្តដាក់នយោបាយទាំងអស់ចោល ដោយផ្ដោតលើមនុស្សធម៌ជាចម្បងវិញ ប៉ុន្តែពេលទៅដល់កម្ពុជា ទើបលោកភ្ញាក់ខ្លួនដឹងថា ការពិតគឺកម្ពុជាមិនមែនជាអ្នកចាប់ផ្តើមឈ្លានពាននេះទេ គឺប្រទេសថៃ ជាអ្នកធ្វើរឿងនេះទាំងអស់។
លោកបន្ថែមថា អ្វីដែលថៃ បានធ្វើលើកម្ពុជា គឺជាអំពើឧក្រិដ្ឋកម្មមនុស្សជាតិសុទ្ធសាធ ព្រោះការមើលឃើញអំពីគ្រាប់បែក MK និងការប្រើយន្តហោះប្រយុទ្ធ F-16 យន្តហោះ Griphen និងសារធាតុបញ្ឆេះពណ៌ស (white phosphorus) ជាដើម សុទ្ធតែត្រូវភាគីថៃ សារភាពថាពួកគេពិតជាបានប្រើអាវុធទាំងនោះមែន។
លោក ម៉ៃឃើល អាល់ហ្វារ៉ូ បញ្ជាក់ថា ការពិតដែលលោកបានលាតត្រដាងពីការឈ្លានពានរបស់ថៃ លើកម្ពុជា ត្រូវប្រទេសថៃ ប្រមាថលើរូបលោកយ៉ាងធ្ងន់ធ្ងរ ដោយចោទថាលោកគឺជាអ្នកបញ្ចុះបញ្ចូលដែលកម្ពុជាបានជួលប៉ុណ្ណោះ។
តាមការចុះបញ្ជីក្នុងក្រសួងយុត្តិធម៌ សហរដ្ឋអាមេរិក អំពីក្រុមហ៊ុន ឬភ្នាក់ងារបម្រើការងារឲ្យបរទេស FARA ស្ថានរាជទូតនៃរាជាណាចក្រកម្ពុជា បានជួលក្រុមហ៊ុនបញ្ចុះបញ្ចូលយ៉ាងតិចចំនួន ៥ ឲ្យធ្វើការជួយការពារផលប្រយោជន៍ប្រទេសកម្ពុជា ដោយបង់ថ្លៃចាប់ពីជាង ៤ម៉ឺនដុល្លារឡើងទៅ។
លោកថា បន្ទាប់ពីចោទប្រកាន់រូបលោក ប្រទេសថៃ ក៏បានស្នើឱ្យលោកទៅរាយការណ៍ពីស្ថានភាពក្នុងប្រទេសរបស់ពួកគេដែរជុំវិញជម្លោះនេះ ហើយលោកក៏ចង់ទៅដូចគ្នា។
លោកថា ការសម្រេចចិត្តបែបនេះ មិនមែនព្រោះតែថៃ សន្យាបង់ថ្លៃជើងហោះហើរ និងសណ្ឋាគារសម្រាប់រូបលោកនោះទេ ប៉ុន្តែគឺដើម្បីចង់ដឹងការពិតថា អ្នកណាខុស អ្នកណាត្រូវប៉ុណ្ណោះ ទោះក្រុមគ្រួសារប្រធានាធិបតីអាមេរិក បានហាមឃាត់លោកមិនឱ្យទៅប្រទេសថៃ ព្រោះបារម្ភពីសុវត្ថិភាពរបស់លោកក៏ដោយ។
លោកថា ជុំវិញការស្នើរូបលោកនេះ ថៃក៏បានសន្យាឱ្យលោកសម្ភាសនរណាក៏បានដែរ ទោះស្តេចថៃ ក៏ដោយ ប៉ុន្តែនៅទីបំផុត ពួកគេបានចោទថាលោកត្រឹមតែជាអ្នកបញ្ចុះបញ្ចូលទទួលប្រាក់ប៉ុណ្ណោះ មិនមែនជាអ្នកសារព័ត៌មានស្មោះត្រង់ទេ ហើយក៏ហាមឃាត់លោកមិនឱ្យចូលទឹកដីថៃ តែម្តង។
ទីប្រឹក្សាប្រធានាធិបតីអាមេរិករូបនេះ បញ្ជាក់ថា រាល់ការចំណាយទាំងអស់អំឡុងពេលទៅប្រទេសកម្ពុជា គឺជាការចំណាយផ្ទាល់ខ្លួនរបស់លោកសុទ្ធសាធ ដែលសរុបអស់ ១ម៉ឺនដុល្លារអាមេរិក (១០០០០ដុល្លារ)។
ផ្ទុយទៅវិញ បើរដ្ឋាភិបាលកម្ពុជា បានបង់លុយឱ្យលោកត្រឹមតែ ១ដុល្លារនោះ ក៏លោកត្រូវតែចុះបញ្ជីក្រោមច្បាប់ Foreign Registration Act ក្នុងសហរដ្ឋអាមេរិកដែរ។
តាមការផ្សាយពីប្រភពជាច្រើនក្នុងបណ្ដាញសង្គម តាំងពី X ដល់តិកតុក (TikTok) អះអាងថាលោកមានភរិយាជាពលរដ្ឋខ្មែរកាត់យៀកណាម។ ទោះជាយ៉ាងណាក្ដី គេមិនទាន់ហ៊ានអះអាងថាជាការពិតទាំងស្រុងនៅឡើយទេ។
លោកគូសបញ្ជាក់ថា លោកត្រូវតែប្រកាសជាសាធារណៈ និងដាក់សេចក្តីរាយការណ៍ជូនក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក ក៏ដូចជាអង្គភាពអនុវត្តច្បាប់ហិរញ្ញវត្ថុ (FinCEN) ក្រោមច្បាប់ Lobbying Disclosure Act របស់សភាអាមេរិកថែមទៀត រួមទាំងព្រឹទ្ធសភាអាមេរិក និងសេតវិមានផងដែរ ប៉ុន្តែនេះលោកមិនបានទទួលបានលុយសូម្បីតែ ១ដុល្លារពីរដ្ឋាភិបាលកម្ពុជា។
កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ លោក ម៉ៃឃើល ប៊ើរី អាល់ហ្វារ៉ូ (Michael B Alfaro) បានទៅដល់ប្រទេសកម្ពុជា និងចុះទៅជួបប្រជាពលរដ្ឋដោយផ្ទាល់នៅជំរំជនភៀសសឹក និងតំបន់ជម្លោះតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ផ្សេងទៀត ទាំងមេឃកំពុងធ្លាក់ភ្លៀងនៅយប់ថ្ងៃដដែលនោះ។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មាន ខៅស៊ុត (Khaosod) បានស្រង់សម្ដីអ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក ជីរ៉ាយុ ហួងសព្ទ ថាលោក ម៉ៃឃើល ប៊ើរី អាល់ហ្វារ៉ូ (Michael B Alfaro) មិនត្រូវបានស្វាគមន៍ឱ្យចូលទៅក្នុងប្រទេសថៃ ឡើយ បើទោះបីជាប្រទេសថៃ ធ្លាប់បានអញ្ជើញគាត់រួចហើយក៏ដោយ។
ប្រភពដដែល បញ្ជាក់ថា ការលុបការអញ្ជើញនេះ ដោយសារតែលោក ម៉ៃឃើល ប៊ើរី អាល់ហ្វារ៉ូ បានបំភ្លៃការពិតលើសំណុំរឿងព្រំដែនកម្ពុជា-ថៃ។ ជាងនេះទៀត ក៏ដោយសារតែថៃ បានរកឃើញថា ជនជាតិអាមេរិកកាំងរូបនេះមិនមែនជាអ្នកឆ្លើយឆ្លងព័ត៌មានរបស់សេតវិមាននោះទេ គឺគ្រាន់តែជាអ្នកបញ្ចុះបញ្ចូលរបស់កម្ពុជា ប៉ុណ្ណោះ។
ជុំវិញបញ្ហានេះ ប្រធានអ្នកឆ្លើយឆ្លងព័ត៌មានរបស់សេតវិមានរបស់ប្រធានាធិបតីអាមេរិក លោក ហ្គារី ហ្វ្រង់ស៊ី (Gary Franchi) បានអះអាងកាលពីថ្ងៃទី២១ ខែសីហា ថា ប្រទេសថៃ បានដាក់លោក Michael B Alfaro និងរូបលោកក្នុងបញ្ជីខ្មៅរបស់ពួកគេហើយ បន្ទាប់ពីលោករាយការណ៍អំពីវិបត្តិព្រំដែនកម្ពុជា-ថៃ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

