28.2 C
Phnom Penh

កម្ពុជា-ថៃ ចរចា​ពី​ការ​បើក​ច្រក​ព្រំដែន​តាម​សំណើ​រដ្ឋាភិបាល​ជប៉ុន សម្រាប់​ការ​ដឹកជញ្ជូន​ទំនិញ​ចាំបាច់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា អះអាង​ថា កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) កម្ពុជា និង​ថៃ បាន​ចរចា​គ្នា​ពី​ការ​បើក​ច្រក​ព្រំដែន​មួយ​ចំនួន​តាម​សំណើ​រដ្ឋាភិបាល​ជប៉ុន សម្រាប់​ការ​ដឹកជញ្ជូន​ទំនិញ​ចាំបាច់​ដើម្បី​ធានា​ដល់​សង្វាក់​ផ្គត់ផ្គង់។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ សីហា ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) នៅ​ថ្ងៃទី​១០ កញ្ញា នេះ​ថា ក្រៅពី​ពិភាក្សា​ពី​ការ​បើក​ច្រក​ព្រំដែន ភាគី​ទាំង​ពីរ​ក៏​បាន​ព្រមព្រៀង​គ្នា​កាត់បន្ថយ​ភាព​តានតឹង​តាមរយៈ​ការ​កែសម្រួល​យុទ្ធោបករណ៍ និង​សម្ភារៈ​យោធា​នៅ​តាម​ព្រំដែន​ផង​ដែរ។

លោក ទៀ សីហា អះអាង​ថា កម្ពុជា-ថៃ ក៏​បាន​ឯកភាព​គ្នា​ជា​គោលការណ៍​ទៅ​លើ​លក្ខខណ្ឌ​ប្រតិបត្តិ (TOR) សម្រាប់​ការ​បង្កើត​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ថែមទៀត ដោយ​រង់ចាំ​តែ​ការ​អនុម័ត​ពី​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​តែប៉ុណ្ណោះ។

លោក​បន្ត​ថា ក្នុង​អំឡុង​ពេល​រង់ចាំ​ការ​បង្កើត​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ភាគី​ទាំង​ពីរ​បាន​ទទួលស្គាល់​នូវ​តួនាទី​ដ៏​សំខាន់​របស់​ក្រុម​អ្នក​សង្កេតការណ៍​បណ្ដោះអាសន្ន (IOT) និង​ឯកភាព​គ្នា​ក្នុង​ការ​បន្ត​ប្រើប្រាស់​យន្តការ​នេះ ដើម្បី​ធានា​ការអនុវត្ត​បទ​ឈប់​បាញ់​ឱ្យ​មាន​ប្រសិទ្ធភាព។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​រូប​នេះ​បញ្ជាក់​ថា ករណី​ទាហាន​ខ្មែរ​ទាំង ១៨​នាក់​ដែល​កំពុង​ឃុំ​ខ្លួន​ក្នុង​ប្រទេស​ថៃ ក៏​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​នេះ​ដែរ ដើម្បី​ស្នើ​ឱ្យ​មាន​ការ​ដោះលែង​ស្រប​តាម​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ។

នៅ​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០២៥ នេះ កិច្ចប្រជុំ​ពិសេស​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) កម្រិត​ថ្នាក់​រដ្ឋមន្ត្រី ត្រូវ​បាន​ធ្វើឡើង​នៅ​ខេត្ត​កោះកុង ដែល​ក្នុង​នោះ ភាគី​កម្ពុជា តំណាង​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ សីហា ខណៈ​ភាគី​ថៃ តំណាង​ដោយ​អនុរដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ លោក ណាតាផុន ណាក់ផានិត (Nattaphon Narkphanit)។

ជុំវិញ​កិច្ចប្រជុំ​នេះ កម្ពុជា-ថៃ បាន​ព្រមព្រៀង​គ្នា​រៀបចំ​កិច្ចប្រជុំ​ពិសេស​លើក​ទី​២ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) ក្នុង​រយៈពេល ៣០​ថ្ងៃ​ទៀត​បន្ទាប់ពី​កិច្ចប្រជុំ​នេះ ដែល​ភាគី​ថៃ នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​វិញ​ម្តង។

កាសែត ខៅស៊ុត របស់​ថៃ (Khaosod) បាន​ស្រង់​សម្ដី​អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ លោក ណាតាផុន ណាក់ផានិត (Nattaphon Narkphanit) នៅ​ថ្ងៃទី​១០ កញ្ញា នេះ​ថា ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) បាន​អនុម័ត​លើ​ការ​ដក​អាវុធ​ធុន​ធ្ងន់​ចេញពី​តំបន់​ព្រំដែន ដើម្បី​ឱ្យ​វិលត្រឡប់​ទៅ​សភាព​ធម្មតា​វិញ។

លោក ណាតាផុន ណាក់ផានិត អះអាង​ថា ក្នុង​កិច្ចប្រជុំ ភាគី​កម្ពុជា-ថៃ បាន​ពិភាក្សា​អំពី​ការ​បន្ធូរ​ច្រក​ព្រំដែន ប៉ុន្តែ​ការ​បន្ធូរបន្ថយ​ច្រក​ព្រំដែន​រវាង​ប្រទេស​ថៃ និង​កម្ពុជា មិនមែន​សម្រាប់​បុគ្គល​ណា​ទេ ប៉ុន្តែ​សម្រាប់​ការ​ដឹកជញ្ជូន​ទំនិញ​ប៉ុណ្ណោះ ខណៈ​មនុស្ស​នៅតែ​មិន​អាច​ឆ្លងកាត់​បាន​ដដែល។

អនុរដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ រូប​នេះ បញ្ជាក់​ថា មូលហេតុ​នៃ​ការ​បើក​ច្រក​ជាមួយ​កម្ពុជា គឺ​ដោយសារ​ប្រទេស​ទី​៣ មិនមែន​មកពី​ថៃ និង​កម្ពុជា ទេ ព្រោះ​ប្រទេស​ទី​បី​បាន​អះអាង​ថា ជម្លោះ​រវាង​ថៃ និង​កម្ពុជា កំពុង​ប៉ះពាល់ និង​បង្ក​បញ្ហា​ដល់​ពួកគេ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​២២ ខែ​សីហា ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​លើកឡើង​ថា ជុំវិញ​ដំណើរ​ទស្សនកិច្ច​របស់​លោក សឺហ្សឺគី ហ៊ីដេអូ (SUZUKI Hideo) ឯកអគ្គរាជទូត​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​នៅ​ប្រទេស​ម៉ាឡេស៊ី រួម​ទាំង​កម្ពុជា និង​ថៃ គឺ​រដ្ឋាភិបាល​ជប៉ុន អំពាវនាវ​ឱ្យ​មាន​ការ​អនុវត្ត​ដោយ​ប្រាកដប្រជា​នូវ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​បន្ធូរបន្ថយ​ភាព​តានតឹង ព្រោះ​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​កម្ពុជា និង​ថៃ មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​ស្ថិរភាព និង​ការ​អភិវឌ្ឍ​ក្នុង​តំបន់៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស