34.7 C
Phnom Penh

យោធា​ថៃ ជំទាស់​នឹង​វិធានការ​បើក​ច្រក​ព្រំដែន​ជាមួយ​កម្ពុជា​ឡើងវិញ​តាម​សំណើ​របស់​ជប៉ុន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​ការិយាល័យ​សម្របសម្រួល​បេសកកម្ម​ដើម្បី​សន្តិសុខ​ជាតិ​ថៃ ឧត្ដមសេនីយ៍ឯក វ៉ាន់ចាន់ណា សាវាឌី (Wanchana Sawasdee) ជំទាស់​នឹង​ការ​បើក​ច្រក​ព្រំដែន​រវាង​កម្ពុជា-ថៃ តាម​សំណើ​របស់​រដ្ឋាភិបាល​ជប៉ុន។

កាសែត​ថៃ Khaosod បាន​ស្រង់​សម្ដី​ប្រធាន​ការិយាល័យ​សម្របសម្រួល​បេសកកម្ម​ដើម្បី​សន្តិសុខ​ជាតិ​ឧត្ដមសេនីយ៍ឯក វ៉ាន់ចាន់ណា សាវាឌី (Wanchana Sawasdee) កាលពី​ថ្ងៃទី​១១ ខែ​កញ្ញា នេះ​ថា បើ​ប្រទេស​ជប៉ុន ធ្វើ​ដើម្បី​ប្រយោជន៍​គេ ថៃ​ក៏​ត្រូវ​ធ្វើ​ដើម្បី​ប្រយោជន៍​ជាតិ​របស់​ខ្លួនឯង​ដែរ។

លោក វ៉ាន់ចាន់ណា សាវាឌី លើកឡើង​ថា លោក​មិន​ដឹង​ថា​តើ​ការ​បើក​ប៉ុស្តិ៍​ត្រួតពិនិត្យ គឺជា​គោលនយោបាយ​របស់​រដ្ឋាភិបាល ឬ​យ៉ាងណា​នោះ​ទេ ប៉ុន្តែ​លោក​ចង់​ឱ្យ​ពួកគេ​គិត​អំពី​ពលរដ្ឋ និង​ទាហាន​ដែល​បាន​បាត់បង់​ជីវិត និង​រង​របួស ក៏ដូចជា​ក្រុម​គ្រួសារ​របស់​ពួកគេ​ផង​ដែរ។

ឧត្ដមសេនីយ៍ឯក​រូប​នេះ​អះអាង​ថា ថៃ​ត្រូវតែ​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ធ្វើ​ឱ្យ​កម្ពុជា​ឈប់​គំរាមកំហែង​ថៃ បន្ត​ទៀត ព្រោះ​ថា​ដើម្បី​ឲ្យ​បញ្ហា​នេះ​បញ្ចប់ កម្ពុជា​ត្រូវតែ​បញ្ឈប់​ការ​គំរាមកំហែង​ដល់​ប្រទេស​ថៃ ក្នុង​នោះ​បើ​កម្ពុជា ចង់​បាន​អ្នកទោស​សង្គ្រាម​វិញ ពួកគេ​ត្រូវ​ដក​ទ័ព​ចេញពី​ព្រំដែន​ជា​មុន​ដែរ។

លោក វ៉ាន់ចាន់ណា សាវាឌី បញ្ជាក់​ថា ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី​តាមរយៈ​គណៈកម្មាធិការ​នានា ដូចជា តាមរយៈ​គណៈកម្មាធិការ GBC, RBC និង​គណៈកម្មាធិការ​ព្រំដែន​រួម (JBC) ជាដើម នឹង​ធ្វើ​ឱ្យ​មាន​ការ​ពន្យារ​ពេល​គ្មាន​ទី​បញ្ចប់ ហើយ​បញ្ហា​នឹង​មិន​អាច​ដោះស្រាយ​បាន​ឡើយ។

កិច្ចប្រជុំ​ពិសេស​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) កម្រិត​ថ្នាក់​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា-ថៃ ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០២៥ ដោយ​ភាគី​ទាំង​ពីរ​ចរចា​គ្នា​ពី​ការ​បើក​ច្រក​ព្រំដែន​មួយ​ចំនួន​តាម​សំណើ​រដ្ឋាភិបាល​ជប៉ុន សម្រាប់​ការ​ដឹកជញ្ជូន​ទំនិញ​ចាំបាច់​ដើម្បី​ធានា​ដល់​ខ្សែ​សង្វាក់​ផ្គត់ផ្គង់។

ជុំវិញ​បញ្ហា​នេះ កាសែត​ថៃ ខៅស៊ុត (Khaosod) បាន​ស្រង់​សម្ដី​អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ លោក ណាតាផុន ណាក់ផានិត (Nattaphon Narkphanit) កាលពី​ថ្ងៃទី​១០ កញ្ញា ថា ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) បាន​ពិភាក្សា​អំពី​ការ​បន្ធូរ​ច្រក​ព្រំដែន​គោក​ជាមួយ​កម្ពុជា ប៉ុន្តែ​ការ​បន្ធូរបន្ថយ​ច្រក​ព្រំដែន​នេះ មិនមែន​សម្រាប់​បុគ្គល​ទេ គឺ​សម្រាប់​ការ​ដឹកជញ្ជូន​ទំនិញ​ប៉ុណ្ណោះ ខណៈ​មនុស្ស​នៅតែ​មិន​អាច​ឆ្លងកាត់​បាន​ដដែល។

អនុរដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ​រូប​នេះ បញ្ជាក់​ថា មូលហេតុ​នៃ​ការ​បើក​ច្រក​ជាមួយ​កម្ពុជា គឺ​ដោយសារ​ប្រទេស​ទី​៣ មិនមែន​មកពី​ថៃ និង​កម្ពុជា ទេ ព្រោះ​ប្រទេស​ទី​បី​បាន​អះអាង​ថា ជម្លោះ​រវាង​ថៃ និង​កម្ពុជា កំពុង​ប៉ះពាល់ និង​បង្ក​បញ្ហា​ដល់​ពួកគេ។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃទី​១០ ខែ​កញ្ញា ស្ថានទូត​ជប៉ុន​នៅ​កម្ពុជា សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន ដោយ​សាទរ​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) ជាមួយ​នឹង​វឌ្ឍនភាព​នៃ​កិច្ចពិភាក្សា​ទាក់ទង​ការ​បង្កើត​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន ការ​ដោះ​មីន និង​ការ​បើក​ឡើងវិញ​នូវ​ការ​ដឹកជញ្ជូន​តាម​ច្រក​ព្រំដែន​គោក ជាដើម។

ស្ថានទូត​ជប៉ុន ចាត់ទុក​កិច្ចប្រជុំ​នេះ​បង្ហាញ​ពី​លទ្ធផល​ដ៏​សំខាន់​ដើម្បី​ជំរុញ​ការ​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​រវាង​ប្រទេស​ទាំង​ពីរ។

ជុំវិញ​បញ្ហា​នេះ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត យ៉ង់ ពៅ ក៏​បាន​ជំទាស់​នឹង​ការ​បើក​ច្រក​ព្រំដែន​ជាមួយ​ថៃ ដែរ ក្រោម​ហេតុផល​ថា ជាតិ​សាសន៍​ថៃ បាន​មាក់ងាយ និង​ប្រព្រឹត្ត​អំពើ​ឈ្លានពាន​ខ្មែរ​ដែល​មិន​អាច​ទទួល​យក​បាន៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស