នាយករដ្ឋមន្ត្រីថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) អះអាងថា លោកពិតជាមានបំណងឱ្យលុបកិច្ចព្រមព្រៀងឆ្នាំ២០០០ និងកិច្ចព្រមព្រៀងឆ្នាំ២០០១ រវាងកម្ពុជា-ថៃ ឱ្យបាន ប៉ុន្តែលោកត្រូវពិគ្រោះយោបល់ជាមួយពលរដ្ឋជាមុនសិន ខណៈក្រុមអ្នកវិភាគអះអាងថា ផ្អែកតាមអនុសញ្ញាទីក្រុងវីយែន រដ្ឋមួយមិនអាចដកខ្លួនចេញពីកិច្ចព្រមព្រៀងជាឯកតោភាគីបានឡើយ។
កាសែត The Nation របស់ថៃ បានស្រង់សម្ដីនាយករដ្ឋមន្ត្រីថៃ លោក អនុធីន ឆានវីរៈគុល នៅថ្ងៃទី៣០ ខែកញ្ញា នេះថា រដ្ឋាភិបាលរបស់លោកគ្រោងនឹងធ្វើប្រជាមតិជាតិ ដើម្បីសម្រេចថាតើត្រូវលុបចោលអនុស្សរណៈនៃការយោគយល់គ្នា (MOU) ចំនួនពីរជាមួយកម្ពុជា ដែរឬយ៉ាងណា។
ប្រភពដដែល បញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នា (MOU) ទាំងពីរនោះ គឺ MOU ឆ្នាំ២០០០ លេខ៤៣ ចុះហត្ថលេខានៅឆ្នាំ២០០០ ដើម្បីកំណត់ព្រំដែនគោក និង MOU ឆ្នាំ២០០១ លេខ៤៤ សម្រាប់កិច្ចសហការដែនសមុទ្រត្រួតស៊ីគ្នា។
បណ្ឌិត ឥន សុផល អ្នកជំនាញខាងផ្នែកវិទ្យាសាស្ត្រនយោបាយ សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីយប់ថ្ងៃទី២៩ ខែកញ្ញា ថា យោងតាមច្បាប់អន្តរជាតិ គឺអនុសញ្ញាទីក្រុងវីយែន ស្ដីពីច្បាប់សន្ធិសញ្ញាឆ្នាំ១៩៦៩ នៅពេលដែលរដ្ឋអធិបតេយ្យពីរបានចុះហត្ថលេខាទទួលស្គាល់អនុស្សរណៈយោគយល់គ្នា (MOU) សម្រាប់អនុវត្ត អនុស្សរណៈនោះត្រូវបានគេចាត់ទុកថាមានសុពលភាពតាមផ្លូវច្បាប់អន្តរជាតិ។
លោកបន្តថា ផ្អែកតាមអនុសញ្ញាទីក្រុងវីយែន រដ្ឋមួយមិនអាចដកខ្លួនចេញពីកិច្ចព្រមព្រៀងជាឯកតោភាគីបានទេ លុះត្រាតែកិច្ចព្រមព្រៀង ឬ MOU នោះ មានចែងអំពីលក្ខខណ្ឌបញ្ចប់សុពលភាព ខណៈ MOU ឆ្នាំ២០០០ និងឆ្នាំ២០០១ រវាងកម្ពុជា-ថៃ ពុំបានកំណត់អំពីសុពលភាពឡើយ។
បណ្ឌិត ឥន សុផល លើកឡើងថា រដ្ឋាភិបាលថៃ អាចប្រកាសជាឯកតោភាគីមិនទទួលស្គាល់អនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ (MOU) និងឆ្នាំ២០០១ ជាមួយកម្ពុជា ប៉ុន្តែបើតាមច្បាប់អន្តរជាតិ ការប្រកាសបែបនេះមិនអាចបដិសេធកាតព្វកិច្ចរបស់ថៃ ចំពោះកម្ពុជា បានទេ ប្រសិនបើភាគីកម្ពុជា ទាមទារឱ្យអនុវត្តបន្តទៅទៀតនោះ។
លោកបន្ថែមថា ប្រសិនបើភាគីថៃ ដកខ្លួនចេញពីអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយកម្ពុជា ដោយឯកតោភាគី ដូច្នេះភាគីកម្ពុជា អាចប្តឹងតវ៉ាតាមការទូតទៅកាន់អង្គការសហប្រជាជាតិ (UN) ឬអាស៊ាន (ASEAN) និងអាចដាក់ពាក្យបណ្ដឹងលើបញ្ហានេះទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ថែមទៀត។
អ្នកជំនាញវិទ្យាសាស្ត្រនយោបាយរូបនេះ ព្រមានថា ការដកខ្លួនជាឯកតោភាគី នឹងប៉ះពាល់ដល់ឥទ្ធិពល កិត្យានុភាព និងឆន្ទៈអន្តរជាតិរបស់ថៃ ហើយធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែមានភាពតានតឹងជាងមុនទៅវិញ។
ជុំវិញបញ្ហានេះ គេសង្កេតឃើញថា ក្រុមមន្ត្រីបក្សប្រឆាំងនៅកម្ពុជា ក៏តែងតែទាមទារឱ្យនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត លុបអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ (MOU43) និងអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ (MOU44) រវាងកម្ពុជា-ថៃ ជាបន្តបន្ទាប់ដែរ ក្រោមហេតុផលថា កិច្ចព្រមព្រៀងនេះបានធ្វើឱ្យបាត់បង់ដែនសមុទ្រ និងព្រំដែនគោករបស់កម្ពុជា ទៅប្រទេសថៃ។
បណ្ឌិត ឥន សុផល បានចោទជាសំណួរថា តើកម្ពុជា អាចនឹងប្រឈមអ្វីខ្លះ បើលុប MOU ឆ្នាំ២០០០?
លោកអះអាងថា កម្ពុជាមិនអាចលុប MOU ឆ្នាំ២០០០ ទេ ព្រោះ MOU នេះ បានចងថៃ ភ្ជាប់ជាមួយអនុសញ្ញា និងសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ហើយអ្វីដែលសំខាន់បំផុតនៅក្នុង MoU នេះ គឺសង្កត់កថៃ ឱ្យជាប់ជាមួយផែនទីដែលគូសដោយគណៈកម្មាធិការព្រំដែនចម្រុះបារាំង-សៀមឆ្នាំ១៩០៨ ខ្នាត ១/២០០០០០។
បណ្ឌិត ឥន សុផល បន្តថា MOU ឆ្នាំ២០០០ បានការពារអនុសញ្ញា និងសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ យ៉ាងរឹងមាំ និងបានការពារអធិបតេយ្យភាពកម្ពុជា ពីមហិច្ឆតាឈ្លានពានរបស់ថៃ មកលើប្រាសាទព្រះវិហារ និងតំបន់ផ្សេងទៀតនៅតាមបណ្តោយព្រំដែន។
លោកអះអាងថា បើកម្ពុជាលុបចោល MoU ឆ្នាំ២០០០ ប្រៀបបាននឹងលុបចោលសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ តើកម្ពុជានឹងយកសន្ធិសញ្ញា និងផែនទីណាមកចរចាជាមួយថៃ?
អ្នកជំនាញខាងផ្នែកវិទ្យាសាស្ត្រនយោបាយរូបនេះ អះអាងថា ចេតនារបស់សៀម ចង់លុប MOU ឆ្នាំ២០០០ គឺមិនចង់ទទួលស្គាល់សន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ ព្រោះសៀម ធ្លាប់បានលើកឡើងកន្លងមកហើយថា សន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ គឺសៀម ធ្វើជាមួយបារាំង ពុំមែនធ្វើជាមួយកម្ពុជា ទេ ដូច្នេះសៀម ពុំដែលមានសន្ធិសញ្ញាព្រំដែនជាមួយកម្ពុជា ទេ។
បណ្ឌិត ឥន សុផល អះអាងថា បើលុប MoU នេះបានសម្រេច សៀមប្រើប្រាស់ផែនទីឯកតោភាគីខ្នាត ១/៥០០០០ របស់ខ្លួន រួចឈ្លានពានយកតំបន់ប្រាសាទព្រះវិហារ និងតំបន់ផ្សេងទៀតជាច្រើននៅតាមបណ្តោយព្រំដែនខ្មែរ-សៀម៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

