26.6 C
Phnom Penh

ស្ថានទូត​ចិន​ប្រចាំ​ទីក្រុង​បាងកក បដិសេធ​ការ​ផ្គត់ផ្គង់​អាវុធ​ឱ្យ​កម្ពុជា អំឡុង​ពេល​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឆ្លើយតប​នឹង​សំណួរ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ថៃ ស្ថានទូត​ចិន​ប្រចាំ​ទីក្រុង​បាងកក បាន​បញ្ជាក់​ដោយ​បដិសេធ​ដាច់អហង្ការ​ចំពោះ​ការ​លើកឡើង​ថា ចិន​បាន​ផ្តល់​គ្រឿង​សព្វាវុធ​ដល់​កម្ពុជា ក្នុង​អំឡុង​នៃ​ការ​ផ្ទុះ​អាវុធ​ដាក់​គ្នា​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ កាលពី​ខែ​កក្កដា ឆ្នាំ​២០២៥។

ស្ថានទូត​ចិន​ប្រចាំ​ទីក្រុង​បាងកក សង្កត់​ធ្ងន់​ថា ទីក្រុង​ប៉េកាំង គ្មាន​តួនាទី​អ្វី​ក្នុង​ការ​បញ្ឆេះ​ជម្លោះ​រវាង​កម្ពុជា-ថៃ នោះ​ទេ ប៉ុន្តែ​មាន​តែ​ជំរុញ​ការ​កសាង​សន្តិភាព និង​ស្ថិរភាព​នៅ​ក្នុង​តំបន់។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ចិន​មិន​បាន​ផ្តល់​ឧបករណ៍​យោធា ឬ​សព្វាវុធ​អ្វី​ដល់​កម្ពុជា សម្រាប់​ប្រើ​ប្រឆាំង​នឹង​ប្រទេស​ថៃ នោះ​ទេ។ គ្រឿង​សព្វាវុធ​យោធា​ដែល​កម្ពុជា មាន​នោះ គឺ​បាន​មកពី​កម្មវិធី​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​ដែល​មាន​ស្រាប់​ជាមួយ​ចិន ប៉ុណ្ណោះ។ ខ្លួន​មិន​ទទួល​បាន​ផលប្រយោជន៍​អ្វី​ទាល់តែសោះ​នៅ​ក្នុង​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ និង​ថា​ក្នុង​នាម​ជា​មិត្ត​របស់​ប្រទេស​ជិតខាង​ទាំង​ពីរ ចិន​បាន​ខិតខំ​ប្រឹងប្រែង​ជា​វិជ្ជមាន​តាម​មធ្យោបាយ​របស់​ខ្លួន ក្នុង​ការ​ជួយ​បន្ធូរបន្ថយ​ស្ថានការណ៍​ដែល​តានតឹង។

ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​ថៃ អះអាង​ថា ប្រទេស​ចិន គាំទ្រ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អាស៊ាន​ក្នុង​ការ​លើកកម្ពស់​ដំណោះស្រាយ​នយោបាយ​តាម «មាគ៌ា​អាស៊ាន» ក្នុង​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ។ ចិន​ក៏​បាន​បញ្ជាក់​ពី​ឆន្ទៈ​រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់ រួម​មាន​ប្រទេស​ថៃ កម្ពុជា និង​ម៉ាឡេស៊ី ដើម្បី​ដើរ​តួនាទី​ស្ថាបនា​សម្រាប់​ការ​អនុវត្ត​បទ​ឈប់​បាញ់​ប្រកប​ដោយ​និរន្តរភាព ការ​ស្ដារ​សន្តិភាព និង​ស្ថិរភាព​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ។

កាសែត The New York Times កាលពី​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២៥ បាន​ចុះផ្សាយ​ដោយ​យោង​តាម​របាយការណ៍​ស៊ើបអង្កេត​សម្ងាត់​របស់​ថៃ ថា នៅ​ប៉ុន្មាន​សប្តាហ៍​មុន​ហេតុការណ៍​ផ្ទុះ​អាវុធ​ដាក់​គ្នា​រវាង​កងទ័ព​កម្ពុជា និង​កងទ័ព​ថៃ យន្តហោះ​យោធា​ចិន បាន​ដឹកជញ្ជូន​គ្រឿង​សព្វាវុធ​យ៉ាង​ច្រើន និង​បាន​ចុះចត​យ៉ាង​ស្ងៀមស្ងាត់​នៅ​កំពង់ផែ​រាម ក្នុង​ខេត្ត​ព្រះសីហនុ របស់​កម្ពុជា។ ការណ៍​នេះ បាន​ធ្វើ​ឲ្យ​កាសែត​បរទេស​មួយ​នេះ​ចោទ​សួរ​ពី​ជំហរ​របស់​ចិន នៅ​ក្នុង​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ។

តាម​កាសែត The New York Times សព្វាវុធ​ទាំងនោះ​ត្រូវ​បាន​រក្សា​ទុក​នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម ហើយ​ក្រោយ​មក​បាន​ដឹកជញ្ជូន​តាម​ភាគ​ខាងជើង​ឆ្ពោះ​ទៅ​កាន់​ព្រំដែន​កម្ពុជា-ថៃ ដែល​ជា​ទីតាំង​មាន​ជម្លោះ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស