28.4 C
Phnom Penh

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ខកចិត្ត​ចំពោះ OHCHR ដែល​អសកម្ម​អន្តរាគមន៍​ឱ្យ​ថៃ ដោះលែង​ទាហាន​កម្ពុជា ១៨​នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា (គ.ស.ម.ក.) ទាមទារ​ឱ្យ​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស (OHCHR) អន្តរាគមន៍​ជាបន្ទាន់​ទៅ​កាន់​ភាគី​ថៃ ដើម្បី​ដោះលែង​ដោយ​ឥត​លក្ខខណ្ឌ និង​ធ្វើ​មាតុភូមិ​និវត្តន៍​កងទ័ព​កម្ពុជា ១៨​នាក់ ស្រប​តាម​ច្បាប់​អន្តរជាតិ។

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា នៅ​ថ្ងៃទី​២ ខែ​តុលា ឆ្នាំ​២០២៥ បាន​បន្ត​ដាក់​ញត្តិ​សុំ​កិច្ច​អន្តរាគមន៍​ទៅ​កាន់​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ (OHCHR) ដើម្បី​ឱ្យ OHCHR បន្ត​តាមដាន​លើ​ញត្តិ​បន្ទាន់​របស់​កម្ពុជា ដែល​ពាក់ព័ន្ធ​នឹង​ការ​ឃុំ​ខ្លួន​ទាហាន​កម្ពុជា ទាំង ១៨​នាក់​ដោយ​ខុស​ច្បាប់​ពី​សំណាក់​យោធា​ថៃ។

ក្នុង​ញត្តិ​ដដែល គ.ស.ម.ក. បាន​ប្រាប់ OHCHR ថា គិត​ត្រឹម​ថ្ងៃទី​២ ខែ​តុលា ឆ្នាំ​២០២៥ គឺ​មាន​រយៈពេល ៦៥​ថ្ងៃ​ហើយ​ដែល​កងទ័ព​កម្ពុជា ចំនួន ១៨​នាក់ ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​យោធា​ថៃ ក្រោយពី​កិច្ចព្រមព្រៀង​ស្ដីពី​បទ​ឈប់​បាញ់​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ចូល​ជាធរមាន​នៅ​ពាក់កណ្តាល​យប់​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៥។

ក្នុង​ញត្តិ​ថ្មី​នេះ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ និង​ជំរុញ​ឲ្យ OHCHR ធ្វើ​សកម្មភាព​ជាក់ស្តែង និង​ទាន់​ពេលវេលា ដើម្បី​គេច​ចេញពី​ការ​បកស្រាយ​ថា OHCHR បាន​ព្រងើយកន្តើយ​ចំពោះ​ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស​អន្តរជាតិ និង​សិទ្ធិ​មនុស្សធម៌​អន្តរជាតិ។

ញត្តិ​ដដែល​បាន​លើកឡើង​ថា គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​បង្ហាញ​ការ​ខកចិត្ត​ចំពោះ OHCHR ដែល​ខ្វះខាត​សកម្មភាព​ជាក់ស្តែង និង​ទាន់​ពេលវេលា ដើម្បី​ធ្វើ​អន្តរាគមន៍​ដោះលែង​ទាហាន​ខ្មែរ​ទាំង ១៨​នាក់ ដែល​ថៃ ចាប់​ខ្លួន​ដោយ​ខុស​ច្បាប់។ ភាព​អសកម្ម​បែប​នេះ មិន​ត្រឹមតែ​ប៉ះពាល់​ដល់​សិទ្ធិ និង​ខូច​កិត្តិយស​របស់​កងទ័ព​កម្ពុជា ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បង្កើត​នូវ​គំរូ​អាក្រក់​ចំពោះ​ការ​រួច​ផុត​ពី​ទោស​ទណ្ឌ ហើយ​ធ្វើ​ឱ្យ​កេរ្តិ៍ឈ្មោះ និង​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ​ចុះ​ខ្សោយ​ទៀត​ផង។

ញត្តិ​ដែល​បាន​ផ្ញើ​ទៅ​កាន់​លោក Volker Turk ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ជា​ថ្មី​នេះ គឺ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ទទូច​ឱ្យ​ដោះស្រាយ​ជាបន្ទាន់ ហើយ​ត្រូវ​ធ្វើ​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​ថៃ ដើម្បី​ធានា​ដល់​ការ​ដោះលែង​ដោយ​ឥត​លក្ខខណ្ឌ និង​មាតុភូមិ​និវត្តន៍​កងទ័ព​កម្ពុជា ទាំង ១៨​នាក់ ឱ្យ​ស្រប​តាម​ច្បាប់​អន្តរជាតិ។ ម្យ៉ាងវិញទៀត កម្ពុជា​ក៏​ស្នើ​ឱ្យ OHCHR គាំទ្រ​ខ្លួន​ក្នុង​ការ​ស្នើ​ឱ្យ​ថៃ ទទួល​ខុសត្រូវ​ចំពោះ​ការ​រំលោភ​បំពាន​ទាំងនេះ។

កាលពី​ថ្ងៃទី​១ ខែ​សីហា ឆ្នាំ​២០២៥ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​ដាក់​ញត្តិ​សុំ​កិច្ច​អន្តរាគមន៍​ទៅ​កាន់ OHCHR ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ដើម្បី​សុំ​ឱ្យ​ជួយ​ជាបន្ទាន់​លើ​ករណី​ឃុំ​ខ្លួន​ដោយ​ខុស​ច្បាប់​ចំពោះ​កងទ័ព​កម្ពុជា។ ក្នុង​ញត្តិ​ដំបូង​នោះ លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​លើកឡើង​ពី​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​មក​លើ​ទាហាន​កម្ពុជា តាមរយៈ​ការ​ធ្វើ​ទារុណ ការ​ប្រព្រឹត្ត​សកម្មភាព​អមនុស្សធម៌ និង​ការ​មិន​ផ្តល់​ការ​ថែទាំ​សុខភាព ជាដើម។

កងទ័ព​ថៃ បាន​ប្រើ​ល្បិច​លួច​ចាប់​កងទ័ព​កម្ពុជា ប្រមាណ ២០​រូប នៅ​វេលា​ម៉ោង ៧៖៥០​នាទី​ព្រឹក​ថ្ងៃទី​២៩ ខែ​កក្កដា រយៈពេល​ប្រមាណ​ជាង ៧​ម៉ោង​តែប៉ុណ្ណោះ​ក្រោយ​ពី​បទ​ឈប់​បាញ់​ចូល​ជាធរមាន​នៅ​ម៉ោង ០០ ឈាន​ចូល​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០២៥។

ចាប់តាំងពី​ចាប់​ខ្លួន​យក​ទៅ ថៃ​បាន​បញ្ជូន​យោធិន​កម្ពុជា មក​តែ ២​រូប​តែប៉ុណ្ណោះ ដែល​ការ​បញ្ជូន​មក​វិញ​នោះ គឺ​ក្នុង​សភាព​ម្នាក់​រង​របួស​រាងកាយ​ធ្ងន់ធ្ងរ​មិន​អាច​ដើរ​ថ្មើរ​ជើង​បាន ចំណែក​ម្នាក់​ទៀត​អាច​ដើរ​ថ្មើរ​ជើង​បាន ប៉ុន្តែ​រង​របួស​ផ្នែក​ស្មារតី៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស