ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី ព្រមានមេដឹកនាំថៃ កុំឱ្យក្លែងផែនទីធ្វើឱ្យជម្លោះព្រំដែនថៃ និងកម្ពុជា ក្លាយជាទីលានសាកល្បងអាវុធរបស់ចិន និងអាមេរិក ដូចប្រទេសរុស្ស៊ី និងអ៊ុយក្រែន។
លោក កែវ រ៉េមី សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី០៦ តុលា នេះថា អ្នកកាន់អំណាចថៃ មិនត្រូវវង្វេងប្រវត្តិសាស្ត្រ ក្លែងផែនទី ធ្វើឲ្យប្រទេសទាំងពីរមានជម្លោះតជំនាន់នោះទេ ប៉ុន្តែត្រូវពិចារណាឲ្យបានស៊ីជម្រៅទៅដល់អាយុជីវិតប្រជាជន និងសេដ្ឋកិច្ចរបស់ខ្លួនវិញ។
លោក កែវ រ៉េមី លើកឡើងថា កាន់តែត្រូវគិតគូរជាងនេះទៀតនោះ គឺអ្នកកាន់អំណាចថៃ រឹតតែមិនត្រូវយកប្រទេសទាំងពីរធ្វើជាទីតាំងសាកអាវុធរបស់ចិន និងអាមេរិក ថែមទៀត។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា រូបនេះ បញ្ជាក់ថា ពេលនេះ ប្រទេសរុស្ស៊ី និងអ៊ុយក្រែន កំពុងក្លាយជាសមរភូមិសាកអាវុធរបស់មហាអំណាចលោកសេរី និងរុស្ស៊ី រួចទៅហើយ នៅឡើយតែអាវុធចិន ប៉ុណ្ណោះ ដែលកំពុងរកទីតាំងដើម្បីធ្វើតេស្ត។
មេបញ្ជាការភូមិភាគ៥ របស់កម្ពុជា លោក ឯក សំអូន បានចេញលិខិតមួយកាលពីថ្ងៃទី៤ ខែតុលា ទៅកាន់យោធភូមិភាគទី១ របស់ថៃ ថា ចំពោះករណីភូមិជោគជ័យ និងភូមិព្រៃចាន់ ដែលយោធភូមិភាគទី១ របស់ថៃ បានដាក់ស្នើមក គឺត្រូវអនុវត្តទៅតាមការព្រមព្រៀងគ្នារបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៃប្រទេសទាំងពីរ ជាពិសេសគណៈកម្មាធិការព្រំដែនរួម (JBC) ដែលជាយន្តការមានសមត្ថកិច្ចក្នុងការប្រជុំដោះស្រាយបញ្ហានេះ។
ដោយឡែកកិច្ចប្រជុំ RBC ក្នុងកម្រិតយោធភូមិភាគ គឺមានភារកិច្ចត្រឹមតែសម្រួលបញ្ហានៅនឹងកន្លែង បន្ធូរបន្ថយភាពតានតឹង និងដោះស្រាយបញ្ហាដោយសន្តិវិធីប៉ុណ្ណោះ ប៉ុន្តែមិនមានសមត្ថកិច្ចកំណត់ខ្សែព្រំដែនឡើយ។
មេបញ្ជាការភូមិភាគ៥ កម្ពុជា រូបនេះ បញ្ជាក់ថា ការអង្កេតនៅលើដីជាក់ស្តែង បានបញ្ជាក់យ៉ាងច្បាស់ថា កន្លែងខ្លះក៏មានការកាន់កាប់ និងអាស្រ័យផលជាក់ស្តែងរបស់ប្រជាពលរដ្ឋថៃ ចូលក្នុងអធិបតេយ្យភាពរបស់កម្ពុជា ដែរ រួមមាន សំណង់ និងការធ្វើសកម្មភាពហួសបង្គោលព្រំដែនមួយចំនួនរបស់ប្រជាជនថៃ រហូតមកនោះ។
ប្រភពដដែល គូសបញ្ជាក់ថា បញ្ហានេះត្រូវរង់ចាំលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការព្រំដែនរួម (JBC) ជាមុនសិន ចំពោះករណីនៅតំបន់ភូមិជោគជ័យ និងភូមិព្រៃចាន់ ក្នុងន័យនេះ កម្ពុជាក៏ជំរុញឱ្យមានកិច្ចប្រជុំ JBC ឱ្យបានឆាប់ដែរ ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហានេះ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

