28.1 C
Phnom Penh

អភិបាល​ខេត្ត​បន្ទាយមានជ័យ ច្រានចោល​ការ​តវ៉ា​របស់​ថៃ ជុំវិញ​តំបន់​ទាមទារ​នៅ​ភូមិ​ជោគជ័យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ ច្រានចោល​ការ​តវ៉ា​របស់​រដ្ឋបាល​ខេត្ត​ស្រះកែវ ប្រទេស​ថៃ ជុំវិញ​ការ​សាងសង់​ជម្រក​បណ្ដោះអាសន្ន​ក្នុង​តំបន់​ទាមទារ នៅ​ភូមិ​ជោគជ័យ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ស្រប​ពេល​ដែល​អាជ្ញាធរ​ថៃ គ្រោង​បណ្តេញ​ពលរដ្ឋ​ខ្មែរ​នៅ​ថ្ងៃ​សុក្រ​នេះ។

អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី ចេញ​លិខិត​មួយ​ទៅ​កាន់​រដ្ឋបាល​ខេត្ត​ស្រះកែវ ប្រទេស​ថៃ កាលពី​ថ្ងៃទី​៨ ខែ​តុលា ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៩ តុលា នេះ​ថា ទីតាំង​ដែល​រដ្ឋបាល​ខេត្ត​ស្រះកែវ បាន​តវ៉ា គឺ​ស្ថិត​ក្នុង​ភូមិ​ជោគជ័យ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ មិនមែន​ស្ថិត​ក្នុង​ទឹកដី​ថៃ ឡើយ។

ប្រភព​ដដែល អះអាង​ថា ទីតាំង​នេះ​ប្រជាពលរដ្ឋ​កម្ពុជា បាន​រស់នៅ កាន់កាប់ និង​ប្រើប្រាស់​អាស្រ័យ​ផល​ជា​យូរ​មក​ហើយ គឺ​តាំង​ពី​មុន​ការ​ចូល​ជាធរមាន​របស់ MOU ឆ្នាំ​២០០០ ទៅ​ទៀត ហើយ​ការ​សាងសង់​ជម្រក​បណ្ដោះអាសន្ន​នេះ គឺ​ដោយសារ​ផ្ទះសម្បែង ដីធ្លី​របស់​ពួកគេ ត្រូវ​បាន​ភាគី​ថៃ រាយ​លួស​បន្លា ដាក់​រនាំង ដាក់​សម្បក​កង់ឡាន និង​ពង្រាយ​សំណាញ់​ខ្មៅ​ព័ទ្ធ​យក​នា​ពេល​កន្លង​មក។

រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ បញ្ជាក់​ថា ជម្រក​បណ្ដោះអាសន្ន​ទាំងនេះ ធ្វើឡើង​ក្នុង​គោលបំណង​ថែរក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​របៀប​រៀបរយ​នៅ​ក្នុង​តំបន់​នេះ ក្នុង​ពេល​ដែល​មាន​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​ភាគី​ថៃ និង​ជា​មធ្យោបាយ​ការពារ​ទប់ស្កាត់​ឧបទ្ទវហេតុ​នានា​ផង​ដែរ។

លោក អ៊ុំ រាត្រី គូសបញ្ជាក់​ថា រដ្ឋបាល​ខេត្ត​ទាំង​ពីរ​មិន​មាន​សមត្ថកិច្ច​កំណត់​ព្រំដែន​ក្នុង​តំបន់​មិន​ទាន់​មាន​ការ​កំណត់​ខណ្ឌសីមា​រួចរាល់​នោះ​ទេ ដូច្នេះ​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ ប្ដេជ្ញា​ប្រកាន់​ជំហរ​រង់ចាំ​លទ្ធផល​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា-ថៃ (JBC) យ៉ាង​ម៉ឺងម៉ាត់​បន្ត​ទៀត។

កាលពី​ថ្ងៃទី​៨ ខែ​តុលា ឆ្នាំ​២០២៥ កាសែត The Nation របស់​ថៃ បាន​រាយការណ៍​ថា នៅ​សល់​តែ​ពីរ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ដែល​អាជ្ញាធរ​ខេត្ត​ស្រះកែវ ត្រៀម​អនុវត្ត​ច្បាប់ ខណៈ​ពលរដ្ឋ​ខ្មែរ​នៅតែ​បន្ត​មិន​ព្រម​ចាកចេញ​ពី​ទឹកដី​ថៃ ក្នុង​ភូមិ​បានណងចាន់ ខេត្ត​ស្រះកែវ។

កាសែត​ថៃ ដដែល​នេះ បញ្ជាក់​ថា ច្បាប់​អន្តោប្រវេសន៍​របស់​ថៃ ទំនង​ជា​ត្រូវ​បាន​ប្រើប្រាស់ ព្រោះ​វា​អនុញ្ញាត​ឱ្យ​មាន​ការ​ចាប់​ខ្លួន​ដើម្បី​កាត់ទោស និង​និរទេស​អ្នក​ទាំងឡាយ​ណា​ដែល​ឈ្លានពាន​ទឹកដី​ថៃ។

ជុំវិញ​បញ្ហា​នេះ ពលរដ្ឋ​ខ្មែរ​ម្នាក់​ឈ្មោះ ឈុំ ហ័រ អាយុ ៨៦​ឆ្នាំ ជា​ម្ចាស់​ដី​ចម្ការ និង​ផ្ទះ​ដែល​ត្រូវ​យោធា​ថៃ ព័ទ្ធ​លួស​បន្លា​យក​ស្ថិត​ក្នុង​ភូមិ​ព្រៃចាន់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ បាន​ប្រាប់​អង្គភាព​សារព័ត៌មាន SBT NEWs កាល​ថ្ងៃទី​៧ ខែ​តុលា នេះ​ថា ទឹកដី​ខ្មែរ​ដែល​ថៃ បាន​ឈ្លានពាន​យក​តាំង​ពី​មុន​រហូត​ដល់​បច្ចុប្បន្ន គឺ​មាន​ប្រវែង​ប្រមាណ​ជា ៣​គីឡូម៉ែត្រ។

លោក ឈុំ ហ័រ បញ្ជាក់​ថា ជុំវិញ​ការ​ឈ្លានពាន​របស់​យោធា​ថៃ នា​ពេលនេះ គឺ​បាន​វាតទី​ចូល​មក​ក្នុង​ដី​ខ្មែរ​ប្រមាណ​ជា ៥០០​ម៉ែត្រ ហើយ​ល្បិចកល​ដែល​ថៃ ធ្វើ​មក​លើ​កម្ពុជា ក្នុង​ពេល​បច្ចុប្បន្ន ក៏ដូចជា​អ្វី​ដែល​ពួកគេ​ធ្លាប់​ធ្វើ​ពី​មុន​មក​ដែរ ប៉ុន្តែ​ខុស​គ្នា​នៅ​ត្រង់​ថា ពេល​មុន ពួកគេ​រំកិល​បន្តិចៗ តែ​ពេលនេះ គឺ​ប្រើ​លួស​បន្លា​ព័ទ្ធ​យក​ដី​ខ្មែរ​រាប់​រយ​ម៉ែត្រ​តែម្តង៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស