នាយករដ្ឋមន្ត្រីថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) អះអាងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើលិខិតមួយមកកាន់រូបលោក ក្នុងបំណងចង់ឃើញថៃ និងកម្ពុជា ដោះស្រាយជម្លោះព្រំដែនដែលកំពុងមានភាពតានតឹងនាពេលនេះ។
ទីភ្នាក់ងារព័ត៌មាន AFP បានចេញផ្សាយនៅថ្ងៃទី៩ តុលា នេះ ដោយស្រង់សម្ដីនាយករដ្ឋមន្ត្រីថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) ថា លោកនឹងឆ្លើយតបអំពីជំហររបស់ថៃ ទៅកាន់អាមេរិក វិញ ដោយសំអាងថា ថៃបានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការធ្វើតាមដំណើរការចរចានេះ ប្រសិនបើកម្ពុជា អនុវត្តតាម។
នាយករដ្ឋមន្ត្រីថៃ រូបនេះ បញ្ជាក់ថា ថៃនឹងចូលរួមចរចាបញ្ចប់ជម្លោះ ប្រសិនបើកម្ពុជា ដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែន ដោះមីន បង្ក្រាបអំពើឆបោកតាមអ៊ីនធឺណិត និងជម្លៀសពលរដ្ឋរបស់ខ្លួននៅព្រំដែនដែលកំពុងរស់នៅលើទឹកដីរបស់ថៃ។
លិខិតនេះធ្វើឡើងបន្ទាប់ពីលោក អនុធីន ឆានវីរៈគុល បានដាក់លក្ខខណ្ឌទៅអាមេរិក ក្រោយពីលោក ដូណាល់ ត្រាំ ស្នើសម្របសម្រួលជម្លោះកម្ពុជា-ថៃ ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅចុងខែតុលា នេះ។
កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ សារព័ត៌មានអន្តរជាតិ The Politico បានចុះផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងធ្វើឡើងក្នុងប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា ខាងមុខ ប្រសិនបើលោកអាចធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ។
ជុំវិញបញ្ហានេះ កាសែតថៃ Bangkok Post បានស្រង់សម្ដីនាយករដ្ឋមន្ត្រីថៃ លោក អនុធីន ឆានវីរៈគុល កាលពីថ្ងៃទី៩ ខែតុលា ថា បើទោះបីជាកាយវិការរបស់លោក ដូណាល់ ត្រាំ បង្ហាញពីសុឆន្ទៈក៏ដោយ តែកិច្ចចរចាទាំងអស់ត្រូវតែប្រកាន់ខ្ជាប់នូវគោលការណ៍ដែលបានព្រមព្រៀងពីមុនមក។
យ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក ហ៊ីង សុខសាន្ត បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៩ តុលា នេះ ដោយចាត់ទុកសម្ដីនាយករដ្ឋមន្ត្រីថៃ លោក អនុធីន ឆានវីរៈគុល ដែលថាថៃ គឺជាជនរងគ្រោះពីការឈ្លានពានរបស់កម្ពុជា គឺជាចេតនាពង្រីកជម្លោះដើម្បីទម្លាក់កំហុសលើកម្ពុជា ប៉ុណ្ណោះ។
ពាក់ព័ន្ធបញ្ហានេះ លោក ម៉ៃឃើល ប៊ើរី អាល់ហ្វារ៉ូ (Michael B Alfaro) ទីប្រឹក្សាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald J Trump) បានលើកឡើងក្នុងកិច្ចសម្ភាសន៍ពិសេសក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily ជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ កាលពីដើមខែកញ្ញា ថា ប្រទេសថៃ បានឈ្លានពានទឹកដីកម្ពុជា ដែលមិនអាចប្រកែកបានឡើយ។
លោក ម៉ៃឃើល ប៊ើរី អាល់ហ្វារ៉ូ បញ្ជាក់ថា អ្វីដែលថៃ បានធ្វើលើកម្ពុជា គឺជាអំពើឧក្រិដ្ឋកម្មមនុស្សជាតិសុទ្ធសាធ ព្រោះការទម្លាក់គ្រាប់បែក MK ការប្រើយន្តហោះប្រយុទ្ធ F-16 និងយន្តហោះ Griphen រួមទាំងផ្សែងពុលពណ៌ស (white phosphorus) ជាដើម សុទ្ធតែរំលោភបំពានច្បាប់អន្តរជាតិ ខណៈថៃ ក៏បានសារភាពពីការប្រើប្រាស់អាវុធទាំងនេះដែរ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

