26.6 C
Phnom Penh

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ខកចិត្ត​នឹង​អង្គការ​សហប្រជាជាតិ​ករណី​កងទ័ព​ថៃ​បណ្ដេញ​ពលរដ្ឋ​ខ្មែរ​ចេញពី​លំនៅឋាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា សម្ដែង​ការ​ខកចិត្ត​ចំពោះ​ភាព​ស្ងៀមស្ងាត់​របស់​អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​លំនៅឋាន​សមរម្យ​នៃ​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស (OHCHR) ជុំវិញ​ការ​បណ្តេញ​ពលរដ្ឋ​ខ្មែរ​ចេញពី​លំនៅឋាន​ដោយ​កងទ័ព​ថៃ។

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា (គ.ស.ម.ក.) បាន​ចេញ​លិខិត​មួយ​ទៅ​កាន់​លោក Balakrishnan Rajagopal អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​លំនៅឋាន​សមរម្យ នៃ​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ នៅ​ថ្ងៃទី​៩ តុលា នេះ ដោយ​លាតត្រដាង​អំពី​ការ​គំរាមកំហែង​លើ​សិទ្ធិ​ទទួល​បាន​លំនៅឋាន​សមរម្យ​របស់​ពលរដ្ឋ​កម្ពុជា តាម​ព្រំដែន​កម្ពុជា-ថៃ។

ប្រភព​ដដែល រៀបរាប់​ថា កងទ័ព​ថៃ មាន​គម្រោង​ប្រើប្រាស់​ច្បាប់​អាជ្ញាសឹក​ដើម្បី​បណ្តេញ​ប្រជាជន​កម្ពុជា ចេញ​ដោយ​បង្ខំ​ពី​ផ្ទះសម្បែង និង​ដី​ស្រែ​ចម្ការ​របស់​ពួកគេ ដែល​ស្ថិត​ក្នុង​ដែនដី​កម្ពុជា ខណៈ​ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ដោយ​បង្ខំ​រួច​ហើយ និង​អ្នក​ដែល​កំពុង​រង​ការ​គំរាមកំហែង​ពី​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​នោះ កំពុង​ទទួល​រង​នូវ​ការ​ឈឺចាប់ និង​ទុក្ខ​លំបាក​ជា​ទម្ងន់។

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​រងគ្រោះ​ទាំងនេះ​បាន​រស់នៅ​លើ​ទីតាំង​នោះ​ជាច្រើន​ជំនាន់​មក​ហើយ។ ពួកគេ​មិន​ត្រឹមតែ​បាន​កសាង​ជា​ផ្ទះសម្បែង​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​កសាង​ជា​សហគមន៍ និង​ជា​កន្លែង​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ថែមទៀត ខណៈ​អត្តសញ្ញាណ​វប្បធម៌​ក៏​បាន​ចាក់​ឫសគល់​យ៉ាង​ជ្រៅ​នៅ​កន្លែង​នោះ​ដែរ។

ផ្ទាំង​បដា​ធំៗ​ដែល​មាន​អក្សរ​ថៃ ខ្មែរ និង​អង់គ្លេស កំពុង​ត្រូវ​បាន​ដាក់​បង្ហាញ​ក្នុង​ភូមិ​ជោគជ័យ និង​ភូមិ​ព្រៃចាន់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ចាប់តាំងពី​ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២៥ មក ដែល​ជា​បទបញ្ជា​របស់​រដ្ឋបាល​ខេត្ត​ស្រះកែវ ប្រទេស​ថៃ ដោយ​ព្រមាន​ឱ្យ​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ក្នុង​ភូមិ​ទាំង​ពីរ​នេះ ចាកចេញ​ពី​តំបន់​នេះ​ជា​កំហិត។

ខ្លឹមសារ​លើ​បដា​នោះ សរសេរ​ថា «គ្រប់​បុគ្គល ឬ​ក្រុម​ដែល​កំពុង​ធ្វើ​សកម្មភាព​ឈ្លានពាន កាប់ឆ្ការ ឬ​សង់​សំណង់​នៅ​ក្នុង​តំបន់​ព្រៃ​ព្រំដែន ឬ​តំបន់​ដែល​បាន​កំណត់ ត្រូវតែ​ចាកចេញ​ដោយ​គ្មាន​លក្ខខណ្ឌ ហើយ​គ្រប់​អ្នក​ឈ្លានពាន​ទាំងអស់ ត្រូវតែ​រុះរើ និង​ចាកចេញ​ពី​ទីតាំង​ទាំងនោះ​ត្រឹម​ថ្ងៃទី​១០ ខែ​តុលា ឆ្នាំ​២០២៥។ ជាង​នេះ​ទៀត ប្រសិនបើ​បុគ្គល​ណា​មិន​ព្រម​ចាកចេញ លើស​ថ្ងៃ​កំណត់ អាជ្ញាធរ​ថៃ នឹង​ចាត់​វិធានការ​ចាប់​បញ្ជូន​ខ្លួន​ទៅ​តុលាការ​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន។»

ជុំវិញ​បញ្ហា​នេះ អង្គភាព​សារព័ត៌មាន SBT News បាន​ធ្វើ​សេចក្តី​រាយការណ៍​ពី​ភូមិ​ព្រៃចាន់ នៅ​ថ្ងៃទី​៩ តុលា នេះ​ថា ប្រជាពលរដ្ឋ​នៅ​ភូមិ​ជោគជ័យ និង​ភូមិ​ព្រៃចាន់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ មិន​មាន​ការ​ភ័យ​ស្លន់ស្លោ ឬ​រៀបចំ​បង្វេច​អីវ៉ាន់​ចាកចេញ​ពី​លំនៅឋាន​តាម​ការ​ព្រមាន​របស់​ភាគី​ថៃ ឡើយ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស