28.1 C
Phnom Penh

យោធា​ថៃ ដាក់​គ្រឿងចក្រ​ឈូស​ឆាយ​ដីធ្លី និង​ផ្ទះសម្បែង​ក្នុង​ភូមិ​ព្រៃចាន់ ប៉ុន្តែ​ត្រូវ​ដកថយ​ទៅវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កងកម្លាំង​យោធា​ថៃ ដាក់​គ្រឿងចក្រ​ចូល​ទៅ​ឈូស​ឆាយ​ដីធ្លី និង​ផ្ទះសម្បែង​របស់​ពលរដ្ឋ​ខ្មែរ​ក្នុង​ភូមិ​ព្រៃចាន់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃទី​១០ ខែ​តុលា ឆ្នាំ​២០២៥ នេះ ប៉ុន្តែ​សកម្មភាព​ឈូស​ឆាយ​នេះ​ត្រូវ​បាន​ផ្អាក​ទៅវិញ ក្រោយពី​ក្រុម​អ្នក​សង្កេតការណ៍​អន្តរកាល (IOT) ទៅ​ដល់។

កងកម្លាំង​យោធា​ថៃ រាប់​រយ​នាក់​ប្រដាប់​ដោយ​ឧបករណ៍​រាវ​មីន និង​ប្រើ​គ្រឿងចក្រ ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ភូមិ​ព្រៃចាន់ នៅ​ថ្ងៃ​សុក្រ​នេះ បាន​ធ្វើ​សកម្មភាព​ឈូស​ឆាយ​ដី និង​ផ្ទះសម្បែង​របស់​ពលរដ្ឋ​ខ្មែរ​ជាច្រើន​គ្រួសារ នៅ​តំបន់​ភូមិ​ព្រៃចាន់ ដែល​កងទ័ព​ថៃ បាន​ព័ទ្ធ​យក​ចាប់តាំងពី​ថ្ងៃទី​១២​ខែ​សីហា កន្លង​ទៅ។

បន្ទាប់ពី​កម្លាំង​យោធា​ថៃ ចូល​ទៅ​ឈូស​ឆាយ​ដី និង​ផ្ទះសម្បែង​របស់​ពលរដ្ឋ​ខ្មែរ​ក្នុង​ភូមិ​ព្រៃចាន់ នៅ​វេលា​ម៉ោង ១២ និង ៣០​នាទី ក្រុម​អ្នក​សង្កេតការណ៍​អន្តរកាល (IOT) ដែល​ដឹកនាំ​ដោយ​ប្រទេស​ម៉ាឡេស៊ី ក៏​បាន​ចុះ​ពិនិត្យ​ទីតាំង​ជាក់ស្តែង​ដែរ ដើម្បី​ឃ្លាំមើល​ការ​ឈូស​ឆាយ​របស់​យោធា​ថៃ ប៉ុន្តែ​ពួកគេ​បាន​ផ្អាក​សកម្មភាព​ឈូស​ឆាយ និង​ដក​គ្រឿងចក្រ​ត្រឡប់​ទៅវិញ​នៅ​ម៉ោង ៣ និង ៥០​នាទី។

កាសែត ខៅស៊ុត (Khaosod) របស់​ថៃ បាន​ស្រង់​សម្ដី​អភិបាល​ខេត្ត​ស្រះកែវ លោក បិរិញ្ញា ពោធិសាត់ (Parinya Phothisat) នៅ​ថ្ងៃទី​១០ តុលា នេះ​ថា ដល់​ពេលវេលា​របស់​ភាគី​កម្ពុជា​ហើយ ព្រោះ​ថ្ងៃទី​១០ ខែ​តុលា គឺជា​ថ្ងៃ​ផុតកំណត់​នៃ​ពេលវេលា​កំណត់​សម្រាប់​ភាគី​កម្ពុជា ខណៈ​ប្រតិបត្តិការ​របស់​ថៃ គឺ​ធ្វើ​ឡើង​ស្រប​ទៅ​តាម​ច្បាប់ និង​បទប្បញ្ញត្តិ​អន្តរជាតិ។

អភិបាល​ខេត្ត​ស្រះកែវ រូប​នេះ លើកឡើង​ថា បន្ទាប់ពី​សកម្មភាព​នេះ វា​នឹង​ក្លាយ​ជា​ចំណុច​ចាប់ផ្តើម​សម្រាប់​ប្រទេស​ថៃ ក្នុង​ការ​ប្រើប្រាស់​នូវ​ប្រតិបត្តិការ និង​នីតិវិធី រួម​ទាំង​បទប្បញ្ញត្តិ​អន្តរជាតិ ដើម្បី​អនុវត្ត​ច្បាប់​ក្នុង​ប្រទេស​ថៃ។

លោក បិរិញ្ញា ពោធិសាត់ បញ្ជាក់​ថា ច្បាប់​អាជ្ញាសឹក​កំពុង​មាន​ជាធរមាន ដូច្នេះ​សេចក្តី​សម្រេច​ទាំងអស់ គឺ​ស្ថិត​នៅ​លើ​យោធា ខណៈ​ច្បាប់ និង​បទប្បញ្ញត្តិ​អន្តរជាតិ គឺជា​ការ​ទទួល​ខុសត្រូវ​របស់​អង្គការ​អន្តរជាតិ និង​ក្រសួង​ការបរទេស ដែល​នឹង​បន្ត​ពិភាក្សា​នៅ​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា-ថៃ (JBC) រួម​ទាំង​កិច្ចប្រជុំ​អាស៊ាន​ផង​ដែរ។

កាលពី​ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០២៥ រដ្ឋាភិបាល​កម្ពុជា អះអាង​ថា ភូមិ​ជោគជ័យ និង​ភូមិ​ព្រៃចាន់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ស្ថិត​នៅ​ទល់​នឹង​ខេត្ត​ស្រះកែវ ប្រទេស​ថៃ ត្រូវ​បាន​កងកម្លាំង​យោធា​ថៃ ចូល​ទៅ​ដាក់​លួស​បន្លា សម្បក​កង់ឡាន និង​សំណាញ់​ខ្មៅ ចាប់តាំងពី​ថ្ងៃទី​១២ ខែ​សីហា រហូត​ដល់​ពេលនេះ។

ក្រសួង​ការពារ​ជាតិ​កម្ពុជា ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​១០ តុលា នេះ​ថា ក្រុម​អ្នក​សង្កេតការណ៍​អន្តរកាល (IOT) ដែល​ដឹកនាំ​ដោយ​ប្រទេស​ម៉ាឡេស៊ី បាន​ចុះ​ពិនិត្យ​ទីតាំង​ជាក់ស្តែង​នៅ​ភូមិ​ជោគជ័យ និង​ភូមិ​ព្រៃចាន់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ដើម្បី​សង្កេតការណ៍ ផ្ទៀងផ្ទាត់ និង​រាយការណ៍​នៅ​ស្ថានភាព​ព្រំដែន ក្រោយពី​បទ​ឈប់​បាញ់​ចូល​ជាធរមាន។

ក្រសួង​ការពារ​ជាតិ បញ្ជាក់​ថា យោង​តាម​ផែនការ​ក្នុង​រយៈពេល​ពេញ​មួយ​សប្តាហ៍​នេះ ក្រុម​អ្នក​សង្កេតការណ៍​អន្តរកាល (IOT) នឹង​តាមដាន​សភាពការណ៍ និង​ចុះ​សង្កេតការណ៍​ជា​ប្រចាំ​នៅ​ភូមិ​ទាំង​ពីរ​នេះ។

ជុំវិញ​បញ្ហា​នេះ អង្គភាព​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​១០ តុលា ដោយ​ចាត់ទុក​សកម្មភាព​ទាហាន​ថៃ ដែល​បាន​ចូល​ទៅ​ឈូស​ឆាយ​ក្នុង​ភូមិ​ព្រៃចាន់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ គឺជា​ការ​រំលោភ​បំពាន​លើ​ដែន​អធិបតេយ្យ​ជាតិ​កម្ពុជា យ៉ាង​កំរោល និង​យ៉ាង​គឃ្លើន​បំផុត៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស