ក្រសួងមហាផ្ទៃកម្ពុជា គ្រោងស្នើស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំប្រទេសកម្ពុជា ឱ្យមកស្តាប់ការពន្យល់ដោយផ្ទាល់អំពីបច្ចុប្បន្នភាពជុំវិញករណីឃាតកម្មលើនិស្សិតកូរ៉េខាងត្បូង ឈ្មោះ Park Minho ក្នុងសំណុំរឿងអំពើឆបោកតាមប្រព័ន្ធអនឡាញ បន្ថែមលើឯកសារផ្លូវច្បាប់ពាក់ព័ន្ធដែលក្រសួងគ្រោងផ្តល់ជូន។
ក្រសួងមហាផ្ទៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃការស៊ើបអង្កេតករណីឃាតកម្មលើជនជាតិកូរ៉េខាងត្បូង កាលពីថ្ងៃទី១៣ ខែតុលា ដែលទើបនឹងចេញផ្សាយនៅថ្ងៃទី១៤ តុលា នេះថា ករណីឃាតកម្មលើនិស្សិតជនជាតិកូរ៉េខាងត្បូង រូបនេះ តុលាការខេត្តកំពត បានសម្រេចចោទប្រកាន់លើជនសង្ស័យ ៣នាក់ ពីបទឃាតកម្មដោយអំពើឃោរឃៅ និងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះរួចហើយ។
ខ្លឹមសារក្នុងសេចក្តីប្រកាសព័ត៌មាននេះ រៀបរាប់ថា កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ រំលងអាធ្រាត្រ នគរបាលជំនាញបានឃាត់ខ្លួនជនសង្ស័យជនជាតិចិន ចំនួន ២នាក់ ក្រោយប្រទះឃើញសាកសពក្នុងរថយន្តដែលពួកគេកំពុងបើកបរ ស្ថិតក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ប៉ុន្តែជនសង្ស័យម្នាក់ទៀតបានរត់គេចខ្លួន។
ប្រភពដដែលបន្តថា បន្ទាប់ពីធ្វើកោសល្យវិច័យបឋម គេរកឃើញថាសពជនរងគ្រោះបានស្លាប់ដោយគាំងបេះដូង ដែលបណ្តាលមកពីការធ្វើទារុណកម្ម ដោយមានស្នាមជាំជាច្រើនកន្លែងលើរាងកាយ។
សាកសពយុវជនឈ្មោះ Park Minho អាយុ ២២ឆ្នាំ រដ្ឋអំណាចខ្មែរបានតម្កល់ទុកក្នុងទូទឹកកកអស់រយៈពេល ២ខែ បន្ទាប់ពីឃាតករទុកចោលនៅក្បែរភ្នំបូកគោ។ គ្រួសារជនរងគ្រោះអធិប្បាយប្រាប់ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យន់ហាប់ (YONHAP) និងសារព័ត៌មាន The Guardian ថា យុវជន Park Minho ប្រៀបដូចជាឃាតកម្មពីរដងអ៊ីចឹង។ គេរៀបរាប់ថា មានជនមិនស្គាល់មុខបានទូរសព្ទទៅជំរិតទារប្រាក់ ២ម៉ឺន ៦ពាន់ដុល្លារម្តង ក៏បាត់តែម្តង។
ក្រសួងមហាផ្ទៃ បញ្ជាក់ថា ក្រោយពីសាកសួរ និងទទួលបានតម្រុយពីជនសង្ស័យ ស្នងការដ្ឋាននគរបាលខេត្តកំពត បានបង្ក្រាបផ្ទះវីឡាមួយកន្លែងស្ថិតនៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ដែលជាកន្លែងស្នាក់នៅរបស់ជនរងគ្រោះមុនពេលស្លាប់ ព្រមទាំងចាប់ខ្លួនជនសង្ស័យបានម្នាក់ទៀតផងដែរ ដែលជាអ្នកគ្រប់គ្រងអគារនោះ ខណៈជនសង្ស័យម្នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោលតែម្តង។
កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង YONHAP NEWS AGENCY បានរាយការណ៍ថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ចែម្យុង (Lee Jae Myung) បានបញ្ជាឱ្យក្រសួងការបរទេសកូរ៉េ ចាត់វិធានការការទូតគ្រប់សព្វបែបយ៉ាងឆ្លើយតបចំពោះឧក្រិដ្ឋកម្មដែលកើតឡើងជាបន្តបន្ទាប់ក្នុងប្រទេសកម្ពុជា លើពលរដ្ឋកូរ៉េ កន្លងមក។ រដ្ឋាភិបាលក្រុងសេអ៊ូល បានចេញសេចក្តីណែនាំដល់ពលរដ្ឋកូរ៉េខាងត្បូង ឲ្យជៀសវាងការធ្វើដំណើរទៅកាន់រាជធានីភ្នំពេញ។ ចំណែកបក្សប្រឆាំងនៃប្រទេសកូរ៉េខាងត្បូង បានរិះគន់រដ្ឋាភិបាលលោក Lee Jae Myung ថាធ្វើការស្ពឹក។
បន្ថែមពីនេះ សារព័ត៌មានកូរ៉េ The Chosun Daily បានចុះផ្សាយនៅថ្ងៃទី១៤ តុលា នេះថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ចែម្យុង (Lee Jae Myung) បានលើកឡើងបន្ថែមទៀតពីរឿងឧក្រិដ្ឋកម្មលើជនជាតិកូរ៉េ ក្នុងប្រទេសកម្ពុជា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ នេះ។
ប្រភពដដែល បញ្ជាក់ថា លោក លី ចែម្យុង (Lee Jae Myung) បានស្នើឱ្យគណៈរដ្ឋមន្ត្រីកូរ៉េ ត្រូវតែរឹតបន្តឹងការធ្វើដំណើរចេញចូលប្រទេសកម្ពុជា ក្នុងតំបន់មួយចំនួន។ បន្ថែមពីនេះ លោកក៏បានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋកូរ៉េ ទាំងឡាយណាដែលរងគ្រោះក្នុងបទល្មើសឧក្រិដ្ឋអនឡាញនៅកម្ពុជា ឲ្យបានឆាប់ផងដែរ។
អង្គការសិទ្ធិមនុស្ស Amnesty International បានរាយការណ៍កន្លងមកថា នៅក្នុងប្រទេសកម្ពុជា មានទីតាំងចំនួន ៥៣កន្លែង ដែលឧក្រិដ្ឋជនប្រើប្រាស់ជាកន្លែងបង្ខាំងមនុស្ស ប្រើឲ្យហៅទូរសព្ទឆបោកតាមអន្តរបណ្ដាញ ហៅតាមអង់គ្លេសថា scam centers, call centers, online scam centers។ អ្នកស្រាវជ្រាវបរទេសហៅឧក្រិដ្ឋកម្មឆបោក ជាជំងឺរ៉ាំរ៉ៃក្នុងសង្គមខ្មែរ។
ពាក់ព័ន្ធនឹងបញ្ហានេះ សមាជិកសភាតំណាងរាស្ត្រសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទដើមសប្ដាហ៍ ក៏បានចេញសេចក្តីសម្រេចចិត្តស្នើជាច្បាប់លេខ H.R 5490 (House Resolution=HR) កាលពីថ្ងៃទី១៨ ខែកញ្ញា ផងដែរ ដើម្បីបង្កើតក្រុមការងារចំពោះកិច្ចរួមអន្តរក្រសួងមួយ ក្នុងគោលបំណងបំបែកបណ្ដាញឧក្រិដ្ឋកម្មអន្តរជាតិឱ្យសាបសូន្យ ដែលកំពុងធ្វើប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញយ៉ាងទូលំទូលាយនៅប្រទេសកម្ពុជា ដែលបានធ្វើសកម្មភាពឆបោកពលរដ្ឋអាមេរិកាំងកន្លងមក។
អ្នកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកខាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ដែលធ្លាប់ថ្លែងប្រាប់ទូរទស្សន៍ Al Jazeera ថា អ្នកស្រីមិនបានដឹងអំពីឧក្រិដ្ឋកម្មជួញដូរ បង្ខាំងមនុស្ស ដើម្បីប្រព្រឹត្តឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតនោះ ក៏ជាប់ឈ្មោះក្នុងបញ្ជីខ្មៅនៅសហរដ្ឋអាមេរិកដែរ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

