ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ដាក់ការសង្ស័យថា កម្លាំងកម្ពុជា និងពលរដ្ឋខ្មែរនៅតំបន់ថ្មដា ខេត្តពោធិ៍សាត់ ទំនងត្រូវបានគេគំរាមមិនឲ្យនិយាយការពិត អំពីការឈូសឆាយធ្វើផ្លូវរបស់ទាហានថៃ ដែលបានបំពានចូលក្នុងទឹកដីខ្មែរ។
លោក ម៉ែន ណាត សរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៧ តុលា នេះថា ប្រសិនបើទាហានថៃ ឈូសឆាយធ្វើផ្លូវនៅក្នុងទឹកដីថៃ មែន គឺមិនពិបាកយល់នោះទេ ព្រោះថាទឹកដីថៃ នៅជាប់ព្រំដែនខ្មែរត្រូវបានអភិវឌ្ឍជាផ្លូវក្រាលបេតុង ឬជាផ្លូវក្រាលកៅស៊ូរួចអស់ទៅហើយ។
អ្នកឃ្លាំមើលសង្គមរូបនេះ លើកឡើងថា មានតែទឹកដីដែលថៃ រំលោភបំពានយកពីកម្ពុជា ប៉ុណ្ណោះ ដែលមិនទាន់ត្រូវបានអភិវឌ្ឍ ដូច្នេះហើយទើបថៃ ត្រូវចាប់ផ្ដើមឈូសឆាយ និងត្រួសត្រាយព្រៃ ដើម្បីធ្វើផ្លូវថ្មីបែបនេះ។
លោកបន្ថែមថា រដ្ឋាភិបាលកម្ពុជា ធ្លាប់លាក់ព័ត៌មានអំពីបញ្ហាព្រំដែនជាច្រើនករណីមកហើយ ក្នុងនោះ ថែមទាំងចាប់ខ្លួនអ្នករាយការណ៍ព័ត៌មាននៅព្រំដែនខ្មែរ-ថៃ ដែលធ្វើសេចក្តីរាយការណ៍អំពីការពិតថែមទៀត ដូច្នេះ លិខិតបដិសេធរបស់យោធភូមិភាគ៥ របស់កម្ពុជា ជុំវិញបញ្ហានេះ ហាក់កំពុងលាក់បាំងការពិតអ្វីមួយដែលកើតឡើងនៅឃុំថ្មដា ក្នុងពេលនេះ។
លោក ម៉ែន ណាត អះអាងថា បើលិខិតរបស់យោធភូមិភាគទី៥ មានចេតនាលាក់បាំងការពិត នោះគឺស្មើនឹងកំពុងការពារបរទេសឈ្លានពានទឹកដីខ្មែរ ដូច្នេះតំបន់ថ្មដា អាចនឹងត្រូវយោធាថៃ ឈ្លានពានដូចភូមិព្រៃចាន់ និងភូមិជោគជ័យ ដូច្នោះដែរ។
លោកបញ្ជាក់ថា បើរដ្ឋាភិបាលកម្ពុជា មានចេតនាលាក់បាំងការពិតពីបញ្ហាព្រំដែនដោយបណ្តោយឲ្យយោធាថៃ ចូលឈ្លានពានដីខ្មែរមែន នោះគឺជាទង្វើដែលផ្ទុយនឹងមាត្រា៥២ នៃរដ្ឋធម្មនុញ្ញ ស្ដីពីការការពារបូរណភាពទឹកដីខ្មែរយ៉ាងធ្ងន់។ លើសពីនេះ គឺជាការប្រព្រឹត្ត ស្របទៅនឹងមាត្រា៤៤០ នៃក្រមព្រហ្មទណ្ឌ ស្ដីពីអំពើក្បត់ជាតិទៅវិញ។
យោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទរបស់កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ដោយច្រានចោលការផ្សព្វផ្សាយព័ត៌មានអំពីសកម្មភាពយោធាថៃ ឈូសឆាយផ្លូវរំលោភចូលក្នុងដីខ្មែរ នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ថាជាការផ្សាយព័ត៌មានមិនពិត។
យោធភូមិភាគទី៥ បញ្ជាក់ថា កម្ពុជា-ថៃ មានមូលដ្ឋានគ្រប់គ្រាន់សម្រាប់ដោះស្រាយបញ្ហាព្រំដែន ជាពិសេសផែនទីមាត្រដ្ឋានខ្នាត ១/២០០០០០ អនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ និងការបោះបង្គោលព្រំដែនចំនួន ៧៤បង្គោល ដែលភាគីទាំងពីរបានបញ្ជាក់ឡើងវិញយ៉ាងច្បាស់ក្នុងអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ (MoU 2000)។
កាលពីថ្ងៃទី១៦ ខែតុលា វីដេអូឃ្លីបមួយប្រវែង ៤៤វិនាទី ត្រូវបានផ្សព្វផ្សាយព្រោងព្រាតលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលកងកម្លាំងយោធាកម្ពុជា និងកម្លាំងយោធាថៃ ប្រកែកគ្នានៅលើផ្ទៃដីដែលកងកម្លាំងថៃ បានឈូសឆាយដីព្រៃស្ថិតនៅតំបន់អូរភ្លុកដំរី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

