34.5 C
Phnom Penh

អាមេរិក​ដាស់តឿន​រដ្ឋាភិបាល​ថៃ ឱ្យ​ដោះលែង​កងទ័ព​ខ្មែរ​ទាំង ១៨​នាក់​ភ្លាមៗ​ក្រោយ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហរដ្ឋ​អាមេរិក ដាស់តឿន​រដ្ឋាភិបាល​លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) ថា ខ្លួន​ចង់​ឃើញ​ថៃ ដោះលែង​កងទ័ព​ខ្មែរ​ទាំង ១៨​នាក់​ភ្លាមៗ​ក្រោយ​ភាគី​ទាំង​ពីរ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ។

ទីភ្នាក់ងារ​សារព័ត៌មាន រ៉យទ័រ (Reuters) បាន​រាយការណ៍​នៅ​ថ្ងៃទី​២៨ តុលា នេះ​ថា មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការបរទេស​របស់​ថៃ បាន​អះអាង​ថា សហរដ្ឋ​អាមេរិក រំពឹង​ថា​ប្រទេស​ថៃ នឹង​ធ្វើការ​ជាមួយ​ប្រទេស​កម្ពុជា ដើម្បី​ចាប់ផ្តើម​ដំណើរការ​ដោះលែង​ទាហាន​កម្ពុជា ទាំង ១៨​នាក់​ភ្លាមៗ បន្ទាប់ពី​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រោម​វត្តមាន​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump)។

ប្រភព​ដដែល បញ្ជាក់​ថា ដំណើរការ​នៃ​ការ​ដោះលែង​ទាហាន​កម្ពុជា ទាំងនេះ គឺ​ទាក់ទង​នឹង​ការ​ប្ដេជ្ញាចិត្ត​របស់​ប្រទេស​ថៃ ដែល​នោះ​គឺជា​ក្តី​រំពឹង​របស់​អាមេរិក ក្រោយ​មេដឹកនាំ​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ដោះលែង​ចំណាប់ខ្មាំង​ទាំងនោះ​ដែល​បាន​កំណត់​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​កាលពី​ថ្ងៃទី​២៦ ខែ​តុលា កន្លង​ទៅ​ថ្មីៗ​នេះ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ថៃ យល់ព្រម​ដោះលែង​ទាហាន​ខ្មែរ​ទាំង ១៨​នាក់​ដែល​ត្រូវ​បាន​កំណត់​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ។

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត និង​នាយករដ្ឋមន្ត្រី​ថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) កាលពី​ថ្ងៃទី​២៦ ខែ​តុលា បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ដើម្បី​បញ្ចប់​ជម្លោះ​ព្រំដែន ដែល​មាន​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ធ្វើ​ជា​សាក្សី ខណៈ​កិច្ចព្រមព្រៀង​នេះ​បាន​កំណត់​ឱ្យ​មាន​ការ​ដោះលែង​ចំណាប់ខ្មាំង​សង្គ្រាម​ផង​ដែរ ក្រៅពី​ការ​កំណត់​ឱ្យ​ភាគី​ទាំង​ពីរ​គោរព​ច្បាប់​អន្តរជាតិ និង​សន្ធិសញ្ញា​នានា។

គណៈកម្មាធិការ​នាយក​ក្លឹប​អ្នកកាសែត​កម្ពុជា (ក.អ.ក) លោក ពុយ គា បាន​ធ្វើ​សេចក្តី​រាយការណ៍​ពី​ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃទី​២៨ តុលា នេះ​ថា ក្នុង​ជំនួប​ទ្វេភាគី​ជា​លើកដំបូង​ក្រោយ​ជម្លោះ​ព្រំដែន​រវាង​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ជាមួយ​នាយករដ្ឋមន្ត្រី​ថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) អំឡុង​ពេល​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន ក៏​បាន​លើក​អំពី​ទាហាន​កម្ពុជា ទាំង ១៨​នាក់​ដែរ ប៉ុន្តែ​មិន​ទាន់​មាន​ការ​វិវត្ត​ជា​វិជ្ជមាន​នៅឡើយ​ទេ។

ជុំវិញ​បញ្ហា​នេះ ក្រសួង​ការពារ​ជាតិ​កម្ពុជា ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​២៨ តុលា នេះ​ថា វីរៈ​កងទ័ព​កម្ពុជា ចំនួន ១៨​រូប ត្រូវ​បាន​ចាប់​ខ្លួន និង​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ឃុំគ្រង​របស់​យោធា​ថៃ មាន​រយៈពេល ៩១​ថ្ងៃ​ហើយ ខណៈ​រាជរដ្ឋាភិបាល​បាន​ប្រើ​គ្រប់​យន្តការ​ដោះស្រាយ​ទាំងអស់​ដើម្បី​ឱ្យ​ភាគី​ថៃ ដោះលែង​កងកម្លាំង​ទាំងនោះ​វិល​ត្រឡប់​មក​ប្រទេស​កំណើត​វិញ​ឱ្យ​បាន​ឆាប់ និង​ដោយ​សុខ​សុវត្ថិភាព។

ប្រភព​ដដែល បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​អំពាវនាវ​ឱ្យ​ភាគី​ថៃ ដោះលែង​ទាហាន​ខ្មែរ​ទាំង ១៨​នាក់ ត្រឡប់​មក​វិញ​ឱ្យ​បាន​ឆាប់ ដើម្បី​ជួបជុំ​ក្រុម​គ្រួសារ និង​ប្រកប​ដោយ​សុខ​សុវត្ថិភាព ស្រប​តាម​ច្បាប់​មនុស្សធម៌​អន្តរជាតិ។

ជុំវិញ​បញ្ហា​នេះ កាសែត ខៅស៊ុត (Khaosod) របស់​ថៃ បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​៤ ខែ​សីហា កន្លង​ទៅ​ថា កងទ័ព​ភូមិន្ទ​ថៃ (RTA) បាន​ចាត់ទុក​ទាហាន​កម្ពុជា ទាំង ១៨​នាក់ ជា​អ្នកទោស​សង្គ្រាម (POW) ខណៈ​កងទ័ព​ភូមិន្ទ​ថៃ ក៏​កំពុង​រៀបចំ​បញ្ជូន​ទាហាន​កម្ពុជា ទាំង ១៨​នាក់​នោះ ត្រឡប់​មក​មាតុភូមិ​វិញ​ដែរ នៅ​ពេល​ដែល​ស្ថានការណ៍​ព្រំដែន​ធូរស្រាល​ទាំងស្រុង។

កាលពី​ថ្ងៃទី​៣០ ខែ​កក្កដា ឆ្នាំ​២០២៥ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ព្រះវិហារ ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ត្រា បាន​ប្រាប់​អនុព័ន្ធយោធា និង​មន្ត្រី​ការទូត​ទាំង ១៣​ប្រទេស​ថា ក្រោយ​បទ​ឈប់​បាញ់​ចូល​ជាធរមាន ទាហាន​ថៃ បាន​ប្រើ​ល្បិចកល​ចាប់​ទាហាន​កម្ពុជា ចំនួន ២២​នាក់។

ប្រភព​ដដែល អះអាង​ថា ក្រោយ​ពេល​មាន​បទ​ឈប់​បាញ់ ទាហាន​ថៃ បាន​ដើរ​មក​ស្វាគមន៍​ទាហាន​កម្ពុជា ដោយ​សម្ដែង​នូវ​ការ​ស្រុះស្រួល​គ្នា និង​ស្នើសុំ​ទាហាន​កម្ពុជា ថត​រូប​ជាមួយ​គ្នា​ថែមទៀត ប៉ុន្តែ​ពេល​កំពុង​ថត​រូប ក្រុម​ទាហាន​ថៃ ដែល​បង្កប់​ខ្លួន​នៅ​ក្នុង​ព្រៃ ក៏​ចេញ​មក​ភ្ជង់​កាំភ្លើង​ចាប់​ខ្លួន​ទាហាន​ខ្មែរ​ទាំងនោះ​តែម្តង ប៉ុន្តែ​មាន​ទាហាន​ខ្មែរ​ម្នាក់​បាន​រត់​រួច​ខ្លួន ក្រោយ​ពុត​ធ្វើ​ជា​ស្លាប់។

ក្រោយ​ចាប់​ខ្លួន ៣​ថ្ងៃ ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​អះអាង​កាលពី​ថ្ងៃទី​០១ ខែ​សីហា ឆ្នាំ​២០២៥ ថា ភាគី​ថៃ បាន​ប្រគល់​ទាហាន​ខ្មែរ​ត្រឹមតែ ៣​នាក់​ប៉ុណ្ណោះ​មក​ឱ្យ​កម្ពុជា វិញ។

ប្រភព​ដដែល បញ្ជាក់​ថា នៅ​ថ្ងៃទី​៣១ ខែ​កក្កដា ថៃ​បាន​បញ្ជូន​សាកសព​ទាហាន​ខ្មែរ​ម្នាក់ និង​ថ្ងៃទី​១ ខែ​សីហា ថៃ​ក៏​បាន​បញ្ជូន​ទាហាន​ខ្មែរ ២​នាក់​បន្ថែម​ទៀត ប៉ុន្តែ​ទាហាន​ម្នាក់​មាន​របួស​ធ្ងន់ និង​បាក់​ដៃ ខណៈ​ទាហាន​ម្នាក់​ទៀត​មាន​ស្មារតី​មិន​គ្រប់គ្រាន់។

ជុំវិញ​បញ្ហា​នេះ សហគមន៍​ខ្មែរ​ក្នុង​ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃទី​២៨ ខែ​តុលា នេះ បាន​ធ្វើ​ដំណើរ​រាប់​រយ​គីឡូម៉ែត្រ​ទៅ​ដល់​សភា​សហព័ន្ធ​ក្នុង​ទីក្រុង​កង់បេរ៉ា (Canberra) ប្រទេស​អូស្ត្រាលី ដើម្បី​យក​ញត្តិ​ប្រគល់​ឱ្យ​តំណាងរាស្ត្រ​ប្រទេស​អូស្ត្រាលី លោក ម៉ាក ដ្រេហ្វើស (Hon. Mark Dreyfus) ទាមទារ​ឱ្យ​ថៃ គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​ដោះលែង​ទាហាន​ខ្មែរ​ទាំង ១៨​នាក់​ដោយ​ឥត​លក្ខខណ្ឌ៕

កងយោធពល​ខេមរភូមិន្ទ ២​នាក់​ក្នុង​ចំណោម ២០​នាក់ ដែល​ថៃ បាន​ចាប់​ខ្លួន ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ​តាម​ច្រក​អូរស្មាច់ ខេត្ត​ឧត្ដរមានជ័យ នៅ​ថ្ងៃទី​១ ខែ​សីហា ឆ្នាំ​២០២៥។ (រូបថត​ពី​ហ្វេសប៊ុក)
កងយោធពល​ខេមរភូមិន្ទ ២​នាក់​ក្នុង​ចំណោម ២០​នាក់ ដែល​ថៃ បាន​ចាប់​ខ្លួន ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ​តាម​ច្រក​អូរស្មាច់ ខេត្ត​ឧត្ដរមានជ័យ នៅ​ថ្ងៃទី​១ ខែ​សីហា ឆ្នាំ​២០២៥។ (រូបថត​ពី​ហ្វេសប៊ុក)

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស