26.9 C
Phnom Penh

កម្ពុជា-ថៃ ចាប់ផ្តើម​ដក​សព្វាវុធ​ធុន​ធ្ងន់​ចេញពី​តំបន់​ព្រំដែន​ទាំង​សងខាង​តាម​កិច្ចព្រមព្រៀង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កងទ័ព​ប្រទេស​កម្ពុជា និង​កងទ័ព​ប្រទេស​ថៃ ឯកភាព​គ្នា​កំណត់​យក​ផែនការ​ដក​សព្វាវុធ​ធុន​ធ្ងន់​ចេញពី​ព្រំដែន ដោយ​ចាប់ផ្តើម​នៅ​ដើម​ខែ​វិច្ឆិកា ខាងមុខ​នេះ ខណៈ​ផែនការ​ពីរ​ផ្សេង​ទៀត នឹង​ត្រូវ​បន្ត​ធ្វើ​នៅ​ចុង​ខែ​វិច្ឆិកា និង​អំឡុង​ខែ​ធ្នូ។

កាសែត​ថៃ The Nation បាន​រាយការណ៍​នៅ​ថ្ងៃទី​២៩ ខែ​តុលា ឆ្នាំ​២០២៥ នេះ​ថា កិច្ចប្រជុំ​លេខាធិការដ្ឋាន (RBC) ដែល​ធ្វើឡើង​នៅ​ថ្ងៃ​ពុធ​នេះ គឺជា​កិច្ចប្រជុំ​ពិភាក្សា​អំពី​ផែនការ​សកម្មភាព​ដើម្បី​អនុវត្ត​សេចក្តី​សម្រេច​ក្នុង​កិច្ចប្រជុំ​ពិសេស​លើក​ទី​២ របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) ដែល​ភាគី​ទាំង​ពីរ​បាន​យល់ព្រម​ដក​កងទ័ព និង​អាវុធ​ធុន​ធ្ងន់​ចេញពី​ព្រំដែន​នោះ។

ប្រភព​ដដែល អះអាង​ថា លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ព្រំដែន​តំបន់ (RBC) ប្រទេស​ថៃ និង​ប្រទេស​កម្ពុជា បាន​ព្រមព្រៀង​គ្នា​កំណត់​យក​ដើមខែ​វិច្ឆិកា ឆ្នាំ​២០២៥ ដើម្បី​ចាប់ផ្តើម​អនុវត្ត​ដំណើរការ​ដក​សព្វាវុធ​ធុន​ធ្ងន់​ចេញពី​ព្រំដែន ដោយ​បែងចែក​ជា​បី​ដំណាក់កាល ក្នុង​នោះ ដំណាក់កាល​ទី​១ ត្រូវ​ដក​អាវុធ​ប្រភេទ A គឺ​ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ុក្កែត (multiple rockets) ដោយ​ចាប់ផ្តើម​នៅ​ថ្ងៃទី​០១ ខែ​វិច្ឆិកា ខាងមុខ​នេះ។

ចំណែកឯ​ដំណាក់កាល​ទី​២ ត្រូវ​ដក​អាវុធ​ប្រភេទ B ដូចជា​ប្រភេទ​កាំភ្លើងធំ​ទំហំ ១៥៥​មិល្លីម៉ែត្រ និង​ប្រភេទ​អាវុធ​ដែល​មាន​សមត្ថភាព​ក្រោម​ពី​នេះ ចាប់ផ្តើម​ពី​ថ្ងៃទី​២២ ខែ​វិច្ឆិកា ផង​ដែរ ខណៈ​ដំណើរការ​នេះ ត្រូវ​ប្រើ​រយៈពេល ៣​សប្ដាហ៍។ ដោយឡែក​អាវុធ​ប្រភេទ C ដូចជា រថក្រោះ និង​រថពាសដែក ត្រូវ​ដក​ចេញ​នៅ​ថ្ងៃទី​១៣ ខែ​ធ្នូ ដោយ​ប្រើ​រយៈពេល​រហូត​ដល់ ៦​សប្ដាហ៍​ឯណោះ។

កាសែត​ថៃ ដដែល​នេះ បញ្ជាក់​ថា គណៈកម្មាធិការ​ព្រំដែន​តំបន់ នឹង​មាន​កិច្ចប្រជុំ​នៅ​ថ្ងៃទី​១៥ ខែ​វិច្ឆិកា ម្តង​ទៀត ដើម្បី​ពិនិត្យ​លទ្ធផល​នៃ​ដំណាក់កាល​ទី​១ និង​ពិភាក្សា​បញ្ហា ឬ​ឧបសគ្គ​ណា​មួយ​ដែល​អាច​កើតមាន ដើម្បី​អាច​ដោះស្រាយ​ផែនការ​ដក​អាវុធ​នៅ​ដំណាក់កាល​ទី​២ និង​ទី​៣ បន្ត​ទៀត។

កាលពី​ថ្ងៃទី​២៣ ខែ​តុលា គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) បាន​បញ្ជាក់​ជំហរ​រួម​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​រវាង​គណៈកម្មាធិការ​នៃ​ប្រទេស​ទាំង​ពីរ ដោយ​ឯកភាព​គ្នា​សម្រួល​អាវុធ​ធុន​ធ្ងន់ និង​យុទ្ធោបករណ៍​ឱ្យ​ត្រឡប់​ទៅ​មូលដ្ឋាន​ដើម​វិញ។

ជាង​នេះ​ទៀត ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​កម្ពុជា-ថៃ ឬ​សេចក្តី​ថ្លែងការណ៍​រួម​ទីក្រុង​កូឡាឡាំពួរ កាលពី​ថ្ងៃទី​២៦ ខែ​តុលា នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត និង​នាយករដ្ឋមន្ត្រី​ថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) ក៏​បាន​កំណត់​ពី​ការ​ដក​យក​អាវុធ​ធុន​ធ្ងន់​ចេញពី​តំបន់​ព្រំដែន​ផង​ដែរ។ បន្ថែម​ពី​នេះ ក៏​មាន​ការ​កំណត់​ឱ្យ​ដោះលែង​ឈ្លើយសឹក​ថែមទៀត។

គួរ​បញ្ជាក់​ថា ទោះជា​មាន​ការ​ផ្តើម​ដក​អាវុធ​យុទ្ធភណ្ឌ​បន្ធូរបន្ថយ​ស្ថានភាព​តានតឹង​តាម​តំបន់​ព្រំដែន​ក៏ដោយ ក៏​ភាគី​ថៃ មិន​ទាន់​បង្ហាញ​សញ្ញា​ណា​មួយ​ថា​នឹង​បើក​ច្រក​ព្រំដែន​តាម​សំណូមពរ​លោក ហ៊ុន សែន ដែរ។

ជុំវិញ​បញ្ហា​នេះ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា អ្នកស្រី ម៉ាលី សុជាតា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​២៧ តុលា ថា ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) បាន​ចុះ​ត្រួតពិនិត្យ​រថពាសដែក​ខាង​ភាគី​កម្ពុជា ដែល​បាន​ត្រឡប់​ទៅ​កាន់​បន្ទាយ​វិញ ស្ថិត​ក្នុង​ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប។

ចំណែក​កាសែត​ថៃ បាន​រាយការណ៍​នៅ​ថ្ងៃទី​២៩ តុលា នេះ​ដែរ​ថា ទីបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ​ថៃ បាន​បញ្ចេញ​វីដេអូ​អំពី​ការ​ផ្លាស់ប្ដូរ​រថក្រោះ​ចំនួន​ពីរ​គ្រឿង​ត្រឡប់​ទៅ​មូលដ្ឋាន​ដើម​វិញ ស្ថិត​ក្នុង​ខេត្ត​សារ៉ាប៊ូរី (Saraburi) ទៅ​តាម​កិច្ចព្រមព្រៀង​សន្តិភាព​កម្ពុជា-ថៃ ដែល​បាន​ចុះហត្ថលេខា​នៅ​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ​២០២៥ កន្លង​ទៅ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស