28 C
Phnom Penh

ក្រសួង​ការពារ​ជាតិ​កម្ពុជា​បន្ត​អំពាវនាវ​ឱ្យ​ភាគី​ថៃ ដោះលែង​ទាហាន​ខ្មែរ​ទាំង ១៨​នាក់​ត្រឡប់​មក​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ការពារ​ជាតិ​កម្ពុជា ស្នើ​ឱ្យ​ភាគី​ថៃ ដោះលែង​ទាហាន​ខ្មែរ​ទាំង ១៨​នាក់ ត្រឡប់​មក​ប្រទេស​កំណើត​វិញ ខណៈ​កងទ័ព​ថៃ ទាមទារ​ឱ្យ​កម្ពុជា​អនុវត្ត​នូវ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ចំនួន មុន​នឹង​គេ​ដោះលែង​ទាហាន​ខ្មែរ​ទាំងនេះ។

ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​កម្ពុជា ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​០៤ វិច្ឆិកា ដោយ​អំពាវនាវ​ទៅ​កាន់​ភាគី​ថៃ ឱ្យ​ដោះលែង​កងទ័ព​កម្ពុជា ទាំង ១៨​នាក់ ឱ្យ​ត្រឡប់​មក​ប្រទេស​កំណើត​វិញ​ឱ្យ​បាន​ឆាប់ ដើម្បី​ឱ្យ​ពួកគេ​អាច​ជួបជុំ​ក្រុម​គ្រួសារ​ប្រកប​ដោយ​សុខ​សុវត្ថិភាព ស្របតាម​ច្បាប់​មនុស្សធម៌​អន្តរជាតិ។

ប្រភព​ដដែល អះអាង​ថា គិត​ត្រឹម​ថ្ងៃទី​០៤ ខែ​វិច្ឆិកា នេះ គឺ​មាន​រយៈពេល ៣​ខែ ៨​ថ្ងៃ​ហើយ (៩៨​ថ្ងៃ) ដែល​វីរកងទ័ព​កម្ពុជា ចំនួន ១៨​នាក់ ត្រូវ​បាន​ចាប់​ខ្លួន និង​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ឃុំគ្រង​របស់​យោធា​ថៃ ចាប់តាំងពី​ចុងខែ​កក្កដា ឆ្នាំ​២០២៥ មក។

ក្រសួង​ការពារ​ជាតិ​កម្ពុជា បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​មិន​ដែល​បោះបង់​កងកម្លាំង​ជាតិ​របស់​ខ្លួន​ចោល​ឡើយ ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ ក្រោម​កិច្ចខិតខំ​ប្រឹងប្រែង​ឥត​ឈប់ឈរ​ដោយ​ប្រើ​គ្រប់​យន្តការ​ដោះស្រាយ​គ្រប់​បែប​យ៉ាង ដើម្បី​ឱ្យ​ភាគី​ថៃ ដោះលែង​ទាហាន​ខ្មែរ​ទាំង ១៨​នាក់​នេះ​ឱ្យ​អាច​វិល​ត្រឡប់​មក​ទឹកដី​កំណើត​វិញ​ឱ្យ​បាន​ឆាប់។

កាសែត The Nation របស់​ថៃ បាន​ចុះផ្សាយ​សម្ដី​អ្នក​នាំពាក្យ​រង​នៃ​កងទ័ព​ថៃ លោក ចុងចិត វ៉ាចារ៉ាណាន់ (Jongjet Vacharanan) នៅ​ថ្ងៃទី​៤ វិច្ឆិកា ថា ដើម្បី​ឱ្យ​ភាគី​ថៃ ដោះលែង​ទាហាន​ខ្មែរ​ទាំង ១៨​នាក់​នោះ​វិញ លុះត្រាតែ​អរិភាព​រវាង​ប្រទេស​ទាំង​ពីរ​ត្រូវ​បញ្ចប់​ជា​ផ្លូវការ មាន​ការ​ដក​អាវុធ​ធុន​ធ្ងន់ និង​បញ្ចប់​ប្រតិបត្តិការ​បោស​សម្អាត​មីន​ក្នុង​ទីតាំង​សំខាន់​ទាំង​៥ ជា​មុន​សិន។

តំបន់​ទាំងនេះ រួម​មាន តំបន់​បានសាយធូ (Ban Sai Tho 10) ក្នុង​ខេត្ត​បុរីរាំ តំបន់​ចុងហៀវ (Chong Hew) ក្នុង​ខេត្ត​សូរិន្ទ តំបន់​បានណងចាន់ (Ban Nong Chan) និង​តំបន់​បានណងយ៉ាកែវ (Ban Nong Ya Kaew) ក្នុង​ខេត្ត​ស្រះកែវ រួម​ទាំង​តំបន់​បានចំរ៉ាក់ ក្នុង​ខេត្ត​ត្រាត ផង​ដែរ។

អ្នក​នាំពាក្យ​រូប​នេះ អះអាង​ថា ការ​ឃុំ​ខ្លួន​ទាហាន​កម្ពុជា ដែល​ជា​អ្នកទោស​សង្គ្រាម គឺ​អនុវត្ត​តាម​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ ដែល​ចែង​ថា អ្នកទោស​សង្គ្រាម​ត្រូវតែ​ដោះលែង និង​ធ្វើ​មាតុភូមិ​និវត្តន៍​ដោយ​គ្មាន​ការ​ពន្យារ​ពេល បន្ទាប់ពី​ការ​បញ្ចប់​អរិភាព​សកម្ម​នឹង​គ្នា។

មន្ត្រី​យោធា​ថៃ ដដែល ព្រមាន​ថា ជម្លោះ​កម្ពុជា-ថៃ មិន​ទាន់​បញ្ចប់​ទេ ទោះបីជា​មាន​ការ​ព្រមព្រៀង មាន​បទ​ឈប់​បាញ់​គ្នា និង​ការ​ប្រកាស​ព្រមព្រៀង​សន្តិភាព​នៅ​ប្រទេស​ម៉ាឡេស៊ី ក្រោម​វត្តមាន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ក៏ដោយ។

សេចក្តី​ប្រកាស​រួម​ព្រមព្រៀង​រក​សន្តិភាព កាលពី​ថ្ងៃទី​២៦ ខែ​តុលា រវាង​កម្ពុជា-ថៃ មិន​បាន​ចែង ឬ​មិន​បាន​កំណត់​ឱ្យ​ដោះលែង​ចំណាប់ខ្មាំង​សង្គ្រាម និង​លក្ខខណ្ឌ​មួយ​ចំនួន​ទៀត ខណៈ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ក៏​គ្រាន់តែ​បាន​ថ្លែង​ស្នើ​ក្នុង​ពិធី​ចុះ​កិច្ចព្រមព្រៀង​នេះ ជំរុញ​ឱ្យ​មាន​ការ​ដោះលែង​ទាហាន​ខ្មែរ​ទាំង ១៨​នាក់​នោះ​ផង។

កាលពី​ថ្ងៃទី​៣០ ខែ​កក្កដា ឆ្នាំ​២០២៥ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ព្រះវិហារ ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ត្រា អះអាង​ថា ក្រោយ​បទ​ឈប់​បាញ់​ចូល​ជាធរមាន ទាហាន​ថៃ បាន​ប្រើ​ល្បិចកល​ចាប់​ទាហាន​កម្ពុជា ចំនួន ២២​នាក់​ដោយ​រំលោភ​បទ​ឈប់​បាញ់ ប៉ុន្តែ​ទាហាន​ខ្មែរ​ម្នាក់​បាន​រត់​រួច​ខ្លួន​ក្រោយពី​ពុត​ធ្វើ​ជា​ស្លាប់។

ជុំវិញ​បញ្ហា​នេះ ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​អះអាង​កាលពី​ថ្ងៃទី​០១ ខែ​សីហា ឆ្នាំ​២០២៥ ថា ក្រោយ​ចាប់​ខ្លួន​ទាហាន​ខ្មែរ​បាន ៣​ថ្ងៃ ភាគី​ថៃ បាន​បញ្ជូន​សាកសព​ទាហាន​ខ្មែរ​ម្នាក់​នៅ​ថ្ងៃទី​៣១ ខែ​កក្កដា ខណៈ​ទាហាន​ខ្មែរ ២​នាក់​ទៀត ត្រូវ​ទាហាន​ថៃ បញ្ជូន​មក​នៅ​ថ្ងៃទី​១ ខែ​សីហា ប៉ុន្តែ​ទាហាន​ម្នាក់​មាន​របួស​ធ្ងន់ និង​បាក់​ដៃ និង​ទាហាន​ម្នាក់​ទៀត​មាន​ស្មារតី​មិន​គ្រប់គ្រាន់។

គិត​ចាប់តាំងពី​កម្ពុជា-ថៃ បាន​ចុះហត្ថលេខា​លើ​សេចក្តី​ប្រកាស​រួម​ព្រមព្រៀង​ស្វែង​សន្តិភាព កាលពី​ថ្ងៃទី​២៦ ខែ​តុលា មក​ដល់​ពេលនេះ ទាហាន​ខ្មែរ​ទាំង ១៨​នាក់​ដែល​ត្រូវ​ភាគី​ថៃ ចាប់​ឃុំ​ខ្លួន នៅតែ​ត្រូវ​បាន​កងទ័ព​ថៃ បន្ត​ឃុំ​ខ្លួន​ដដែល៕

កងយោធពល​ខេមរភូមិន្ទ ២​នាក់​ក្នុង​ចំណោម ២០​នាក់ ដែល​ថៃ បាន​ចាប់​ខ្លួន ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ​តាម​ច្រក​អូរស្មាច់ ខេត្ត​ឧត្ដរមានជ័យ នៅ​ថ្ងៃទី​១ ខែ​សីហា ឆ្នាំ​២០២៥។ (រូបថត​ពី​ហ្វេសប៊ុក)
កងយោធពល​ខេមរភូមិន្ទ ២​នាក់​ក្នុង​ចំណោម ២០​នាក់ ដែល​ថៃ បាន​ចាប់​ខ្លួន ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ​តាម​ច្រក​អូរស្មាច់ ខេត្ត​ឧត្ដរមានជ័យ នៅ​ថ្ងៃទី​១ ខែ​សីហា ឆ្នាំ​២០២៥។ (រូបថត​ពី​ហ្វេសប៊ុក)

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស