ព្រឹទ្ធសភាសហរដ្ឋអាមេរិក ទាត់ចោលដំណោះស្រាយសមាជិកសភាដែលបង្គាប់ឱ្យលោក ដូណាល់ ត្រាំ សុំការយល់ព្រមពីសភាក្នុងសង្គ្រាមគ្រឿងញៀនសំដៅលើកទ័ពអាមេរិកវាយប្រហារវេណេហ្ស៊ុយអេឡា។
ដំណោះស្រាយនេះបរាជ័យក្នុងសំឡេង ៤៩ ទល់នឹង ៥១សំឡេង។ មានន័យថា សំឡេងគាំទ្រដំណោះស្រាយរបស់សភាមាន ៤៦សំឡេង ហើយសំឡេងមិនគាំទ្រមាន ៥១សំឡេង ដែលជាការទាត់ចោលការបង្គាប់ទៅរដ្ឋការលោក ដូណាល់ ត្រាំ របស់សមាជិកសភាដែលថាត្រូវសុំគោលការណ៍ពីសភាជាមុនសិន មុននឹងសម្រេចលើកទ័ពវាយចូលទៅលើទឹកដីប្រទេសវេណេហ្ស៊ុយអេឡា។
គេបានដឹងថាមានសមាជិកសភាមកពីគណបក្សសាធារណរដ្ឋចំនួនពីររូប គឺអ្នកស្រី Lisa Murkowski of Alaska និងលោក Rand Paul of Kentucky ដែលចូលរួមបោះឆ្នោតគណបក្សប្រជាធិបតេយ្យ។ បន្ទាប់ពីព្រឹទ្ធសភារៀបចំការបោះឆ្នោតរួច រដ្ឋមន្ត្រីក្រសួងសង្គ្រាម លោក Pete Hegseth បានប្រកាសឱ្យដឹងពីការវាយប្រហារថ្មីមួយទៀតលើទូកដែលចោទប្រកាន់ពីការជួញដូរគ្រឿងញៀននៅសមុទ្រការីបៀន។
គិតមកទល់ពេលនេះ រដ្ឋការអាមេរិកបានវាយប្រហារចំនួន ១៧ករណី និងបានសម្លាប់មនុស្ស ៦៩រូប។ កាលពីខែមុននេះ លោក ត្រាំ បាននិយាយថា លោកមិនត្រូវការសភាក្នុងការអនុម័តការវាយប្រហារទៅលើក្រុមជួញដូរគ្រឿងញៀននោះទេ។ ជំនួសមកវិញ លោកនិយាយថា អាមេរិកនឹងសម្លាប់អ្នកនាំគ្រឿងញៀនចូលក្នុងប្រទេសអាមេរិក ។
សមាជិកសភាមួយរូបឈ្មោះ Todd Young បានរិះគន់ថាការវាយប្រហារណាមួយដែលមិនមានការស្នើសុំពីសភា គឺជារឿងខុសច្បាប់។ លោកថាវាជាបញ្ហានៃគោលនយោបាយដែលលោកមានការសង្ស័យលើប្រតិបត្តិការចម្លែកមួយនេះ ព្រោះប្រជាជនអាមេរិកភាគច្រើនមិនចង់ឱ្យទាហានអាមេរិកពាក់ព័ន្ធនឹងជម្លោះ។
សមាជិកសភាអាមេរិកផ្សេងទៀតកាលពីខែមុន បានបង្ហាញការព្រួយបារម្ភដូចគ្នានេះលើរដ្ឋការលោក ត្រាំ ដែលមិនចែករំលែកព័ត៌មាននៃការវាយប្រហារ ហើយក្រោយមក រដ្ឋការលោក ត្រាំ បានត្រឹមធ្វើការសង្ខេបជូនសមាជិកគណបក្សសាធារណរដ្ឋដោយគ្មានសមាជិកមកពីខាងគណបក្សប្រជាធិបតេយ្យណាមួយឡើយ ដែលបង្កឱ្យមានការសង្ស័យ។
កាលពីខែមុន ដំណោះស្រាយស្រដៀងគ្នានេះក៏ត្រូវបានផ្ដួចផ្ដើមផងដែរ តែត្រូវបរាជ័យក្រោមសំឡេង ៤៨ ទល់នឹង ៥១សំឡេង ហើយសមាជិកមកពីបក្សសាធារណរដ្ឋពីររូបនេះជាអ្នកចូលគាំទ្រដំណោះស្រាយរបស់សភាបក្សប្រជាធិបតេយ្យ ដែលមានផែនការរាំងខ្ទប់សង្គ្រាមគ្រឿងញៀនរបស់លោក ដូណាល់ ត្រាំ។
ការលើកទ័ពអាមេរិកទៅដាក់ពង្រាយនៅតំបន់សមុទ្រការីបៀន ក៏មានការបញ្ចេញព័ត៌មានថា អ្នកស្រីមេបក្សប្រឆាំងជ័យលាភីណូបែលសន្តិភាពឆ្នាំ២០២៥ បានបញ្ជូនជំនួយការ និងទីប្រឹក្សារបស់អ្នកស្រីទទួលជួបទីប្រឹក្សាសន្តិសុខរបស់លោក ដូណាល់ ត្រាំ។
ការពិត លោក ត្រាំ មានការវាយប្រហារលើបណ្ដាញគ្រឿងញៀនតាមសំណើរបស់អ្នកស្រី Maria Corina Machado ដោយបានជួបគ្នាតាំងពីមុនលោក ត្រាំ ចូលទៅនៅសេតវិមានវិញជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។ លទ្ធផលនៃជំនួប បានផ្ដើមឱ្យមានយុទ្ធនាការសង្គ្រាមគ្រឿងញៀនរបស់លោក ត្រាំ នៅអាមេរិកខាងត្បូង ដែលកំពុងឈានដល់ការលើកទ័ពក្នុងគោលដៅធ្វើរដ្ឋប្រហារទម្លាក់លោក ម៉ាឌូរ៉ូ។
មន្ត្រីបួននាក់នៃក្រុមប្រឹក្សាមេដឹកនាំបក្សប្រឆាំងវេណេហ្ស៊ុយអេឡា លោកស្រី Machado ត្រូវបានអនុញ្ញាតឱ្យចូលក្នុងមន្ទីររដ្ឋសភា Capitol Hill ដោយបានជួបសមាជិកសភាអាមេរិកច្រើននាក់ ហើយក្នុងនោះ ពួកគាត់បានទៅជួបលោក Mike Waltz ទីប្រឹក្សាសន្តិសុខជាតិអាមេរិកនៃអនាគតរដ្ឋការលោក ដូណាល់ ត្រាំ។ ជំនួបនេះ ធ្វើឡើងនៅមុនលោក ត្រាំ ស្បថចូលកាន់តំណែងប្រធានាធិបតីអាណត្តិថ្មីទី២ របស់លោក នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ក្រោយពីលោកបានឈ្នះការបោះឆ្នោតប្រធានាធិបតីនៅដើមសប្ដាហ៍ទី១ នៃខែវិច្ឆិកា ឆ្នាំ២០២៤។
នៅពេលនោះ អ្នកស្រី Machado បានចេញមុខជួបផ្ទាល់នឹងលោក Mike Waltz ទីប្រឹក្សាសន្តិសុខជាតិ តែលោក Mike Waltz បានជួបតាមរយៈវីដេអូ Call ពីកន្លែងលាក់ខ្លួនរបស់លោកស្រីនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា។
ក្រុមទីប្រឹក្សារបស់អ្នកស្រី Machado អះអាងប្រាប់លោក Mike Waltz ទីប្រឹក្សាលោក ត្រាំ ថា ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក Nicolás Maduro មានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងក្រុមឧក្រិដ្ឋជនគ្រឿងញៀននៅក្នុងតំបន់អាមេរិកខាងត្បូង ព្រោះថាជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។
ក្រុមអង្គការភេរវករគ្រឿងញៀនវេណេហ្ស៊ុយអេឡា Tren de Aragua ដែលនៅពីក្រោយផ្ទាល់ដោយប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក Nicolás Maduro កំពុងជាមុខសញ្ញាត្រូវបានទ័ពអាមេរិកដែលថាអំណាចរបស់លោក ម៉ាឌូរ៉ូ អាចគ្រោះថ្នាក់ បើលោក ត្រាំ បញ្ជាទ័ពវាយចូលទឹកដីវេណេហ្ស៊ុយអេឡា ហើយខណៈនេះ លោក ត្រាំ អាចនឹងលើកទ័ពទៅវេណេហ្ស៊ុយអេឡា ព្រោះព្រឹទ្ធសភាហាក់កំពុងបើកផ្លូវឱ្យលោក ត្រាំ ប្រើសិទ្ធិអំណាចជាប្រធានាធិបតី៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

