26.2 C
Phnom Penh

ពលរដ្ឋ​ខ្មែរ​ម្នាក់​ស្លាប់ និង​របួស ៣​នាក់​ដោយសារ​ការ​បាញ់​រះ​របស់​ទាហាន​ថៃ មក​លើ​ពលរដ្ឋ​ខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជនស៊ីវិល​ខ្មែរ​ម្នាក់​ស្លាប់ និង​របួស ៣​នាក់ នៅ​ម៉ោង​ជិត ៤​រសៀល​ថ្ងៃទី​១២ ខែ​វិច្ឆិកា នេះ បន្ទាប់ពី​កម្លាំង​ទាហាន​ថៃ បាន​ប្រើ​កាំភ្លើង RPD បាញ់​ប្រហារ​មក​លើ​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ស្នាក់នៅ​ក្នុង​ជម្រក​កៅស៊ូ​តង់​ក្នុង​ដែន​អធិបតេយ្យ​របស់​កម្ពុជា ស្ថិត​នៅ​ភូមិ​ព្រៃចាន់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​នៃ​ការ​បាញ់​ប្រហារ​របស់​ទាហាន​ថៃ មក​លើ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រៃចាន់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ បាន​កើតឡើង​នៅ​ម៉ោង​ប្រមាណ ៤​រសៀល ដោយ​ទាហាន​ថៃ បាន​បាញ់​កាំភ្លើង​គ្រាប់​ពិត​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ភូមិ​ព្រៃចាន់ ដែល​កំពុង​ស្នាក់នៅ​ក្នុង​តង់។

តាម​របាយការណ៍​បឋម​គិត​ត្រឹម​ល្ងាច​ថ្ងៃ​ពុធ​នេះ គឺ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់​ស្លាប់ និង​របួស ៣​នាក់។

រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ បាន​ប្រកាស​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​ទង្វើ​អមនុស្សធម៌​ដ៏​សាហាវ​ឃោរឃៅ​របស់​យោធា​ថៃ មក​លើ​ជនស៊ីវិល​ខ្មែរ​នា​រសៀល​ថ្ងៃ​ដដែល​នេះ។ រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ បន្ត​ថា​ទង្វើ​អមនុស្សធម៌​របស់​យោធា​ថៃ នា​ពេលនេះ គឺ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ភាគី​ថៃ បាន​រំលោភ​បំពាន​លើ «សេចក្តី​ថ្លែងការណ៍​រួម​ស្ដីពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា និង​ថៃ» ដែល​ចុះហត្ថលេខា​ដោយ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា និង​នាយករដ្ឋមន្ត្រី​ថៃ ដែល​មាន​ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក លោក ដូណាល់ ត្រាំ និង​លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី និង​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន​ធ្វើ​ជា​សាក្សី កាលពី​ថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ​២០២៥។

អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ ប្រកាន់​ជំហរ​គោរព​ទៅ​តាម​អ្វី​ដែល​ជា​ការ​ព្រមព្រៀង​គ្នា​រវាង​ប្រទេស​ទាំង​ពីរ ដោយ​រក្សា​ស្ថានភាព​ដដែល​រហូត​ដល់​ការងារ​ខណ្ឌសីមា​ព្រំដែន​គោក​ត្រូវ​បាន​បញ្ចប់។ ក្នុង​ន័យ​នេះ ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង និង​រង់ចាំ​ដំណោះស្រាយ​របស់​គណៈកម្មការ​ចម្រុះ​ព្រំដែន (JBC)៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស