32.1 C
Phnom Penh

អ្នក​តាមដាន​ស្ថានការណ៍​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ប្រញាប់​ប្តឹង​ថៃ ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា ជំរុញ​ឱ្យ​កម្ពុជា ត្រូវ​ប្រញាប់​បញ្ជូន​ពាក្យបណ្ដឹង​ប្តឹង​ថៃ ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដោយ​ប្រើ​សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​នានា ក្រោយពី​ថៃ ប្រកាស​ដើរ​ចេញពី​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​កម្ពុជា នា​ពេលនេះ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១២ វិច្ឆិកា នេះ​ថា កម្ពុជា​ត្រូវ​អនុវត្ត​នូវ​វិធានការ​បន្ទាន់​មួយ​ចំនួន​សម្រាប់​ឧបសគ្គ​ចំពោះ​មុខ​ដែល​ភាគី​ថៃ បាន​ប្រកាស​លុប​កិច្ចព្រមព្រៀង​សន្តិភាព​ដែល​មាន​អាមេរិក និង​ម៉ាឡេស៊ី ចូលរួម​ធ្វើ​ជា​សាក្សី​កាលពី​ពេល​កន្លង​ទៅ​នេះ។

អ្នក​ឃ្លាំមើល​សង្គម​រូប​នេះ​លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា ចាំបាច់​ត្រូវ​ប្រញាប់​ស្នើ​ទៅ​កាន់​សហរដ្ឋ​អាមេរិក និង​ប្រធាន​អាស៊ាន​ប្តូរ​វេន នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ដើម្បី​ដាក់​សម្ពាធ​ទៅ​លើ​ភាគី​ថៃ ក្នុង​កម្រិត​ការទូត​ខ្ពស់​បំផុត ឱ្យ​ពួកគេ​ងាក​មក​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​នេះ​វិញ។ ជាង​នេះ​ទៀត កម្ពុជា​ក៏​ត្រូវតែ​ប្រញាប់​បញ្ជូន​ពាក្យបណ្ដឹង​ប្តឹង​ថៃ ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ដែរ ហើយ​ការ​ប្តឹង​ផ្តល់​នេះ កម្ពុជា​ត្រូវ​ប្រើ​ឯកសារ​គន្លឹះ ដូចជា សន្ធិសញ្ញា​បារាំង-សៀម និង​ផែនទី​បារាំង អម​សន្ធិសញ្ញា​នេះ ដោយ​ភ្ជាប់​ជាមួយ​ឯកសារ​ពាក់ព័ន្ធ​នានា រួម​ទាំង​កិច្ចព្រមព្រៀង​សន្តិភាព​កម្ពុជា-ថៃ នៅ​ទីក្រុង​កូឡាឡាំពួរ ព្រមទាំង​របាយការណ៍​របស់​ក្រុម​អង្កេត​ការណ៍​អន្តរជាតិ (IOT) និង​ក្រុម​អង្កេត​ការណ៍​អាស៊ាន (AOT) ផង​ដែរ។

កាលពី​ថ្ងៃទី​១១ ខែ​វិច្ឆិកា កាសែត​ថៃ The Nation បាន​រាយការណ៍​សម្ដី​នាយករដ្ឋមន្ត្រី​ថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) ថា ប្រទេស​ថៃ បាន​ប្រកាស​លុបចោល​លក្ខខណ្ឌ​ទាំង ៤​ប្រការ ដែល​បាន​កំណត់​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​ជាមួយ​កម្ពុជា នៅ​ទីក្រុង​កូឡាឡាំពួរ ហើយ ព្រោះ​រដ្ឋាភិបាល​របស់​លោក​នឹង​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ដល់​ប្រតិបត្តិការ​យោធា​ដើម្បី​សន្តិសុខ​ជាតិ។

ជុំវិញ​បញ្ហា​នេះ អ្នក​ស្រាវជ្រាវ​អំពី​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១១ វិច្ឆិកា ថា ដើម្បី​ឆ្លើយ​ទៅ​នឹង​ទង្វើ​ក្រឡេចក្រឡុច​របស់​ភាគី​ថៃ កម្ពុជា​ត្រូវតែ​ប្រុងប្រៀប​ការពារ​ខ្លួន​ឲ្យ​បាន​ខ្ពស់​បំផុត​ជាង​ពេល​ដែល​ផ្ទុះ​សង្គ្រាម ៥​ថ្ងៃ កាលពី​ចុង​ខែ​កក្កដា កន្លង​ទៅ​ទៅ​ទៀត។

ចំណែក​អតីត​មេធាវី​សាលាក្ដី​ខ្មែរក្រហម លោក កង ឫទ្ធិគិរី បាន​លើកឡើង​ថា ថៃ​បាន​យក​ពាក្យ​ថា កម្ពុជា​ចង់បាន​សន្តិភាព ធ្វើ​ជា​ចំណាប់ខ្មាំង​ចាប់​តាំងតែ​ពី​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព នៅ​ទីក្រុង​កូឡាឡាំពួរ កាលពី​ចុង​ខែ​តុលា មក។

លោក កង ឫទ្ធិគិរី បញ្ជាក់​ថា ស្ថានភាព​នៅ​តាម​ព្រំដែន​កម្ពុជា បាន​ប្រែប្រួល​ពី​ស្ងប់ស្ងាត់​មក​ជា​តានតឹង​កាន់តែ​ខ្លាំង បន្ទាប់ពី​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ថៃ ទៅ​កាន់​ប្រទេស​ចិន កាលពី​ពេល​ថ្មីៗ​នេះ ហើយ​ការ​ប្រែប្រួល​ស្ថានការណ៍​ព្រំដែន​កម្ពុជា-ថៃ នា​ពេលនេះ ក៏​ទំនង​ជា​មាន​ភ្លើង​ខៀវ​ពី​ចិន ដែរ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស