យោងតាមបណ្ដាញផ្សាយព័ត៌មាន ABC News កងនាវាផ្ទុកយន្តហោះចម្បាំងអាមេរិក USS Gerald R. Ford ដែលអមដោយនាវាចម្បាំងចំនួន ៨គ្រឿង បានទៅដល់សមុទ្រការីបៀន (Caribbean) ក្នុងតំបន់អាមេរិកឡាទីន កាលពីថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា។
ការដាក់ពង្រាយកងនាវាផ្ទុកយន្តហោះ USS Gerald Ford នៅសមុទ្រ Caribbean កំពុងធ្វើឱ្យប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក Nicolas Maduro ភ័យខ្លាចពីសង្គ្រាមគ្រឿងញៀនរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ឈានទៅដល់ការធ្វើរដ្ឋប្រហារទម្លាក់របបរបស់លោក។
USS Gerald Ford ដែលជានាវាផ្ទុកយន្តហោះចម្បាំងសហរដ្ឋអាមេរិកធំជាងគេបំផុតនៅលើពិភពលោក ផ្ទុកយន្តហោះចម្បាំង ៦០គ្រឿង បានចូលទៅក្នុងតំបន់មួយគ្រប់គ្រងដោយទីបញ្ជាការកងទ័ពជើងទឹកអាមេរិកប្រចាំភូមិភាគខាងត្បូង ដែលទទួលបន្ទុកលើតំបន់អាមេរិកឡាទីន និងតំបន់សមុទ្រ Caribbean។
ការដាក់ពង្រាយនាវាផ្ទុកយន្តហោះចម្បាំង USS Gerald Ford ធ្វើឡើងតាមបញ្ជារបស់លោក ដូណាល់ ត្រាំ កាលពីជាង ៣សប្ដាហ៍មុន ដើម្បីជួយដល់ប្រតិបត្តិការបង្ក្រាបការរត់ពន្ធគ្រឿងញៀននៅក្នុងតំបន់អាមេរិកខាងត្បូង និងអាមេរិកឡាទីន។
អ្នកនាំពាក្យមន្ទីរប៉ុងតាហ្គោន លោក Sean Parnell បានឱ្យដឹងដែរថា ការដាក់ពង្រាយនាវាផ្ទុកយន្តហោះ USS Gerald Ford នឹងជួយជំរុញសមត្ថភាពរបស់កងទ័ពសហរដ្ឋអាមេរិកក្នុងការចាប់សញ្ញា តាមដាន និងរារាំងពួកឧក្រិដ្ឋជនគ្រឿងញៀនដែលបំផ្លាញសុវត្ថិភាព សន្តិសុខសហរដ្ឋអាមេរិក ព្រមទាំងសន្តិសុខនៅក្នុងតំបន់អាមេរិកខាងត្បូង។
ខណៈនេះ រដ្ឋការលោក ដូណាល់ ត្រាំ បាននិងកំពុងដឹកនាំប្រតិបត្តិការយោធានៅក្នុងតំបន់ Caribbean និងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ជាមួយការដាក់ពង្រាយនាវាចម្បាំង យន្តហោះចម្បាំង ដើម្បីបង្ក្រាបបណ្ដាញរត់ពន្ធគ្រឿងញៀន។
លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២ ខែវិច្ឆិកា បាននិយាយថា សហរដ្ឋអាមេរិកមិនមានបំណងធ្វើសង្គ្រាមជាមួយវេណេហ្ស៊ុយអេឡា នោះទេ ប៉ុន្តែលោក ត្រាំ ព្រមានថាការកាន់អំណាចរបស់លោក Maduro កំពុងត្រូវបានរាប់ថយក្រោយហើយ។ វាមានន័យថា របបផ្ដាច់ការរបស់លោក Maduro ត្រូវតែប្រឈមមុខនឹងការផ្ដួលរំលំ។
កងទ័ពសហរដ្ឋអាមេរិក មកទល់នឹងពេលនេះ បានដឹកនាំការវាយប្រហារតាមផ្លូវអាកាសដោយកម្ទេចកាណូតសង្ស័យដឹកសារធាតុគ្រឿងញៀនចំនួន ២០គ្រឿងនៅក្នុងតំបន់សមុទ្រ Caribbean និងតំបន់ប៉ាស៊ីហ្វិក ដោយសម្លាប់មនុស្សយ៉ាងហោច ៧៦នាក់។ មនុស្សទាំងនេះ លោក ត្រាំ និងរដ្ឋការរបស់លោកចាត់ទុកជាក្រុមភេរវករគ្រឿងញៀន។
ក្នុងស្ថានភាពបារម្ភពីសង្គ្រាមគ្រឿងញៀនរបស់លោក ត្រាំ ប្រែក្លាយទៅជាការធ្វើរដ្ឋប្រហារ លោក Maduro និងរដ្ឋាភិបាលរបស់លោក កាលពីថ្ងៃអង្គារ បានប្រកាសដាក់ពង្រាយកងទ័ពនៅទូទាំងប្រទេស ជាមួយនឹងការដំឡើងកាំភ្លើងធំ ប្រព័ន្ធមីស៊ីលរង់ចាំបាញ់នាវាចម្បាំង និងកងយន្តហោះចម្បាំងសហរដ្ឋអាមេរិក។
ក្រសួងការពារជាតិរបស់លោក Maduro សម្រេចដាក់ពង្រាយសព្វាវុធតាំងពីអាវុធរាប់ទសវត្សរ៍ផលិតដោយរុស្ស៊ី ហើយគ្រោងនឹងបង្កើនការតស៊ូតាមបែបទ័ពព្រៃ ប្រឆាំងនឹងសង្គ្រាមតាមអាកាស ឬដីគោកពីសំណាក់សហរដ្ឋអាមេរិក។
លោក ដូណាល់ ត្រាំ បានលើកពីលទ្ធភាពនៃប្រតិបត្តិការជើងគោកទៅលើប្រទេសវេណេហ្ស៊ុយអេឡា ក្នុងដំណាក់កាលបន្ទាប់ទៀត។
អ្នកជំនាញមើលឃើញថា សមត្ថភាពកងយោធាវេណេហ្ស៊ុយអេឡា ចុះខ្សោយខ្លាំងដោយសារតែកង្វះការហ្វឹកហ្វឺន ប្រាក់ខែទាប និងបទពិសោធមានកម្រិតទាបខ្លាំង មិនអាចប្រៀបធៀបនឹងកងទ័ពសហរដ្ឋអាមេរិកបានឡើយ។
ទីភ្នាក់ងារសារព័ត៌មាន Associated Press បានរាយការណ៍ថា នាវាផ្ទុកយន្តហោះ USS Gerald Ford អមជាមួយកងនាវាចម្បាំង ៨គ្រឿង បូកនឹងនាវាចម្បាំង ១០គ្រឿង នាវាមុជទឹកមួយគ្រឿង និងយន្តហោះចម្បាំង F-35 ចំនួន ១០គ្រឿង កងទ័ពជាង ១៦០០០នាក់ កំពុងធ្វើប្រតិបត្តិការយ៉ាងសកម្មនៅតំបន់សមុទ្រ Caribbean។
ជាមួយគ្នានេះ លោក ដូណាល់ ត្រាំ ក៏បានបញ្ជាឱ្យដាក់ពង្រាយភ្នាក់ងារស៊ើបអង្កេត CIA ធ្វើប្រតិបត្តិការផ្ទាល់នៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា ក៏ចាប់ផ្ដើមហើយផងដែរ។
មន្ត្រីអាមេរិកមួយចំនួនបានបញ្ជាក់ថា គោលបំណងចម្បងនៃយុទ្ធសាស្ត្រនេះ គឺដើម្បីបញ្ចេញឥទ្ធិពល និងដកមេដឹកនាំផ្ដាច់ការ Nicolás Maduro ចេញពីអំណាច។ លោក ដូណាល់ ត្រាំ និងអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា រួមទាំងលោកអតីតប្រធានាធិបតី ចូ បៃដិន មិនបានទទួលស្គាល់លោក Maduro ជាមេដឹកនាំស្របច្បាប់ម្ដងណាទេ ព្រោះជនផ្ដាច់ការម្នាក់នេះក្រាញអំណាចបានមកដល់សព្វថ្ងៃនេះ ដោយសារតែលួចឆន្ទៈរបស់ប្រជាជនវេណេហ្ស៊ុយអេឡា ដោយបន្លំការបោះឆ្នោត និងកម្ទេចគូប្រជែងដោយចាប់អ្នកនយោបាយដាក់គុកជាច្រើនរយនាក់។
យោងតាមហេតុផលនេះ វាច្បាស់ណាស់ថា ប្រសិនបើសហរដ្ឋអាមេរិកវាយប្រហារផ្ទាល់លើប្រទេសវេណេហ្ស៊ុយអេឡា ដោយអនុវត្តផែនការមួយកំណត់គោលដៅពីរ គឺទីមួយប្រតិបត្តិការយោធាកម្ទេចបណ្ដាញភេរវកម្មគ្រឿងញៀន និងទីពីរ វាយប្រហារផ្ដួលរបបផ្ដាច់ការរបស់លោក Maduro៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

