25.9 C
Phnom Penh

សមាគម​ខ្មែរ​នៅ​អាមេរិក​ច្រានចោល​ការ​ចោទប្រកាន់​របស់​លោក ម៉ៃឃើល អាល់ហ្វារ៉ូ ដែល​ថា​ធ្វើ​កិច្ចការ​គ្មាន​តម្លាភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​សមាគម​ខ្មែរ​ប្រចាំ​រដ្ឋ North Carolina ច្រានចោល​ការ​ចោទប្រកាន់​របស់​លោក ម៉ៃឃើល ប៊ើរី អាល់ហ្វារ៉ូ (Michael B Alfaro) លើ​សមាគម​របស់​ខ្លួន​ថា​ធ្វើ​កិច្ចការ​គ្មាន​តម្លាភាព គឺជា​ការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ។

លោក ថាច់ សីហា ប្រធាន​សមាគម​ខ្មែរ​ប្រចាំ​រដ្ឋ North Carolina បាន​លើកឡើង​ក្នុង​កិច្ចសម្ភាសន៍​ពិសេស​មួយ​ជាមួយ​អ្នក​ធ្វើ​អត្ថាធិប្បាយ​អំពី​បញ្ហា​សង្គម លោក មួង ណារ៉េត នៅ​ថ្ងៃទី​១៧ វិច្ឆិកា នេះ​ថា ដើមហេតុ​ដែល​នាំ​ឱ្យ​មាន​ការ​ចោទប្រកាន់​របស់​លោក ម៉ៃឃើល អាល់ហ្វារ៉ូ មក​លើ​សមាគម​ខ្មែរ​ប្រចាំ​រដ្ឋ North Carolina គឺ​ផ្តើម​ចេញពី​លុយ ៥០០០​ដុល្លារ អំឡុង​ពេល​ដែល​គាត់​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា លើក​ទី​២ កាលពី​ចុងខែ​កញ្ញា កន្លង​ទៅ​នោះ។

លោក ថាច់ សីហា រៀបរាប់​ថា ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា ដើម្បី​ផ្សព្វផ្សាយ​ពី​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ជា​លើក​ទី​២ លោក ម៉ៃឃើល អាល់ហ្វារ៉ូ បាន​ទទួល​ប្រាក់​ពី​អ្នក​ឧបត្ថម្ភ​ចំនួន ១​ម៉ឺន​ដុល្លារ​អាមេរិក (១០០០០​ដុល្លារ) តាម​សំណើ​របស់​គាត់ ចំណែក​មិត្រភក្ដិ​របស់​គាត់​ម្នាក់​ផ្សេង​ទៀត​ឈ្មោះ ដានីញ៉ែល ក៏​ត្រូវ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ក្នុង​បេសកកម្ម​នេះ​ចំនួន ៥​ពាន់​ដុល្លារ (៥០០០​ដុល្លារ) តាម​សំណើ​នេះ​ដែរ។

លោក​បន្ត​ថា ក្រោយ​បញ្ចប់​បេសកកម្ម លោក ដានីញ៉ែល បាន​បដិសេធ​មិន​ទទួល​លុយ ៥​ពាន់​ដុល្លារ​នោះ​ទេ ដោយសារ​គាត់​មិន​ពេញចិត្ត​នឹង​អ្នក​ឧបត្ថម្ភ​ដែល​បាន​បង្គាប់​បញ្ជា​លើ​រូប​គាត់​ហួសហេតុ​ពេក ហើយ​ក៏​ដើម្បី​កុំ​ឱ្យ​ខ្លួន​គាត់​ជាប់​សម្ពាធ​ចំពោះ​លុយ​ឧបត្ថម្ភ ៥​ពាន់​ដុល្លារ​នេះ​ដែរ ដូច្នេះ​ចំនួន​លុយ​ទាំងអស់ គឺ​ត្រូវ​បញ្ជូន​ត្រឡប់​ទៅ​ម្ចាស់​ឧបត្ថម្ភ​វិញ​ទាំងអស់។

លោក​បន្ថែម​ថា ពេល​ត្រឡប់​មក​ដល់​សហរដ្ឋ​អាមេរិក វិញ លោក ម៉ៃឃើល អាល់ហ្វារ៉ូ បាន​ទាមទារ​ឱ្យ​លោក សាងលី សារ៉ាក់ ម្ចាស់​ទំព័រ​ហ្វេសប៊ុក The Morning និង​រូបលោក​ផ្ទាល់ ផ្ទេរ​លុយ ៥​ពាន់​ដុល្លារ​នោះ​ទៅ​ឱ្យ​លោក ដានីញ៉ែល ម្តង​ទៀត ព្រោះ​ថា​លោក ម៉ៃឃើល អាល់ហ្វារ៉ូ ខ្លាចក្រែង​លោក ដានីញ៉ែល មិន​ចុះផ្សាយ​អំពី​សកម្មភាព​របស់​គាត់​នៅ​តំបន់​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ប៉ុន្តែ​ត្រូវ​លោក ដានីញ៉ែល បដិសេធ​ជា​លើក​ទី​ពីរ។

យ៉ាងណាក៏ដោយ លោក ម៉ៃឃើល អាល់ហ្វារ៉ូ នៅតែ​បន្ត​ទាមទារ​ឱ្យ​រូបលោក​ផ្ទាល់​ទាក់ទង​ទៅ​ម្ចាស់​ជំនួយ​តាមរយៈ​លោក សាងលី សារ៉ាក់ ប៉ុន្តែ​ត្រូវ​ម្ចាស់​ជំនួយ​បដិសេធ​ផ្តល់​លុយ ៥​ពាន់​ដុល្លារ​នេះ​ទៅ​ឱ្យ​លោក ដានីញ៉ែល ផង​ដែរ។

ក្រោយ​មក លោក ម៉ៃឃើល អាល់ហ្វារ៉ូ នៅតែ​បន្ត​ទាមទារ​ឱ្យ​ផ្តល់​លុយ​ចំនួន ៥​ពាន់​ដុល្លារ​នោះ​ទៅ​លោក ដានីញ៉ែល ទៀត ដោយ​ស្នើ​ឱ្យ​យក​ថវិកា​ដែល​សមាគម​ខ្មែរ​ប្រចាំ​រដ្ឋ North Carolina បាន​រៃអង្គាស​សម្រាប់​សាងសង់​សាលា​នៅ​តំបន់​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ដែល​រង​ការ​ខូចខាត​ដោយសារ​សង្គ្រាម ៥​ថ្ងៃ​នោះ ប៉ុន្តែ​សំណើ​នេះ​ក៏​ត្រូវ​បាន​បដិសេធ​ទៀត។

លោក ថាច់ សីហា ពន្យល់​ថា ថវិកា​ដែល​ទទួល​បាន​ពី​គំនិត​ផ្ដួចផ្ដើម​ដែល​មាន​ការ​សហការ​គ្នា​រវាង​សមាគម​ខ្មែរ​ប្រចាំ​រដ្ឋ North Carolina រួម​ទាំង​លោក ម៉ៃឃើល អាល់ហ្វារ៉ូ ផង​នោះ បាន​ឯកភាព​គ្នា​ដាក់​បញ្ចូល​ទៅ​ក្នុង​អង្គការ GoFunMe ដែល​ជា​គណនី​រួម ដូច្នេះ​ថវិកា​ទាំងនេះ​មិន​អាច​ដក​យក​មក​ប្រើ​ក្នុង​គោលដៅ​ផ្សេង​ក្រៅពី​ការ​សាងសង់​សាលារៀន​នៅ​តំបន់​ព្រំដែន​បាន​ឡើយ។

ប្រធាន​សមាគម​ខ្មែរ​ប្រចាំ​រដ្ឋ North Carolina រូប​នេះ​បញ្ជាក់​ថា ដោយសារតែ​បញ្ហា​នេះ ទើប​លោក ម៉ៃឃើល អាល់ហ្វារ៉ូ ចោទ​សមាគម​ខ្មែរ​ប្រចាំ​រដ្ឋ North Carolina ថា​គ្មាន​តម្លាភាព ហើយ​ក៏​ជា​ដើមចម​ដែល​នាំ​ឱ្យ​លោក សាងលី សារ៉ាក់ មាន​ទំនាស់​ខ្វែងគំនិត​គ្នា​ជាមួយ​លោក ម៉ៃឃើល អាល់ហ្វារ៉ូ ក្នុង​ពេលនេះ។

សារព័ត៌មាន The Cambodia Daily មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​លោក សាងលី សារ៉ាក់ និង​លោក ម៉ៃឃើល អាល់ហ្វារ៉ូ ជុំវិញ​រឿង​នេះ​បាន​នៅឡើយ​ទេ​រហូត​ដល់​ម៉ោង​ផ្សាយ​នេះ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស