ក្រសួងការបរទេសសហរដ្ឋអាមេរិក ប្រកាសថាក្រុម Cartel of the suns ដែលអាមេរិកអះអាងថាជាអង្គការភេរវកម្មគ្រឿងញៀននោះ គឺគ្រប់គ្រងដោយប្រធានាធិបតីវេណេហ្ស៊ុយអេឡា នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro)។
ក្រសួងការបរទេសអាមេរិក ប្រកាសទៀតថា ឈ្មោះ Nicolás Maduro ត្រូវបានដាក់ក្នុងបញ្ជីជាអង្គការភេរវករបរទេស FTO ដែលបង្កគ្រោះថ្នាក់ដល់សហរដ្ឋអាមេរិក។ នេះបើតាមបណ្ដាញផ្សាយព័ត៌មាន BBC ចុះផ្សាយកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។
ក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក លោករដ្ឋមន្ត្រីការបរទេស Marco Rubio បានបញ្ជាក់ថា រដ្ឋការទីក្រុងវ៉ាស៊ីនតោន បានចាត់ទុកក្រុមនេះជាអង្គការភេរវករបរទេស FTO ហើយចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះតទៅ លោក ម៉ាឌូរ៉ូ និងក្រុម Cartel of the suns ត្រូវតែកម្ទេច។
ការចាត់ថ្នាក់នេះនឹងបន្ថែមសម្ពាធនយោបាយ និងសេដ្ឋកិច្ចទៅលើរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ដែលអាមេរិកបានអនុវត្តច្រើនឆ្នាំកន្លងមកហើយ តែនៅពេលនេះ អាមេរិកត្រូវបង្កើនឥទ្ធិពលថ្មីៗទៀតទៅលើរបបលោក ម៉ាឌូរ៉ូ នៅវេណេហ្ស៊ុយអេឡា។ សំណុំរឿងនេះវាមានន័យថា លោក ម៉ាឌូរ៉ូ នឹងត្រូវបានចាត់ទុកថាជាភេរវករបរទេសដ៏គ្រោះថ្នាក់ដល់សង្គមអាមេរិក ទើបសេតវិមានចោទថាលោក ម៉ាឌូរ៉ូ ជាមេខ្លោងនៃក្រុមភេរវករជួញដូរគ្រឿងញៀន Cartel of the suns។
តែបែបនេះក្ដី លោក ម៉ាឌូរ៉ូ បានបដិសេធដាច់ខាត ដោយចាត់ទុកសហរដ្ឋអាមេរិកលាបពណ៌លើរូបលោកដូចនេះក្នុងគោលបំណងទម្លាក់របបរបស់លោក។
យ៉ាងណា ទាំងអស់នេះត្រូវបានចាត់ទុកថាជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋការលោក ដូណាល់ ត្រាំ ក្នុងការកាត់បន្ថយការជួញដូរគ្រឿងញៀន និងបង្កើនសម្ពាធលើលោក ម៉ាឌូរ៉ូ ខណៈដែលទីក្រុងវ៉ាស៊ីនតោន កំពុងពិចារណានូវការអនុវត្តវិធានការយោធានៅវេណេហ្ស៊ុយអេឡា ក្នុងកម្រិតណាមួយដែលចាំបាច់។
ការចាត់ទុកជាអង្គការភេរវករបរទេស FTO នឹងអនុញ្ញាតឱ្យសហរដ្ឋអាមេរិកអនុវត្តវិធានការច្បាប់យ៉ាងតឹងរ៉ឹងប្រឆាំងនឹងក្រុមអង្គការនេះ និងបណ្ដាញជួញដូរគ្រឿងញៀនរបស់លោក ម៉ាឌូរ៉ូ ហើយថាការផ្តល់ការគាំទ្រណាមួយដល់ក្រុមភេរករជួញដូរគ្រឿងញៀននៅវេណេហ្ស៊ុយអេឡា ត្រូវបានចាត់ទុកយ៉ាងច្បាស់ថាជាបទល្មើសប្រឆាំងនឹងច្បាប់សហរដ្ឋអាមេរិក។
ជាមួយគ្នានេះ ក្រសួងរតនាគារអាមេរិក ក៏បានដាក់ទណ្ឌកម្មលើក្រុម Cartel of the suns រួចមកហើយ ប៉ុន្តែការចាត់ថ្នាក់ក្រុម FTO ថ្មីនេះ គឺជាវិធានការដែលបន្ថែមអំណាចទៅឱ្យរដ្ឋការលោក ត្រាំ កាន់តែមានសិទ្ធិតាមច្បាប់បើកទ្វារសង្គ្រាមគ្រឿងញៀនកាន់តែធំទៅលើរបបលោក ម៉ាឌូរ៉ូ។
Cartel de los Soles ឬ Cartel of the suns គឺជាពាក្យដែលអាមេរិក ប្រើសម្រាប់សម្គាល់បណ្ដាញឧក្រិដ្ឋជនដែលត្រូវបានចោទថាពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនតំបន់អាមេរិកខាងត្បូង អាមេរិកឡាទីន និងអាមេរិកកណ្ដាល។
ទីក្រុងវ៉ាស៊ីនតោន អះអាងថា ក្រុម Cartel of the suns នេះដឹកនាំដោយប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក ម៉ាឌូរ៉ូ រួមមានអ្នកនៅក្នុងរង្វង់អំណាចរបស់លោក ម៉ាឌូរ៉ូ។
ការដាក់គោលដៅលើលោក ម៉ាឌូរ៉ូ ជាមេខ្លោងជួញដូរគ្រឿងញៀន និងមេខ្លោងអង្គការភេរវករបរទេស FTO ត្រូវបានមើលឃើញថាជាមធ្យោបាយមួយដែលសហរដ្ឋអាមេរិកនៃរដ្ឋការលោក ត្រាំ បង្ហាញអំពីភាពត្រឹមត្រូវនៃការកំណត់គោលដៅវាយប្រហារលើលោក ម៉ាឌូរ៉ូ ឬអ្នកជិតស្និទ្ធនឹងលោកផ្ទាល់ ដែលជាផ្នែកមួយនៃសង្គ្រាមគ្រឿងញៀនរបស់លោក ត្រាំ ត្រូវកម្ចាត់លោក ម៉ាឌូរ៉ូ ឱ្យធ្លាក់ពីអំណាចជាប្រធានាធិបតីវេណេហ្ស៊ុយអេឡា។
សហរដ្ឋអាមេរិក តាំងពីរដ្ឋការលោក បារ៉ាក់ អូបាម៉ា និងរដ្ឋការលោក ចូ បៃដិន មិនដែលទទួលស្គាល់ជនផ្ដាច់ការម្នាក់នេះជាមេដឹកនាំស្របច្បាប់តំណាងប្រជាជនវេណេហ្ស៊ុយអេឡា ជិត ២៩លាននាក់នោះទេ។ ឥឡូវនេះ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក ក៏បានចេញដីកាចាប់ខ្លួនលោក ម៉ាឌូរ៉ូ រួចទៅហើយ ដោយបន្ថែមតម្លៃខ្លួនបុរសខ្លាំងវេណេហ្ស៊ុយអេឡា រូបនេះដល់ទៅ ៥០លានដុល្លារ ឱ្យទៅក្រុមណាដែលផ្ដល់ព័ត៌មានឈានដល់ការចាប់ខ្លួនលោក ម៉ាឌូរ៉ូ ទៅកាត់ទោសលើទឹកដីអាមេរិក។
ការរំពឹងថាកងទ័ពសហរដ្ឋអាមេរិក អាចវាយប្រហារគោលដៅលើទឹកដីនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា កំពុងកើនឡើងខ្លាំង ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋការលោក ត្រាំ ដាក់សម្ពាធលើលោក ម៉ាឌូរ៉ូ ជាការចាប់បង្ខំឱ្យបុរសខ្លាំងម្នាក់នេះរត់ចោលប្រទេស ឬចុះចេញពីអំណាចប្រធានាធិបតីវេណេហ្ស៊ុយអេឡា។
កាលពីខែតុលា លោក ម៉ាឌូរ៉ូ បានចោទអាមេរិកថា “បង្កើតសង្គ្រាមថ្មី” បន្ទាប់ពីមហាអំណាចមួយនេះបានបញ្ជាឱ្យនាវាផ្ទុកយន្តហោះ USS Gerald Ford ដែលអមដោយនាវាពិឃាត ៨គ្រឿង និងយន្តហោះចម្បាំង ៧០គ្រឿង ដាក់ពង្រាយនៅតំបន់សមុទ្រការីបៀន ទល់មុខនឹងឆ្នេរសមុទ្រវេណេហ្ស៊ុយអេឡា។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយថា លោកមានគំនិតរបស់ខ្លួនផ្ទាល់អំពីអ្វីដែលត្រូវធ្វើ ប៉ុន្តែមិនទាន់ប្រកាសសម្រេចចិត្តផ្លូវការនៅពេលនេះទេ។ លោកបានប្រាប់អ្នកសារព័ត៌មានថា លោកបានស្នើឱ្យរដ្ឋមន្ត្រីការបរទេស Marco Rubio ពិភាក្សាអំពីស្ថានភាពនេះជាមួយសភា។ ប៉ុន្តែលោកថាមិនចាំបាច់សុំសភាផ្ដល់ភ្លើងខៀវឱ្យលោកក្នុងការធ្វើសេចក្ដីសម្រេចលើកទ័ពទៅវេណេហ្ស៊ុយអេឡា នោះទេ ព្រោះសំណុំរឿងនេះជាបុព្វសិទ្ធិរបស់ប្រធានាធិបតី។
សហរដ្ឋអាមេរិក ក៏បានរិះគន់ប្រទេសវេណេហ្ស៊ុយអេឡា ថាមិនមានវិធីសាស្ត្រគ្រប់គ្រាន់ក្នុងការដោះស្រាយសកម្មភាពនៃក្រុមជួញដូរគ្រឿងញៀនដែលលោក ត្រាំ និយាយថាក្រុមគ្រឿងញៀន Cartel of the suns បានបង្ហូរគ្រឿងញៀន fentanyl រាប់រយតោនចូលទៅសហរដ្ឋអាមេរិក។
ចាប់តាំងពីខែកញ្ញា សហរដ្ឋអាមេរិក បានបើកការវាយប្រហារតាមផ្លូវអាកាសលើកាណូតនៅឆ្នេរសមុទ្រវេណេហ្ស៊ុយអេឡា និងកូឡុំប៊ី ជាបន្តបន្ទាប់ ហើយយ៉ាងតិចណាស់ ២១លើកវាយទៅលើកាណូតដែលសង្ស័យថាដឹកសារធាតុញៀនចេញពីប្រទេសវេណេហ្ស៊ុយអេឡា និងកូឡុំប៊ី ដោយសម្លាប់មនុស្ស ៨៣នាក់។
រដ្ឋការលោក ត្រាំ ចាត់ទុកមនុស្សទាំងនោះជាក្រុមភេរវករគ្រឿងញៀនរបស់លោក ម៉ាឌូរ៉ូ ដែលត្រូវតែកម្ទេច៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

