ប្រធានាធិបតីប្រទេសអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី បាននិយាយថា លោកនឹងស្វែងរកការពិតអំពីគោលបំណងរបស់លោក ដូណាល់ ត្រាំ និងរដ្ឋការរបស់លោក ដែលបានផ្ដួចផ្ដើមផែនការសន្តិភាពថ្មីមាន ២៨ចំណុច ក្នុងនោះមានការបង្ខំឱ្យអ៊ុយក្រែន ធ្វើសម្បទានទឹកដី និងកាត់បន្ថយកម្លាំងទ័ព បញ្ឈប់ការចង់ក្លាយជាសមាជិកណាតូ។
តាមសារព័ត៌មាន RBC Ukraine លោក ហ្សេឡេនស្គី ចង់ជួបលោក ត្រាំ ជាថ្មីម្ដងទៀតជុំវិញផែនការសន្តិភាពដែលក្រុមប្រទេសអឺរ៉ុប ប្រកាសមិនអាចទទួលយកបាន។
បន្ទាប់ពីបានជួបពិភាក្សាជាមួយមន្ត្រីយោធាអាមេរិកាំងជាន់ខ្ពស់កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា លោក ហ្សេឡេនស្គី បានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយសហរដ្ឋអាមេរិកលើផែនការសន្តិភាពថ្មីមួយ ក្នុងការបិទបញ្ចប់សង្គ្រាមនៅប្រទេសអ៊ុយក្រែន ប៉ុន្តែគេថាក្រុងគៀវ ស្វែងរករូបមន្តមួយដោយមិនសម្របខ្លួនតាមការគាបសង្កត់ពីរដ្ឋការលោក ត្រាំ និងតាមការចង់បានរបស់ទីក្រុងមូស្គូ នោះទេ។
នៅក្រោមផែនការសន្តិភាពថ្មីមួយគាំទ្រដោយសហរដ្ឋអាមេរិក ទីក្រុងគៀវ នឹងត្រូវតម្រូវឱ្យបោះបង់ចោលតំបន់ដុនបាស់ ទាំងមូលទៅឱ្យរុស្ស៊ី ហើយថែមទាំងកាត់បន្ថយចំនួនកងទ័ពរបស់ខ្លួនទៀតផង ដែលលក្ខខណ្ឌទាំងនេះត្រូវបានសម្ពន្ធមិត្តអឺរ៉ុបគាំទ្រអ៊ុយក្រែន ចាត់ទុកថារដ្ឋការលោក ត្រាំ បង្ខំឱ្យអ៊ុយក្រែន សុំចុះចាញ់សង្គ្រាមឈ្លានពានពីរុស្ស៊ី។
ផែនការថ្មីរបស់លោក ត្រាំ ដែលត្រូវបានបញ្ចេញជាសាធារណៈហើយនេះ បានបញ្ជាក់ថា អ៊ុយក្រែន នឹងត្រូវកាត់បន្ថយកងទ័ពឱ្យមកនៅត្រឹម ៦០០០០០នាក់ ជាថ្នូរទៅនឹងការទទួលបានការធានាសន្តិសុខដ៏រឹងមាំមួយ។ មិនតែប៉ុណ្ណោះ អ៊ុយក្រែន ត្រូវទទួលស្គាល់ថាជ្រោយដែនដី Crimea, តំបន់ Luhansk និង Donetsk ដែលខេត្តពីរនេះចំណុះឱ្យតំបន់ដុនបាស ជាទឹកដីរុស្ស៊ី។ ចំពោះកងទ័ពអ៊ុយក្រែន នឹងត្រូវដកថយចេញពីផ្នែកសេសសល់ដែលខ្លួនកំពុងគ្រប់គ្រងក្នុងតំបន់ Donetsk។
ការិយាល័យរបស់លោក ហ្សេឡេនស្គី ទទួលបានសេចក្ដីព្រាងនៃផែនការសន្តិភាពថ្មីរួចហើយតាមរយៈលេខាធិការកងទ័ពសហរដ្ឋអាមេរិក លោក Daniel Driscoll ដែលធ្វើដំណើរទៅកាន់ទីក្រុងគៀវ ថ្ងៃទី២០ វិច្ឆិកា។
តែការិយាល័យប្រធានាធិបតីអ៊ុយក្រែន បញ្ជាក់ថា អ៊ុយក្រែន និងអាមេរិក នឹងធ្វើការជាមួយគ្នាលើផែនការថ្មីនេះឱ្យបានស៊ីជម្រៅសិន។
លោក ហ្សេឡេនស្គី បានបញ្ជាក់បន្ថែមនៅលើបណ្ដាញ Telegram របស់លោកថា៖ ក្រុមការងារអ៊ុយក្រែន និងសហរដ្ឋអាមេរិក ត្រូវសិក្សាចំណុចមួយម្ដងៗនៅក្នុងផែនការសន្តិភាពនេះដើម្បីបិទបញ្ចប់សង្គ្រាម ហើយថាក្រុងគៀវ ត្រៀមខ្លួនជាស្រេចប្រកបដោយលក្ខណៈស្ថាបនា និងស្មោះត្រង់។
យ៉ាងណាមិញ រដ្ឋការលោក ត្រាំ បាននិយាយថា ផែនការសន្តិភាពថ្មីនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលកំពុងចរចាជាមួយរុស្ស៊ី និងអ៊ុយក្រែន គឺល្អសម្រាប់ភាគីទាំងសងខាង ប៉ុន្តែសេតវិមានច្រានចោលការព្រួយបារម្ភថាផែនការនេះផ្ដល់ផលប្រយោជន៍ទៅខាងរុស្ស៊ី។
អ្នកនាំពាក្យសេតវិមាន អ្នកស្រី Karoline Leavitt បានទទួលស្គាល់ថា បេសកជនពិសេសរបស់លោក ដូណាល់ ត្រាំ លោក Steve Witkoff និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានធ្វើការជាសម្ងាត់ជាមួយភាគីរុស្ស៊ី ក្នុងការប្រឹក្សាគ្នាអំពីផែនការសន្តិភាពថ្មីដើម្បីបិទបញ្ចប់សង្គ្រាមអ៊ុយក្រែន អស់ជាច្រើនខែមកហើយ។
តែបើតាមសារព័ត៌មានអាមេរិក Politico សហភាពអឺរ៉ុបមិនពេញចិត្តទេ ព្រោះតែផែនការសន្តិភាពថ្មីរបស់លោក ត្រាំ កំពុងក្បត់នឹងបុព្វហេតុរបស់ប្រជាជនអ៊ុយក្រែន ដែលបានពលីជីវិតរាប់ម៉ឺននាក់ដើម្បីទឹកដីរបស់ខ្លួន។
មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុប ដូចជាលោករដ្ឋមន្ត្រីការបរទេសបារាំង Jean-Noël Barrot លើកឡើងថា ប្រជាជនអ៊ុយក្រែន ពិតណាស់ចង់បានសន្តិភាព តែពិតណាស់ពួកគេទាមទារថាសន្តិភាពត្រូវដើរទន្ទឹមគ្នានឹងយុត្តិធម៌ គឺត្រូវតែគោរពអធិបតេយ្យជាតិ បូរណភាពដែនដីអ៊ុយក្រែន។
នៅក្នុងជំនួបថ្នាក់រដ្ឋមន្ត្រីការបរទេសអឺរ៉ុប នៅទីក្រុង Brussels ប្រទេសបែលហ្សិក ឃើញថាក្រុមរដ្ឋមន្ត្រីអឺរ៉ុបភាគច្រើនបំផុតថ្លែងជំទាស់នឹងផែនការសន្តិភាពថ្មីរបស់លោក ដូណាល់ ត្រាំ ដែលចង់បញ្ចប់សង្គ្រាមនៅអ៊ុយក្រែន តែបង្ខំអ៊ុយក្រែន ចុះចាញ់សង្គ្រាម កាត់ទឹកដីតម្រឹមយុត្តិធម៌ជាថ្នូរដូរនឹងសន្តិភាពរបស់អ្នកឈ្លានពាន គឺជាគំរូអាក្រក់ដល់ប្រទេសដទៃទៀត។
ដូចគ្នានេះ ក្រុមរដ្ឋមន្ត្រីអឺរ៉ុប បានបញ្ជាក់ច្បាស់ថា សម្រាប់អឺរ៉ុបមិនអាចបង្ខំអ៊ុយក្រែន ទទួលយកសន្តិភាពកាត់ទឹកដីឱ្យអ្នកឈ្លានពាននោះទេ។ អឺរ៉ុបនៅតែទាមទារឱ្យរុស្ស៊ី ទទួលស្គាល់ថាក្រុងមូស្គូ មានកំហុសធ្ងន់ធ្ងរណាស់ដែលបង្កវិនាសកម្មឈ្លានពានរដ្ឋអធិបតេយ្យ និងឯករាជភាពប្រទេសមួយនៅក្រោមឆត្ររបស់អង្គការសហប្រជាជាតិដូចនឹងរុស្ស៊ី ដែរនោះ។
ក្រុមរដ្ឋមន្ត្រីអឺរ៉ុបទទូចថា សហរដ្ឋអាមេរិក គួរប្រើយុទ្ធសាស្ត្ររុញលោក ពូទីន ឱ្យសារភាពចំពោះការឈ្លានពានរបស់រុស្ស៊ី បង្កវិនាសកម្មយ៉ាងធ្ងន់ធ្ងរទៅលើប្រជាជនអ៊ុយក្រែន។ ប្រមុខការទូតអឺរ៉ុបខ្លះសោកស្ដាយណាស់ដែលប្រធានាធិបតី វូឡូឌីមៀ ហ្សេឡេនស្គី កំពុងពុះពារបោសសម្អាតផ្ទៃក្នុងសំណុំរឿងពុករលួយ បែរជាមានផែនការសន្តិភាពមួយបំបាក់ស្មារតីមេដឹកនាំដែលក្លាហានប្រឆាំងនឹងសង្គ្រាមឈ្លានពានរបស់មហាអំណាចមួយនេះទៅវិញ។
តែចំពោះលោករដ្ឋមន្ត្រីការបទេសប៉ូឡូញ Radosław Sikorski មានជំនឿថា អ៊ុយក្រែនមានលទ្ធភាពបន្តធ្វើសង្គ្រាមប្រឆាំងនឹងរុស្ស៊ី ៣ឆ្នាំទៅមុខទៀត ដែលលោកថាធនធានប្រយុទ្ធរបស់រុស្ស៊ី សឹងតែអស់ជាមួយនឹងសេដ្ឋកិច្ចរុស្ស៊ី អាចនឹងក្រឡាប់ វិមានក្រឹមឡាំង និងលោក ពូទីន ច្បាស់ជានឹងទទួលស្គាល់កំហុសរបស់ខ្លួន៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

