ប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រធានាធិបតីវេណេហ្ស៊ុយអេឡា ម៉ាឌូរ៉ូ ដែលលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងរដ្ឋការរបស់លោក ដាក់ផែនការតាមចាប់ខ្លួនពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋកម្មគ្រឿងញៀន បានស្រែកប្រាប់ពិភពលោកថា លោកនៅតែប្រយុទ្ធរហូតដល់ដំណាក់កាលចុងក្រោយ ដើម្បីការពារអធិបតេយ្យភាពនៃប្រទេសរបស់លោក។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា ពេលវេលានៃការលើកទ័ពចូលទៅវេណេហ្ស៊ុយអេឡា គឺជាជម្រើសចុងក្រោយក្នុងដៃរបស់លោក។
លោក ត្រាំ ប្រាប់ថា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) បើមិនរត់ចោលប្រទេសទេ អាមេរិកនឹងលើកទ័ពបញ្ចប់អំណាចរបបផ្ដាច់ការរបស់លោក ព្រោះជារបបឧក្រិដ្ឋកម្មគ្រឿងញៀន។ តែយ៉ាងណា បុរសខ្លាំងវេណេហ្ស៊ុយអេឡា ចុងក្រោយនេះប្រកាសថាលោកមិនបានចុះចាញ់ការគំរាមកំហែងរបស់លោក ត្រាំ នោះទេ។
ជាក់ស្ដែង លោក ម៉ាឌូរ៉ូ បានព្រមានថា លោកនឹងប្រឆាំងរាល់ការប៉ុនប៉ងណាមួយរបស់សហរដ្ឋអាមេរិក ដែលចង់ផ្តួលរំលំរដ្ឋាភិបាលរបស់លោក ហើយក៏បានផ្ញើសារប្រាប់ទៅកាន់អ្នកគាំទ្រលោកថា បរាជ័យមិនមែនជាជម្រើសរបស់ពួកយើងនោះទេ។
បុរសខ្លាំងវ័យ ៦៣ឆ្នាំរូបនេះ បានថ្លែងដូចនេះក្នុងឯកសណ្ឋានជាទាហានដោយក្នុងដៃកាន់ដាវមួយដើម។ លោក ម៉ាឌូរ៉ូ បានប្រកាសយ៉ាងម៉ឺងម៉ាត់ថា លោកត្រៀមខ្លួនរួចរាល់ហើយដើម្បីការពារទឹកដីពីគ្រោះថ្នាក់ ឬការឈ្លានពានរបស់ចក្រពត្តិនិយម ដែលមិនថាមកពីទីណានោះឡើយ។
ចាប់តាំងពីខែកញ្ញា មក សហរដ្ឋអាមេរិកបានបន្តប្រតិបត្តិការវាយប្រហារលើកាណូតដែលសង្ស័យថាបានដឹកជញ្ជូនគ្រឿងញៀនចេញពីវេណេហ្ស៊ុយអេឡា សំដៅទៅកាន់សហរដ្ឋអាមេរិក ដែលបណ្ដាលឱ្យមនុស្សយ៉ាងតិច ៨៣នាក់បានបាត់បង់ជីវិត។ ប្រតិបត្តិការរបស់កងកម្លាំងសហរដ្ឋអាមេរិកនេះ ត្រូវបានរដ្ឋាភិបាលរបស់លោក ម៉ាឌូរ៉ូ និងលោក ម៉ាឌូរ៉ូ ផ្ទាល់ថាជាសកម្មភាពរំលោភបំពានលើអធិបតេយ្យភាពវេណេហ្ស៊ុយអេឡា យ៉ាងច្បាស់។
របាយការណ៍ជាច្រើនបានបង្ហាញថា សហរដ្ឋអាមេរិកកំពុងរៀបចំសកម្មភាពថ្មីបន្ថែមទៀតក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅតំបន់សមុទ្រការីបៀន ជាពិសេសគឺទៅលើប្រទេសវេណេហ្ស៊ុយអេឡា ក្នុងពេលឆាប់ៗនេះ។
លោក ម៉ាឌូរ៉ូ និងមន្ត្រីជាន់ខ្ពស់របស់លោក ត្រូវបានចោទប្រកាន់ជាថ្មីម្ដងទៀតអំពីការរំលោភសិទ្ធិមនុស្ស ការសម្លាប់ និងចាប់ខ្លួនគូប្រកួតនយោបាយ។
កាលពីដើមសប្តាហ៍នេះ សហរដ្ឋអាមេរិកបានដាក់ក្រុម Cartel de los Soles ឬ Cartel of the Sunsនៃប្រទេសវេណេហ្ស៊ុយអេឡា ជាអង្គការភេរវករអន្តរជាតិ ពាក់ព័ន្ធនឹងការរត់ពន្ធគ្រឿងញៀនខុសច្បាប់ទៅកាន់សហរដ្ឋអាមេរិក។ រដ្ឋការលោក ត្រាំ បានអះអាងថាលោក ម៉ាឌូរ៉ូ គឺជាឧក្រិដ្ឋជនគ្រឿងញៀននេះ ប៉ុន្តែមន្ត្រីវេណេហ្ស៊ុយអេឡា បានច្រានចោលការចោទប្រកាន់នេះ ហើយថាវាជាការបង្កើតរឿងដ៏គួរឲ្យអស់សំណើចដែលមិនមានមូលដ្ឋានច្បាស់លាស់។
នៅពេលធ្វើដំណើរលើយន្តហោះ Air Force One ទៅរដ្ឋផ្លរីដា ដើម្បីចូលរួមពិធី Thanksgiving លោកប្រធានាធិបតី ត្រាំ ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានថា លោកប្រហែលជាចង់ពិភាក្សាជាមួយលោក ម៉ាឌូរ៉ូ ហើយប្រសិនបើលោកអាចជួយសង្គ្រោះជីវិតអ្នកណាមួយបាន ឬអាចដោះស្រាយបញ្ហាដោយវិធីងាយៗបាន នោះវាគឺជារឿងល្អ តែបើត្រូវមានវិធានការក្ដៅប្រឆាំងបណ្ដាញឧក្រិដ្ឋកម្មគ្រឿងញៀន។
លោក Carlos Diaz Rosillo អតីតជំនួយការរដ្ឋមន្ត្រីការពារជាតិអាមេរិក ក្នុងរដ្ឋការលោក ត្រាំ នៅអាណត្តិទី១ បាននិយាយថា លោកមិនជឿថាអាមេរិកនឹងធ្វើសង្គ្រាមជាមួយវេណេហ្ស៊ុយអេឡា នោះទេ។
លោកថាអ្វីដែលមើលឃើញនេះ គឺជាយុទ្ធសាស្ត្រដាក់សម្ពាធលើរបបលោក ម៉ាឌូរ៉ូ តែប៉ុណ្ណោះ ហើយប្រសិនបើមានការផ្លាស់ប្ដូរណាមួយ វាត្រូវតែផ្ទុះចេញពីផ្ទៃក្នុងកងកម្លាំងយោធាវេណេហ្ស៊ុយអេឡា ផ្ទាល់៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

