ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ចេញឱសានវាទព្រមានលោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ ឱ្យឆាប់រត់ចេញពីប្រទេសវេណេហ្ស៊ុយអេឡា ជាបន្ទាន់ តែលោក ត្រាំ ថាលោក ម៉ាឌូរ៉ូ អាចនាំប្រពន្ធកូនទៅជាមួយក៏បានដែរ។
តាមបណ្ដាញផ្សាយព័ត៌មាន CNN លោក ត្រាំ បានព្រមានលោក ម៉ាឌូរ៉ូ ដូចនេះនៅមុនលោកបញ្ជាឱ្យបិទលម្ហអាកាសប្រទេសវេណេហ្ស៊ុយអេឡា កាលពីថ្ងៃទី២៩ វិច្ឆិកា។ តាមប្រភពដដែលនេះ ការព្រមានរបស់ទីក្រុងវ៉ាស៊ីនតោន បានធ្វើឡើងតាមរយៈវីដេអូខល (Video Call) មួយទៅទីក្រុងការ៉ាកាស នៅមុនតែប៉ុន្មានម៉ោងប៉ុណ្ណោះដែលលោក ត្រាំ បញ្ជាឱ្យបិទលម្ហអាកាសប្រទេសអាមេរិកខាងត្បូងមួយនេះ។
លោកប្រាប់ថា លោក ម៉ាឌូរ៉ូ និងប្រពន្ធរបស់គាត់ គឺលោកស្រី Cilia Flores អាចនាំកូនទៅជាមួយក៏បានដែរ ប៉ុន្តែជនផ្ដាច់ការម្នាក់នេះត្រូវតែចុះចេញពីតំណែង។
ប្រភពមួយបានឱ្យដឹងថា លោក ម៉ាឌូរ៉ូ បានស្នើសុំលើកលែងទោសចំពោះរូបលោក និងមន្ត្រីស្និទ្ធនឹងរូបលោកដែលត្រូវបានចោទថាប្រព្រឹត្តបទឧក្រិដ្ឋ ហើយត្រូវធានាថាការចាកចេញរបស់លោកត្រូវតែមានសុវត្ថិភាព។
បើតាមសារព័ត៌មាន Miami Herald ថារដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ព្យាយាមលើកទូរសព្ទទៅកាន់សេតវិមានជាច្រើនដង តែគ្មានអ្នកណាលើកឡើយ។
បើតាម The Wall Street Journal លោក ម៉ាឌូរ៉ូ ស្នើលើកលែងទោសពីលោក ត្រាំ ដល់រូបលោក និងមន្ត្រីជាន់ខ្ពស់ជាច្រើនទៀត ដូចជារដ្ឋមន្ត្រីការពារជាតិ Vladimir Padrino រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Diosdado Cabello អនុប្រធានាធិបតីអ្នកស្រី Delcy Rodríguez និងប្រធានរដ្ឋសភា Jorge Rodriguez។ ប៉ុន្តែរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ បានហៅជាការផ្សាយព័ត៌មានមិនពិត។ រដ្ឋាភិបាលលោក ម៉ាឌូរ៉ូ កំពុងតែប្រតិកម្ម និងថ្កោលទោសការព្រមានពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលថាដែនអាកាសនៃប្រទេសវេណេហ្ស៊ុយអេឡា គួរតែចាត់ទុកថាបិទនោះ ដោយហៅការព្រមាននោះថាជាការគំរាមកំហែងបែបពួកអាណានិគមនិយម។
ក្រសួងការបរទេសវេណេហ្ស៊ុយអេឡា បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសការគំរាមកំហែងបែបអាណានិគមនិយមដែលព្យាយាមបង្កផលប៉ះពាល់ចំពោះអធិបតេយ្យនៃដែនអាកាសរបស់ខ្លួន ដោយចាត់ទុកជាទង្វើបំពានជ្រុលហួសហេតុ ខុសច្បាប់ និងមិនសមហេតុផល ប្រឆាំងលើប្រជាជនវេណេហ្ស៊ុយអេឡា។
ក្រសួងការបរទេសវេណេហ្ស៊ុយអេឡា បញ្ជាក់ថា សហរដ្ឋអាមេរិកមិនមានសិទ្ធិបិទដែនអាកាសរបស់ប្រទេសដទៃឡើយ ប៉ុន្តែការបង្ហោះសារព្រមានរបស់លោក ត្រាំ អាចនាំឱ្យមានភាពមិនប្រាកដប្រជាក្នុងការធ្វើដំណើរ ហើយជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍នានាមិនហ៊ានធ្វើប្រតិបត្តិការនៅលើដែនអាកាសវេណេហ្ស៊ុយអេឡា គឺជាការបំពានច្បាប់អន្តរជាតិ។
រដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងបង្កើនសម្ពាធជាខ្លាំងលើប្រទេសអាមេរិកខាងត្បូងមួយនេះ ដោយពង្រឹងវត្តមានយោធា និងសព្វាវុធទ្រង់ទ្រាយធំនៅតំបន់ការីបៀន (Caribbean)។
សេតវិមាន បានអះអាងថា ការដាក់ពង្រាយកម្លាំងយោធានេះ ដើម្បីបង្ក្រាបបទល្មើសរត់ពន្ធគ្រឿងញៀន។
ចាប់តាំងពីខែកញ្ញា មក សហរដ្ឋអាមេរិកបានបន្តប្រតិបត្តិការវាយប្រហារលើកាណូតដែលសង្ស័យថាបានដឹកជញ្ជូនគ្រឿងញៀនចេញពីវេណេហ្ស៊ុយអេឡា សំដៅទៅកាន់សហរដ្ឋអាមេរិក ដែលបណ្ដាលឱ្យមនុស្សយ៉ាងតិច ៨៣នាក់បានបាត់បង់ជីវិត។
លោក នីកូឡាស ម៉ាឌូរ៉ូ ត្រូវបានសេតវិមានចោទជាមេខ្លោងអង្គការភេរវកម្មបរទេស។ សហរដ្ឋអាមេរិកបានដាក់ក្រុម Cartel de los Soles ឬ Cartel of the Suns នៃប្រទេសវេណេហ្ស៊ុយអេឡា ជាអង្គការភេរវករអន្តរជាតិ ពាក់ព័ន្ធនឹងការរត់ពន្ធគ្រឿងញៀនខុសច្បាប់ទៅកាន់សហរដ្ឋអាមេរិក។ រដ្ឋការលោក ត្រាំ បានអះអាងថា លោក ម៉ាឌូរ៉ូ គឺជាឧក្រិដ្ឋជនគ្រឿងញៀន ប៉ុន្តែមន្ត្រីវេណេហ្ស៊ុយអេឡា បានច្រានចោលការចោទប្រកាន់នេះ ហើយថាវាជាការបង្កើតរឿងដ៏គួរឲ្យអស់សំណើចដែលមិនមានមូលដ្ឋានច្បាស់លាស់។
ទោះជាយ៉ាងណាក្ដី ប្រជាជនវេណេហ្ស៊ុយអេឡា រាប់លាននាក់ កំពុងរង់ចាំកងទ័ពអាមេរិកមករំដោះប្រទេសចេញពីរបបផ្ដាច់ការពុករលួយរបស់លោក ម៉ាឌូរ៉ូ។ ប្រធានបក្សប្រឆាំងដ៏មានឥទ្ធិពល អ្នកស្រី María Corina Machado បានទទូចឱ្យប្រជាជន និងកងទ័ពវេណេហ្ស៊ុយអេឡា រង់ចាំកងទ័ពអាមេរិក ដែលអ្នកស្រីថាប្រទេសវេណេហ្ស៊ុយអេឡា នឹងមានរបបប្រជាធិបតេយ្យឡើងវិញ។
តាមកាសែតភាសាឡាទីន អែល ប៉ាអីស (El Pais) ថ្ងៃទី១៣ ខែមីនា និងសារព័ត៌មានអាមេរិកាំង The American Conservative និងផ្សាយកាលពីថ្ងៃទី១៥ ខែតុលា ក្នុងឆ្នាំ២០២៥ នេះ អ្នកស្រីមេបក្សប្រឆាំង María Corina Machado បានធ្វើសហប្រតិបត្តិការជាសម្ងាត់ជាមួយក្រុមអភិរក្សនិយមអាមេរិកាំងក្នុងរយៈពេល ១៥ឆ្នាំកន្លងទៅ ដើម្បីផ្តួលរំលំរបបក្រុងការ៉ាកាស ពីលោក ហ៊ូហ្គោ ឆាវ៉េស ដល់លោក នីកូឡាស ម៉ាឌូរ៉ូ ដោយសន្យាថានឹងធ្វើឯកជនូបនីយកម្មប្រេងកាតដល់ក្រុមហ៊ុនពហុសាស្ត្របូមប្រេងបរទេស ជាពិសេសក្រុមហ៊ុនប្រេងកាត ExxonMobil ដែលក្តីក្ដាំជាមួយរដ្ឋាភិបាលលោក ហ៊ូហ្គោ ឆាវ៉េស នៅឆ្នាំ២០១៤ ម្តងឱ្យក្រុងការ៉ាកាស សងក្រុមហ៊ុន ExxonMobil ១៦០០លានដុល្លារ ម្តងឱ្យសង ៧៧លានដុល្លារសហរដ្ឋអាមេរិក។
លោក ម៉ាឌូរ៉ូ បានព្រមានថា លោកនឹងប្រឆាំងរាល់ការប៉ុនប៉ងណាមួយរបស់សហរដ្ឋអាមេរិក ដែលចង់ផ្តួលរំលំរដ្ឋាភិបាលរបស់លោក ហើយក៏បានផ្ញើសារប្រាប់ទៅកាន់អ្នកគាំទ្រលោកថា បរាជ័យមិនមែនជាជម្រើសរបស់ពួកយើងនោះទេ។
បុរសខ្លាំងវ័យ ៦៣ឆ្នាំរូបនេះ បានថ្លែងដូចនេះក្នុងឯកសណ្ឋានជាទាហានដោយក្នុងដៃកាន់ដាវមួយដើម។ លោក ម៉ាឌូរ៉ូ បានប្រកាសយ៉ាងម៉ឺងម៉ាត់ថា លោកត្រៀមខ្លួនរួចរាល់ហើយដើម្បីការពារទឹកដីពីគ្រោះថ្នាក់ ឬការឈ្លានពានរបស់ចក្រពត្តិនិយម ដែលមិនថាមកពីទីណានោះឡើយ។ នៅឆ្នាំ២០០២ ក្នុងអាណត្តិប្រធានាធិបតីសហរដ្ឋអាមេរិក George W. Bush បានព្យាយាមទម្លាក់លោក ហ៊ូហ្គោ ឆាវ៉េស ម្តងដែរ ប៉ុន្តែទទួលបរាជ័យ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

